ទីក្រុងខូផឹនហាហ្គឹន៖ រដ្ឋាភិបាលដាណឺម៉ាកត្រៀមទិញអាវុធដែលអាចមានវង់ប្រតិបត្តិការឆ្ងាយសម្រាប់ការពារខ្លួនផង និងសម្រាប់វាយបកទៅប្រទេសដទៃដែលចង់យាយីមកលើខ្លួន។ ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីដាណឺម៉ាកហាក់ដូចជាបានកាត់បន្ថយថ្លៃចំណាយលើវិស័យការពារជាតិអស់ជាច្រើនឆ្នាំហើយ ហើយទទួលពេលនេះសភាពការណ៍ប្រែប្រួលនៅក្នុងទីតាំងភូមិសាស្ត្ររបស់ខ្លួនដែលមានជាអាទិ៍លោកត្រាំចង់បានកោះហ្គ្រីនលែន និងការទន្ទ្រានទីរបស់ប្រទេសរុស្ស៊ីជាដើម។
ដាណឺម៉ាកចង់រកវិធីទប់ទល់នឹងអ្វីដែលខ្លួនសម្លឹងឃើញថាជាការគំរាមកំហែងពីសំណាក់ប្រទេសរុស្ស៊ីទៅលើទ្វីបអឺរ៉ុប។ ទោះជាយ៉ាងណាក្ដី សម្រាប់ពេលនេះ ហានិភ័យមិនទាន់មានកម្រិតធ្ងន់ធ្ងរ ឬឈានដល់ដំណាក់កាលប្រកាសអាសន្ននៅឡើយទេ។ នេះបើតាមការអះអាងរបស់នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រីមេតេ ហ្វ្រេដេរិចសឹន (Mette Frederiksen)។
នៅឆ្នាំនេះ ដាណឺម៉ាកចាប់ផ្ដើមបង្កើនខ្ទង់ចំណាយលើវិស័យការពារជាតិឡើងវិញដើម្បីបំពេញចំណុចខ្វះខាតមួយចំនួននៅចំពោះមុខនៃការបន្តកើតឡើងនូវសង្គ្រាមអ៊ុយក្រែន។ លោកស្រីហ្វ្រេដេរិចសឹនថ្លែងថាគ្មានអ្វីត្រូវសង្ស័យឡើយ រុស្ស៊ីនឹងក្លាយជាការគំរាមកំហែងសម្រាប់ទ្វីបអឺរ៉ុប។ ដាណឺម៉ាកក៏មិនរួចខ្លួនដែរ។ គ្រាន់តែថាពេលនេះហានិភ័យនៅមានកម្រិតទាបដែលថារុស្ស៊ីនឹងវាយប្រហារទៅលើប្រទេសមួយនេះ។
នៅក្នុងចំណោមអាវុធដែលដាណឺម៉ាកគ្រោងទិញនោះក៏មានបញ្ចូលទាំងគ្រាប់មីស៊ីល និងដ្រូនសម្រាប់វាយប្រហារទីតាំងរបស់សត្រូវ។ នេះបើយោងតាមការថ្លែងរបស់រដ្ឋមន្ត្រីការពារជាតិដាណឺម៉ាក លោកត្រូអែល លុន ផូលសឹន (roels Lund Poulsen)។ លោកមិនបានបញ្ជាក់ឱ្យច្បាស់ថាតើរដ្ឋាភិបាលត្រៀមចំណាយប៉ុន្មាននៅក្នុងគម្រោងទិញអាវុធលើកនេះ។ ដាណឺម៉ាកធ្លាប់ប្រកាសកាលពីសប្ដាហ៍មុនថាខ្លួននឹងចំណាយថវិកាជាតិ៥៨ពាន់លានក្រោន (រូបិយប័ណ្ណដាណឺម៉ាក) ដែលស្មើនឹងជាង៩ពាន់លានដុល្លារអាមេរិកដើម្បីបង្កើតជាប្រព័ន្ធការពារដែនអាកាសនៅទ្វីបអឺរ៉ុប។
បើដូច្នេះមែន វានឹងក្លាយជាការចំណាយលើវិស័យការពារជាតិដ៏ច្រើនមិនធ្លាប់មានរបស់ប្រទេសនេះ។ ប្រមុខការពារជាតិដាណឺម៉ាកថ្លែងបន្តទៀតថាសង្គ្រាមអ៊ុយក្រែនជាសញ្ញាបង្ហាញថាយើងចាំបាច់ត្រូវតែពង្រឹងសមត្ថភាពវាយបកវិញ ឬវាយកាន់តែជ្រៅចូលទៅក្នុងទឹកដីរបស់បច្ចាមិត្ត។ មិនតែប៉ុណ្ណោះ យើងត្រូវតែមានប្រព័ន្ធការពារដែនអាកាសច្រើនស្រទាប់ គួបផ្សំជាមួយប្រព័ន្ធការពារដែនអាកាសនៅលើដី។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ