ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​២០២៦​ ប្រាក់​ឈ្នួល​អប្បបរមា​ក្នុង​វិស័យ​កាត់ដេរ ​កើនឡើង​ដល់​ ២១០​ដុល្លារ

3 នាទី មុន

រាជធានី​ភ្នំពេញ​ ៖ ដំណឹង​ល្អ​បងប្អូន​កម្មករនិយោជិត ​ទទួល​បានការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ ក្នុង​វិស័យ​កាត់ដេរ កើនឡើង​ដល់​ចំនួន ២១០​ដុល្លារ សម្រាប់​ឆ្នាំ​២០២៦ ។ នា​ព្រឹក​ថ្ងៃ​ទី​១៧…

រាជធានី​ភ្នំពេញ​ ៖ ដំណឹង​ល្អ​បងប្អូន​កម្មករនិយោជិត ​ទទួល​បានការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ ក្នុង​វិស័យ​កាត់ដេរ កើនឡើង​ដល់​ចំនួន ២១០​ដុល្លារ សម្រាប់​ឆ្នាំ​២០២៦ ។

នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៥​នេះ ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​អាណត្តិ​ទី​៤ បាន​បើក​កិច្ចប្រជុំ​លើក​ចុង​ក្រោយ​របស់​ខ្លួន នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​លទ្ធភាព​សម្រេចការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​កម្មករនិយោជិត​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើ​ដំណើរ ​និង​កាបូប សម្រាប់​ឆ្នាំ​២០២៦​ ។

តាម​រយៈ​កិច្ចប្រជុំ​ ដែល​ធ្វើ​ឡើង​សរុប​ចំនួន ២៣​លើក តំណាង​ភាគី​កម្មករនិយោជិត និង​តំណាង​ភាគី​និយោជក បាន​យល់​ច្បាស់​ពី​ស្ថានភាព នៃ​ផល​ប៉ះពាល់ ដែល​អាច​កើត​មាន​ឡើង​ដោយសារ​ការ​កំណត់​ពន្ធគយ​បដិការ​របស់​សហរដ្ឋ​អាម៉េរិក ភាព​ប្រកួតប្រជែង និង​ស្ថានភាព​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ពុជា ធៀប​នឹង​បណ្តា​ប្រទេស​មួយ​ចំនួន និង​ស្ថានភាព​ជាក់ស្ដែង​ នៃ​ទីផ្សារ​ការងារ សម្រាប់​ឆ្នាំ​២០២៥ និង​ឆ្នាំ​២០២៦​។ តំណាង​ភាគី​និយោជក បាន​ស្នើ​សុំ​រក្សា​តួលេខ​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​ដដែល ខណៈតំណាង​ភាគី​កម្មករនិយោជិត ​ក៏​មិន​ជំទាស់​នឹង​សំណើ​នេះ និង​ស្នើ​សុំ​រាជរដ្ឋាភិបាល​ពិនិត្យ​លទ្ធភាព​បន្ថែម​លើ​សំណើ​របស់​តំណាង​ភាគី​និយោជក ស្រប​ទៅ​តាម​បទ​ប្បញ្ញត្តិ ​នៃ​ច្បាប់​ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា​ ។

ក្នុង​ស្មារតី​នេះ ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា ​បាន​ស្នើ​តួលេខ​ចំនួន ២០៨ (​ពីរ​រយ​ប្រាំបី​) ដុល្លារ​អាម៉េរិក ជូន សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពិនិត្យ​និង​សម្រេច​។ យោង​លើ​របាយការណ៍ និង​ការ​ពិភាក្សា​បន្ថែម​ជាមួយ​ភាគី​ពាក់ព័ន្ធ សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី បាន​សម្រេច​បន្ថែម ២​ដុល្លារ​អាម៉េរិក លើ​តួលេខ ២០៨ ដុល្លារ​អាម៉េរិក របស់​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា ដែល​ធ្វើ​ឱ្យប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករនិយោជិត​ផ្នែក វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើ​ដំណើរ​និង​កាបូប សម្រាប់​ឆ្នាំ​២០២៦ មាន​ចំនួន ២១០ (​ពីរ​រយ​ដប់​) ដុល្លារ​អាម៉េរិក ក្នុង​មួយ​ខែ ហើយនឹង​ត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២៦ តទៅ​។ បើ​បូក​ទាំង​អត្ថប្រយោជន៍​ផ្សេង​ទៀត បងប្អូន​កម្មករនិយោជិត​នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​យ៉ាងតិច​ចន្លោះ​ពី ២២៧ ដុល្លារ​អាម៉េរិក ដល់ ២៣៨​ដុល្លារ​អាម៉េរិក ក្នុង​មួយ​ខែ​ ។

បើ​ទោះបីជា​ស្ថានភាព​សេដ្ឋកិច្ច​មាន​ភាព​មិន​ប្រាកដប្រជា ហើយ​ប្រទេស​ជា​ច្រើន​នៅ​ក្នុង​តំបន់​មិន​មានការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា ក៏​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ជូន​បងប្អូន​កម្មករនិយោជិត ទោះ​តិច​ក្តី​ច្រើន​ក្តី សំដៅ​ជួយ​សម្រួល​បន្ទុក​ចំណាយ​របស់​បងប្អូន​កម្មករនិយោជិត ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ