ខេត្តបន្ទាយមានជ័យ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកនាល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះថា ៖ ទាហានថៃបានបន្តបំពានលើអធិបតេយ្យភាពកម្ពុជា ដោយបានបន្តរាយបន្លាលួសនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ រួមទាំងបានប្រើប្រាស់នូវឧស្ម័នបង្ហូរទឹកភ្នែកមកលើប្រជាពលរដ្ឋកម្ពុជាផងដែរ។

ជាមួយគ្នានេះ ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ នៅក្នុងការគោរពបទឈប់បាញ់ដែលភាគីទាំងពីរបានឯកភាពគ្នានៅក្នុងកិច្ចប្រជុំពិសេស កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាចាយ៉ា ក៏ដូចជា ការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវរាល់ការព្រមព្រៀងទាំងឡាយ ដែលភាគីទាំងពីរសម្រេចបានមកទល់ពេលនេះ ។

ក្នុងនោះរួមទាំងកំណត់ហេតុរួម នៃកិច្ចប្រជុំទាំងអស់របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលត្រូវបានប្រព្រឹត្តឡើងជាបន្តបន្ទាប់ ចាប់តាំងពីមានការឯកភាពគ្នាលើលក្ខខណ្ឌនៃបទឈប់បាញ់ដោយភាគីទាំងពីរ នៅក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ ៕




ចែករំលែកព័តមាននេះ