អត្ថប្រយោជន៍នៃការហាត់ប្រាណពេលល្ងាច
ការហាត់ប្រាណពេលល្ងាច អាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត បើទោះបីជាមនុស្សមួយចំនួនចូលចិត្តហាត់ប្រាណពេលព្រឹកក៏ដោយ ។
១. ជួយឲ្យគេងលក់ស្រួល ការហាត់ប្រាណជួយកាត់បន្ថយភាពតានតឹង និងបង្កើនការផលិតអ័រម៉ូនដែលជួយសម្រួលដល់ការគេង។ សម្រាប់អ្នកដែលតែងមានបញ្ហាគេងមិនលក់ ការហាត់ប្រាណពេលល្ងាចអាចជាដំណោះស្រាយដ៏ល្អមួយ ។ យ៉ាងណាមិញ អ្នកមិនគួរហាត់ប្រាណខ្លាំងពេក មុនពេលចូលគេងភ្លាមៗទេ ព្រោះវាអាចធ្វើឲ្យរាងកាយភ្ញាក់រលឹក ហើយពិបាកគេងទៅវិញ។
២. បង្កើនកម្លាំងសាច់ដុំ តាមការសិក្សាមួយចំនួនបានបង្ហាញថា សីតុណ្ហភាពរាងកាយនៅពេលល្ងាចមានលក្ខណៈសមស្របជាងពេលព្រឹកសម្រាប់ការហាត់ប្រាណខ្លាំងៗ។ នេះអាចជួយបង្កើនសមត្ថភាពរាងកាយ និងសាងសង់សាច់ដុំបានកាន់តែប្រសើរ។ វាក៏ជួយកាត់បន្ថយហានិភ័យនៃការរងរបួសផងដែរ។
៣. ជួយបន្ធូរអារម្មណ៍ ក្រោយពីហត់នឿយជាមួយការងារពេញមួយថ្ងៃ ការហាត់ប្រាណនៅពេលល្ងាច អាចជួយបន្ធូរអារម្មណ៍តានតឹងបានយ៉ាងមានប្រសិទ្ធភាព ។ វាជួយឲ្យអ្នកបំភ្លេចរឿងរ៉ាវតានតឹងនៅការិយាល័យ និងផ្ដល់ឱកាសឲ្យរាងកាយ និងចិត្តបានសម្រាក ។
៤. ផ្ដល់ពេលវេលា និងភាពបត់បែន សម្រាប់អ្នកដែលមិនមានពេលគ្រប់គ្រាន់នៅពេលព្រឹក ការហាត់ប្រាណពេលល្ងាច គឺជាជម្រើសដ៏ល្អមួយ។ វាផ្ដល់ភាពបត់បែនដល់អ្នកក្នុងការជ្រើសរើសពេលវេលា ដូច្នេះអ្នកអាចហាត់ប្រាណបានដោយគ្មានការប្រញាប់ប្រញាល់ ។
ដើម្បីទទួលបានអត្ថប្រយោជន៍ពីការហាត់ប្រាណពេលល្ងាច អ្នកគួរតែធ្វើវាយ៉ាងហោចណាស់ ២ ទៅ ៣ ម៉ោងមុនពេលចូលគេង ដើម្បីឲ្យរាងកាយមានពេលគ្រប់គ្រាន់ដើម្បីសម្រាក។
ចែករំលែកព័តមាននេះ