រាជធានីភ្នំពេញ ៖ រយៈពេល០៣ថ្ងៃ កន្លងមកនេះ ករណីតារាសម្តែងម្នាក់ ត្រូវចោរឆក់យកទូរសព្ទបាត់ ហើយនាងបានប្រកាសថា «បើបងចោរយកទូរសព្ទឲ្យវិញ នាងនឹងជូនសគុណ និងយកធ្វើសង្សារទៀត» ប៉ុន្តែពេលនេះ លោកចោរទាន់មិនបានយកទូរសព្ទមកឲ្យនាងវិញផង ក៏ត្រូវកម្លាំងជំនាញ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកចំនួន០៣នាក់ ដែលសកម្មភាពឆក់ទូរសព្ទដៃរបស់នាង ។
ករណីឆក់ទូរសព្ទខាងលើនេះ បង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវ៣១០ កែងផ្លូវលេខ១០៥ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដឹកនាំដោយលោកវរសេនីយ៍ទោ វុឌ្ឍ ផូសារវ័ន្ត អធិការនគរបាលខណ្ឌបឹងកេងកង បានធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង១៥:៣០នាទីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួកចំនួន០៣នាក់ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ ចាន់ សុខពៅ ហៅពៅម៉ាប់ ភេទប្រុស ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មុខរបរ មិនពិតប្រាកដ (មានសារធាតុញៀន) ប្រព្រឹត្តល្មើសនៅចំណុច SKY ម៉ាស្សា ផ្លូវលេខ៣១០ ភូមិ១ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង ។
វត្ថុតាងចាប់យក ៖ ផ្លាកលេខម៉ូតូ០១សន្លឹង (ភ្នំពេញ ១KG-3260), មួកសុវត្ថិភាព ពណ៌ស ម៉ាក SPC ចំនួន០១, ទូរស័ព្ទម៉ាក Huawe ពណ៌ខៀវ, ខោខៅប៊យ ជើងខ្លី ត្រឹមជង្គុង ម៉ាកFUBU JEANS, កូនកាំបិតស្នៀតរុញ ម៉ាកDeli 2057, ក្រដាក់អាលុយមីញ៉ូម ចំនួន០១ដុំ និងទុយយោមួយចំនួន (សម្រាប់ជក់)។
សម្ហារបាត់បង់ ៖ ទូរសព្ទដៃ ម៉ាក ViVO ពណ៌ខៀវ ។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធីច្បាប់ ។
សូមរម្លឹកថា មានករណីនារីម្នាក់ ដែលអះអាងថា ជាតារាសម្តែងភាពយន្ត ខណៈកំពុងដើរតាមផ្លូវស្រាប់តែត្រូវជនសង្ស័យឆ.ក់ទូរសព្ទយកទៅបាត់ ហើយនាងបានប្រកាសថា បើបងចោរយកទូរសព្ទមកឲ្យវិញ នាងនឹងជូនប្រាក់ពីរទៅបីរយដុល្លារ និងយកធ្វើជាសង្សារ ឬប្តីទៀតផង ។
បន្ទាប់ពីកើតហេតុ នាងបានបញ្ជាក់ថា ទូរសព្ទរបស់នាងមិនមានតម្លៃអ្វីថ្លៃទេ ប៉ុន្តែទាក់ទងជាមួយការងារច្រើន បើសិនជាបងចោរឃើញហើយ សូមយកទូរសព្ទមកឲ្យវិញ នាងនឹងមិនប្តឹងប្តល់អ្វីទាំងអស់ ព្រមទាំងជូនជាសគុណពី២០០ទៅ៣០០ដុល្លារ ។ លើសពីនេះទៀត នារីរងគ្រោះបានបញ្ជាក់ច្បាស់ថា បើសិនជាអាច នាងយកធ្វើជាសង្សារ ឬជាប្តីផងក៏ថាបាន ព្រោះគាត់ជាកូនកំព្រាជានារីទុរគតផងដែរ ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកើតហេតុ ព្រមទាំងបានសួរនាំទៅនារីខាងលើ រួចនាំនារីរងគ្រោះទៅប៉ុស្តិ៍បឹងកេងកង៣ ដើម្បីដាក់ពាក្យបណ្តឹង ៕




ចែករំលែកព័តមាននេះ