ខេត្តព្រះវិហារ៖ កីឡាករ កីឡាការិនី ចំនួន១.២០០នាក់ បានចូលរួមព្រឹត្តិការណ៍កីឡារត់ចម្ងាយលើវិញ្ញាសា ៩គីឡូម៉ែត្រ ដើម្បីអបអរខួប២ឆ្នាំនៃការចុះរមណីយដ្ឋានប្រាសាទកោះកេរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥។
យោងតាមការចុះផ្សាយរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ព្រឹត្តិការណ៍នេះមានការចូលរួមដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ព្រមទាំងឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូបទៀត។
ថ្លែងក្នុងឱកាសនោះឯកឧត្តម ហ៊ុន ម៉ានី បានវាយតម្លៃខ្ពស់ចំពោះការរៀបចំព្រឹត្តិការណ៍កីឡានេះឡើង ដោយរដ្ឋបាលខេត្តព្រះវិហារ សហការជាមួយអាជ្ញាធរជាតិព្រះវិហារនិងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារ ដើម្បីអបអរខួប២ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលជាកេរមរតករបស់ដូនតា បុព្វបុរសខ្មែរ បន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយ។
មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងបង្កើននូវផ្នត់គំនិតដល់យុវជនជំនាន់ក្រោយ ចេះស្រលាញ់សម្បត្តិវប្បធម៌ ដួងព្រលឹងរបស់ជាតិ និងសាមគ្គីជាតិ ក្នុងស្មារតីខ្មែរតែមួយ ដែលមានវប្បធម៌ អរិយធម៌ដ៏រុងរឿងតាំងពីបុរាណ។
ជាមួយគ្នានេះឯកឧត្តម ក៏បានស្នើដល់យុវជនជំនាន់ក្រោយ ត្រូវបន្តខិតខំចូលរួមថែរក្សា ការពារ សម្បត្តិវប្បធម៌និងផ្សព្វផ្សាយនូវអរិយធម៌របស់ជាតិខ្មែរឲ្យកាន់តែច្រើនឡើងបន្ថែមទៀត នៅលើឆាកអន្តរជាតិ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡានេះ បានផ្តល់រង្វាន់លើកទឹកចិត្តដល់កីឡាករ កីឡាការិនី ជ័យលាភី ចាប់ពីលេខ១ ដល់លេខ១០ ក្នុងនោះវិញ្ញាសាសម្រាប់បុរសចំនួន១០រូប និងនារីចំនួន១០រូបផងដែរ៕
ចែករំលែកព័តមាននេះ