ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាពទឹកជំនន់ស្ទឹងភ្នំគូលែនបានស្រកបណ្តើរៗ​អស់វិញហើយ

2 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប ៖ លោក អៀង ពិសិដ្ឋ អភិបាលស្រុក​ស្វាយ​លើ បាន​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព​តាម​តេ​ឡេ​ក្រាម កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៥…

ខេត្តសៀមរាប ៖ លោក អៀង ពិសិដ្ឋ អភិបាលស្រុក​ស្វាយ​លើ បាន​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព​តាម​តេ​ឡេ​ក្រាម កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៥ ថា ស្ថានភាព​ទឹក​នៅ​ស្ទឹង​ភ្នំ​គូលែន បាន​ស្រក​បណ្តើរ​ៗ​ហើយ ដែល​នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៥ នៅ​សល់​ទឹកតែ​កន្លែង​លិង្គ ១ ០០០ ដែល​មិន​ទាន់​ស្រក​អស់​នៅឡើយ ។

ការ​ជន់​លិច​នេះ ដោយសារ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជាប់​ៗ​គ្នា​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃ​ទី​១៤ និង​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៥ ទើប​បណ្តាល​ឱ្យ​លិច​ផ្លូវ​បេតុង និង​ដល់​តូប​លក់ដូរ​របស់​បងប្អូន​អាជីវក​រលើ​ខ្នងភ្នំ​គូលែន និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផលដំណាំ ព្រមទាំង​ផ្ទះសម្បែង​របស់​បងប្អូន​ប្រជា​ពលរដ្ឋ​ផង​ដែរ ។

លោក​អភិបាលស្រុក​បញ្ជាក់​ថា ពាក់ព័ន្ធ​នឹង​ស្ថានភាព​ទឹក​នៅ​ទី​នេះ គឺ​បាន​ស្រក​ពិតមែន តែ​ទឹក​នៅ​ផ្នែក​អូរ​ខាងលើ​នៅ​មិន​ទាន់​ស្រក​នៅឡើយ​ទេ ព្រោះ​វា​នៅ​ហូរ​ធ្លាក់​មក​ពី​តំបន់​ទឹកធ្លាក់ និង​តំបន់​លិង្គ ១ ០០០ នេះ ។ ដើម្បី​បង្ការ​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ គឺ​ការ​ចុះ​លេង​ទឹក មិន​ទាន់​អនុញ្ញាត​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ចុះ​លេង​ទឹកបាន​នៅឡើយ​ទេ ។

លោក​អភិបាលស្រុក​បន្ថែម​ទៀត​ថា ចំពោះ​កន្លែង​លក់ដូរ ខ្យូ​ស​អង្គុយ​ទទួលទាន​អាហារ​នោះ លោក​បាន​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​លក់ដូរ​ធម្មតា​វិញ​ហើយ ។ ក្រោយ​ពេល​ទឹកជំនន់​ជន់​ចូល​កាលពី​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៥ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៥ ទឹកបាន​ស្រក​មក​កម្រិត​ធម្មតា​វិញ​ហើយ ដោយសារ​ពុំ​មាន​ភ្លៀង​នៅ​ផ្នែក​ខាងលើ ហើយ​មាន​ផល​ប៉ះពាល់​មួយ​ចំនួន​នៅ​តំបន់​បេតិកភណ្ឌ បណ្តាល​ឱ្យ​ច្រោះ​ដី​តាម​មាត់​ស្ទឹង ដែល​ជា​កន្លែង​ភ្ញៀវ​ទស្សនា ធ្វើ​ឱ្យ​ដួល​បាក់​បង្គោល​ដាច់​ខ្សែ ទើប​លោក​ចាត់​ក្រុមការងារ​ភ្នាក់ងារ​អភិរក្ស​តាម​ប្រាសាទ ឱ្យ​រៀបចំ​ឡើង​ឱ្យ​មាន​សោភ័ណ​ភាពល្អ​ប្រសើរ​ឡើង​វិញ នេះ​ត្រង់​ចំណុច​សិវលិង្គ​ធំ​មួយ ។

សូម​បញ្ជាក់​ថា ករណី​ទឹក​លិចលង់​នៅ​លើ​ខ្នងភ្នំ​គូលែន ដែល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជាប់​ៗ​គ្នា គឺ​ស្ថានភាព​បែប​នេះ​រយៈពេល​៣​ទៅ​៥​ឆ្នាំ ទើប​មាន​លិចលង់​ម្តង តែ​ក៏​មិន​មាន​លិច​ខ្លាំង​ដូច​ឆ្នាំ​នេះ​ដែរ ដែល​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​រឿង​ទឹក​ជន់​លិច​លើ​ភ្នំ​គូលែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ