ស្ថាប័នជំនាញជាច្រើនបានជំរុញអោយម្តាយបំបៅកូនដោយទឹកដោះពីព្រោះវាជួយទាំងម្តាយ និងកូនអោយមានសុខភាពល្អ និងឈ្នះលើជំងឺមួយចំនួន ។
ឪពុកម្តាយណាក៏ដូចគ្នា រមែងចង់ឲ្យកូនធំចម្រើនវ័យធំធាត់ជាមួយនឹងសតិបញ្ញាបរិបូរណ៍សុខភាពមាំទាំ ។ ប៉ុន្តែនៅក្នុងករណីកូនខ្លួន មានកាយសម្បទាមិនមាំទាំ សុខភាពមិនសូវល្អ ហើយខួរក្បាលមិនសូវឆ្លាតវ័យ វាអាចមកពីកាលនៅទារកកូនរបស់លោកអ្នក មិនបានទទួលទឹកដោះពីម្តាយបានគ្រប់គ្រាន់ ។
នេះមិនមែនជាការបន្លាចទេ ប៉ុន្តែ គឺជាអំណះអំណាងដែលប្រកាស និងផ្សព្វផ្សាយដោយអង្គការសុខភាពពិភពលោក និងអង្គការយូនីសេហ្វ ហើយក្រសួងសុខាភិបាល ក៏បានចេញសាររំលឹកចំណុចនេះនៅលើបណ្តាញសង្គម កាលពីថ្ងៃទី០៩ ខែកញ្ញាថ្មីៗនេះដែរ ។
តាមការស្រាវជ្រាវបានអះអាងថា ទារកដែលធំធាត់តាមការបំបៅដោះម្តាយជាទូទៅមានសុខភាពល្អ ពីព្រោះទឹកដោះម្តាយមានសារធាតុចិញ្ចឹមគ្រប់ប្រភេទតាមអាយុរបស់ទារក ។ ទឹកដោះវាមានអង្គបដិបក្សដែលជួយការពារជំងឺឆ្លង កាត់បន្ថយហានិភ័យនៃជំងឺផ្តាសាយ ក្អក បញ្ហាពោះវៀន និងជំងឺអាឡែស៊ីផ្សេងៗជាច្រើន ។
ដោយឡែក នៅលើភាពឆ្លាតវ័យវិញការស្រាវជ្រាវដោយស្ថាប័នទាំងពីរបានបង្ហាញថា ទារកដែលបានបំបៅដោះម្តាយពេញលេញ ឬយូរបន្តិចមាន IQ ជាមធ្យមខ្ពស់ជាង និងការអភិវឌ្ឍខាងចិត្ត ប្រព័ន្ធប្រសាទល្អជាងទារកដែលបំបៅដោយទឹកដោះគោ ។
មកដល់ពេលនេះ ទឹកដោះគោសម្រាប់ទារកត្រូវបានផលិតឲ្យមានសារធាតុចិញ្ចឹមប្រហាក់ប្រហែលនឹងទឹកដោះម្តាយ ប៉ុន្តែមិនមានសាធារធាតុអង្គបដិបក្សការពារខ្លួនដូចទឹកដោះម្តាយទេ ។ ដូច្នេះទារកអាចងាយឆ្លងជំងឺ ឬជួបបញ្ហាសុខភាពខ្លះៗ ។ ម្យ៉ាងវិញទៀត រូបមន្តនៃផលិតផលទឹកដោះគោអាចផ្គត់ផ្គង់សារធាតុចិញ្ចឹមគ្រប់គ្រាន់ដល់កុមារ ។ ប៉ុន្តែការស្រាវជ្រាវភាគច្រើនបង្ហាញថា មិនមានអត្ថប្រយោជន៍ផ្នែកការឆ្លាតវ័យស្មើទឹកដោះម្តាយឡើយ ។
ចំណុចមួយទៀតដែលត្រូវដឹង ការអភិវឌ្ឍសុខភាព និងភាពឆ្លាតវ័យរបស់មនុស្ស មិនពឹងផ្អែកតែប្រភពទឹកដោះទេ ។ វាក៏ពាក់ព័ន្ធនឹងកត្តាផ្សេងៗដូចជា របបអាហារបន្ថែមបន្ទាប់ពី៦ខែ, ការថែទាំសុខភាព, ការចិញ្ចឹមផ្នែកអារម្មណ៍ និងបរិយាកាសគ្រួសារផងដែរ ។
ដោយសារតែការបំបៅកូន ដោយទឹកដោះល្អមានសារៈប្រយោជន៍បែបនេះហើយទើបក្រសួងសុខាភិបាលនៅតែបន្តខិតខំជំរុញការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ ចាប់ពីទារកកើតរហូតដល់ទារកមានអាយុ៦ខែ ។
ក្រសួងក៏បានចែករំលែកផងដែរថា ការបំបៅដោះកូនមិនត្រឹមតែល្អសម្រាប់កូននោះទេ សម្រាប់ម្តាយក៏ល្អ និងមានអត្ថប្រយោជន៍ដែរ ពោល គឺធ្វើឲ្យទឹកដោះចេញបានល្អ និងកាត់បន្ថយអត្រាកើតជំងឺមហារីកសុដន និងដៃស្បូន ៕
ចែករំលែកព័តមាននេះ