ទីក្រុងតេអេរ៉ង់៖ អ៊ីរ៉ង់ប្រកាសនៅថ្ងៃនេះថាខ្លួនទើបតែប្រហារជីវិតបុរសម្នាក់ដែលត្រូវតុលាការរកឃើញពិរុទ្ធភាពពាក់ព័ន្ធនឹងអំពើចារកម្ម។ អ៊ីរ៉ង់ថាបុរសរូបនោះបានប្រមូលការណ៍សម្ងាត់ពីអ៊ីរ៉ង់យកទៅឱ្យអ៊ីស្រាអែល។ មុនពេលចាប់ខ្លួន បុរសរូបនោះបានសរសេរលិខិតផ្ញើជូនប្រមុខដឹកនាំអ៊ុយក្រែន លោកហ្សេឡិនស្គី ដោយរៀបរាប់ថាគាត់ចង់ទៅជួយច្បាំងខាងអ៊ុយក្រែន។
មជ្ឈដ្ឋានខ្លះយល់ថាការប្រហារជីវិតមិនទាន់បញ្ចប់ត្រឹមហ្នឹងទេ។ អ៊ីរ៉ង់នៅមានទណ្ឌិតជាច្រើននាក់ទៀតដែលស្ថិតនៅក្នុងការឃុំឃាំងដើម្បីរង់ចាំពេលវេលាល្អមកដល់នឹងអាលយកទៅប្រហារជីវិត។ ក្រោយពេលផ្ទុះសង្គ្រាមមួយចម្អិនកំពិសរយៈពេល១២ថ្ងៃជាមួយអ៊ីស្រាអែល អ៊ីរ៉ង់ទទួលអារម្មណ៍ថាខ្លួនហាក់ដូចជាចាញ់ប្រៀបគេទោះបីមានបទឈប់បាញ់យ៉ាងណាក្ដី។ ម៉្យាងទៀត ស្ថានភាពសេដ្ឋកិច្ចជាតិអ៊ីរ៉ង់ក៏ធ្លាក់ចុះ។ ម៉្លោះហើយ ធ្វើឱ្យអ៊ីរ៉ង់ក្រពុលមុខយ៉ាងខ្លាំង។ ដូច្នេះនៅពេលមានអ្វីមកទើសមុខត្រូវតែកម្ចាត់ចោល។
ទីភ្នាក់ងារព័ត៌មានអ៊ីរ៉ង់ឈ្មោះមីហ្សាន (Mizan) បានចុះផ្សាយថាបុរសដែលត្រូវប្រហារជីវិតនោះឈ្មោះបាបាក់ សាបាហ្ស៊ី (Babak Shahbazi)។ គាត់ជាប់ចោទពីបទប្រមូលយកព័ត៌មានសម្ងាត់ចេញពីមជ្ឈមណ្ឌលឯកសារ និងទីតាំងសន្តិសុខជាតិរបស់អ៊ីរ៉ង់ដើម្បីប្រគល់ទៅឱ្យភ្នាក់ងារសម្ងាត់អ៊ីស្រាអែល។ ទីភ្នាក់ងារព័ត៌មានខាងលើនេះផ្សាយបន្តទៀតថាលោកសាបាហ្ស៊ីជាបុគ្គលិកជាប់កិច្ចសន្យាដែលបម្រើការផ្នែកគ្រឿងបរិក្ខារត្រជាក់នៃក្រុមហ៊ុនទូរគមនាគមន៍ យោធា និងសន្តិសុខ។
អង្គជំនុំជម្រះនៅក្នុងតុលាការអ៊ីរ៉ង់រកឃើញថាលោកសាបាហ្ស៊ីបានលក់ព័ត៌មានទៅឱ្យទីភ្នាក់ងារសម្ងាត់ម៉ូសាត (Mossad) របស់អ៊ីស្រាអែល។ ទោះជាយ៉ាងណាក្ដី មជ្ឈដ្ឋានខ្លះយល់ថាមូលហេតុធំមិនមែនដោយសាររឿងហ្នឹងទេ។ មុនពេលចាប់ខ្លួននោះ គាត់បានសរសេរសំបុត្រទៅលោកហ្សេឡិនស្គីដើម្បីបញ្ជាក់អំពីគោលបំណងចង់ចូលរួមជាមួយកងទ័ពអ៊ុយក្រែនច្បាំងទល់នឹងរុស្ស៊ី។ គោលជំហរនេះផ្ទុយពីរដ្ឋាភិបាលអ៊ីរ៉ង់ដែលកំពុងជួយជ្រោមជ្រែងរុស្ស៊ីយ៉ាងពេញទំហឹង និងបន្តផ្គត់ផ្គង់ដ្រូនអត្តឃាតម៉ាកសាហ៊ីតទៅឱ្យរុស្ស៊ី។
អ៊ីរ៉ង់មិនបានបញ្ជាក់ឱ្យបានច្បាស់ថាតើបុរសខាងលើនេះត្រូវបានប្រហារជីវិតដោយប្រើប្រាស់មធ្យោបាយអ្វីទេ។ ប៉ុន្តែបើតាមអ្វីដែលគេចំណាំពីមុនមក អ៊ីរ៉ង់ច្រើនប្រហារជីវិតដោយព្យួរកនឹងខ្សែពួរ។ ចាប់តាំងពីផ្ទុះសង្គ្រាមជាមួយអ៊ីស្រាអែលកាលពីខែមិថុនា អ៊ីរ៉ង់បានប្រហារជីវិតមនុស្ស៨នាក់ពីបទលួចយកការណ៍សម្ងាត់របស់ប្រទេសជាតិខ្លួនទៅឱ្យរដ្ឋបរទេស។
តាមពិត សង្គ្រាមអ៊ីរ៉ង់ និងអ៊ីស្រាអែលនោះថ្វីដ្បិតមានរយៈពេលខ្លីមែន ប៉ុន្តែបានឆក់យកជីវិតមនុស្ស១១០០នាក់ដោយសារការបាញ់គ្រាប់មីស៊ីលដាក់គ្នាទៅវិញទៅមក។ អ៊ីរ៉ង់មិនបានប្រើប្រាស់យន្តហោះដើម្បីប្រហារអ៊ីស្រាអែលទេ។ ប៉ុន្តែអ៊ីស្រាអែល និងអាមេរិកប្រើមីស៊ីលផង និងយន្តហោះផងដើម្បីវាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់។ មេបញ្ជាការកងទ័ពអ៊ីរ៉ង់ក៏ស្លាប់ជាច្រើននាក់ផងដែរ។ អង្គការសហប្រជាជាតិរកឃើញថាទំហំនៃការប្រហារជីវិតមនុស្សនៅអ៊ីរ៉ង់ហក់ឡើងខ្ពស់កាលពីឆ្នាំ២០២៤។ ពោលគឺទណ្ឌិតយ៉ាងតិច៩៧៥នាក់ត្រូវបានប្រហារជីវិត។ នេះបើយោងតាមប្រភពពីអេប៊ីស៊ី និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ