ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ក្រសោប​ជាប់​អាមេរិក​! វៀតណាម​បន្ត​ភាព​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​ជាមួយ​ចិនទៀត​

1 ឆ្នាំ មុន

វៀតណាម​-​ចិន ៖ នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ផាំ មិ​ញ​ជិ​ញ (Pham Minh Chinh) បាន​ជួប​ពិភាក្សា​

វៀតណាម​-​ចិន ៖ នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ផាំ មិ​ញ​ជិ​ញ (Pham Minh Chinh) បាន​ជួប​ពិភាក្សា​ជាមួយនឹង​នាយក​រដ្ឋមន្ត្រី​ចិន លោក លី ឈាង (Li Qiang) នៅ​ទីក្រុង​ណា​ន​នី​ង (Nanning) តំបន់​ស្វយ័ត​ក្វា​ង​ស៊ី​ចូ​វ (Guangxi Zhuang) ភាគ​ខាងត្បូង​ប្រទេស​ចិន កាលពី​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៣ ខណៈ​ដែល​ថ្នាក់ដឹកនាំ​ទាំង​ពីរ​បាន​សង្កត់ធ្ងន់​លើ​តម្រូវការ សម្រាប់​ការ​បន្ត​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ​។ គួររំលឹកថា កិច្ចព្រមព្រៀង​កំពូល AI កើតឡើង អំឡុង​ដំណើរ​ទស្សនកិច្ច​លោក ចូ បៃ​ដិ​ន នៅ​ទីក្រុង​ហាណូយ

នាយក​រដ្ឋមន្ត្រី​វៀតណាម ដែល​ស្ថិត​នៅ​ទីក្រុង​ណា​ន​នី​ង ដើម្បី​ចូលរួម​កម្មវិធី​ពិព័រណ៍​ចិន​-​អាស៊ាន (CAEXPO) និង​កិច្ចប្រជុំ​កំពូល​ពាណិជ្ជកម្ម និង​វិនិយោគ​ចិន​-​អាស៊ាន (CABIS) បាន​លើក​ឡើង​ពី​តម្រូវការ​សម្រាប់​ភាគី​ទាំង​ពីរ​ក្នុង​ការ​បង្កើន​គុណសម្បត្តិ​ភូមិសាស្ត្រ និង​ការ​បំពេញបន្ថែម​ផ្សេង​ទៀត ដើម្បី​ចិញ្ចឹម​បីបាច់​កិច្ច​សហប្រតិបត្តិការ​សំខាន់​ៗ នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​ប្រកបដោយ​តុល្យភាព និង​និរន្តរភាព​។

ឆ្លៀត​ក្នុង​ឱកាស​នោះ លោក​បាន​ស្នើ​ចិន​ព​ន្លឿ​ន ការ​បើក​ទីផ្សារ​សម្រាប់​ផលិតផល​កសិកម្ម និង​ជលផល​វៀតណាម បង្កើត​លក្ខខណ្ឌ​អំណោយផល សម្រាប់​ការ​បង្កើត​ការិយាល័យ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​របស់​វៀតណាម នៅ​ទីក្រុង​ចេ​ង​ទូ (Chengdu) ខេត្ត​ស៊ី​ឈួ​ន (Sichuan) និង​ទីក្រុង​ហៃ​គូ (Haikou) ខេត្ត​ហៃ​ណា​ន (Hainan) ក៏​ដូច​ជា​រួម​គ្នា លើកកម្ពស់​ប្រសិទ្ធភាព​គយ ទប់ស្កាត់​ការ​កកស្ទះ​ទំនិញ​នៅ​ច្រកព្រំដែន​។

លោក​បន្ថែម​ថា វៀតណាម​បាន​ត្រៀមខ្លួន​ជា​ស្រេច ដើម្បី​បង្កើត​លក្ខខណ្ឌ​អំណោយផល​សម្រាប់​ក្រុមហ៊ុន​ចិន ដើម្បី​ធ្វើ​អាជីវកម្ម​នៅ​វៀតណាម ជា​ពិសេស​គម្រោង​បច្ចេកវិទ្យា​ធំ គុណភាព​ខ្ពស់ និង​ទំនើប ដែល​តំណាង​ឱ្យ​កម្រិត នៃ​ការ​អភិវឌ្ឍន៍​របស់​ចិន ដែល​នាំ​មក​នូវ​ផលប្រយោជន៍​សេដ្ឋកិច្ច និង​សង្គម​។ ទស្សនៈ​លោក ប្រទេស​ទាំង​ពីរ​ត្រូវ​ពង្រឹង​កា​រត​ភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន និង​តាម​ព្រំដែន ហើយ​សិក្សា​ការងារ​រួម​គ្នា​ក្នុង​ការ​រៀបចំ​ផែនការ និង​សាងសង់​ផ្លូវ​រថភ្លើង​ច្រើន​ខ្សែ នៅ​ភាគ​ខាងជើង​វៀតណាម និង​កែ​លម្អ​សមត្ថភាព​ដឹក​ជញ្ជូន​ទំនិញ​ទ្វេភាគី និង​តាម​រយៈ​ប្រទេស​ទី​៣​។

នាយក​រដ្ឋមន្ត្រី​វៀតណាម ក៏​បាន​ស្នើ​ឱ្យ​មានការ​ខិតខំ​ប្រឹងប្រែង​រួម​គ្នា ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ទេសចរណ៍ ដោះស្រាយ​បញ្ហា​ដែល​អូស​បន្លាយ​ក្នុង​គម្រោង​មួយ​ចំនួន​ស្ថិត​ក្នុង​ស្មារតី​សុខដុមរមនា​ផលប្រយោជន៍ និង​ការ​ចែករំលែក​ហានិភ័យ ព្រមទាំង​ព​ន្លឿ​ន​ការ​អនុវត្ត​ជំនួយ​ដែល​មិន​អាច​ដក​វិញ​បាន​ពី​ចិន​មក​វៀតណាម​។

ដោយឡែក លោកនាយក​រដ្ឋមន្ត្រី​ចិន​បាន​អះអាង​ថា ប្រទេស​ចិន នឹង​បន្ត​បើក​ទីផ្សារ​របស់​ខ្លួន សម្រាប់​ទំនិញ​វៀតណាម ជា​ពិសេស​ផលិតផល​កសិកម្ម និង​ជលផល​ប្រកបដោយ​គុណភាព ពង្រីក​ទំហំ និង​បង្កើន​ប្រសិទ្ធភាព​ពាណិជ្ជកម្ម​តាម​រយៈ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ព្រំដែន កា​រត​ភ្ជាប់​គោលនយោបាយ និង​ការ​កសាង​ច្រកព្រំដែន​ឆ្លាត​វៃ​។ កិច្ច​ខិតខំ​ប្រឹងប្រែង​នឹង​ត្រូវ​បាន​ធ្វើ​ឡើង ដើម្បី​លើកកម្ពស់​ប្រតិបត្តិការ​ដោយ​ប្រើ​ប្រាក់​យន់​ចិន សម្រាប់​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​។

លោក​បាន​បន្ថែម​ថា លោក​បាន​ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ​របស់​ចិន ឱ្យ​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​វៀតណាម ដើម្បី​បង្កើន​តំបន់​សហប្រតិបត្តិការ​ជាក់លាក់ និង​រួម​គ្នា​កសាង​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់ និង​ផលិតកម្ម​ប្រកបដោយ​ស្ថិរភាព ក៏​ដូច​ជា​ស្នើ​ឱ្យ​បង្កើន​ការ​ផ្លាស់​ប្តូរ​រវាង​ប្រជាជន​ប្រទេស​ទាំង​ពីរ និង​ការ​យល់​ដឹង​ជា​សាធារណៈ​អំពី​មិត្តភាព​ប្រពៃណី​ទ្វេភាគី ជា​ពិសេស​ក្នុង​ចំណោម​យុវជន​ជំនាន់​ក្រោយ​។

រដ្ឋាភិបាល​ចិន នឹង​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​ខ្លួន​ឱ្យធ្វើ​ដំណើរ​ទៅ​ប្រទេស​វៀតណាម គាំទ្រ​ការ​បើកផ្លូវ​ហោះហើរ​ថ្មី​រវាង​ប្រទេស​ទាំង​ពីរ និង​ឆាប់រហ័ស បូក​រួម​នឹង​ការ​អនុវត្ត​គម្រោង​ជំនួយ​មនុស្សធម៌ ថែទាំ​សុខភាព និង​អប់រំ​នៅ​វៀតណាម​។ មេដឹកនាំ​ទាំង​ពីរ​បាន​ឯកភាព​លើ​សារៈសំខាន់ នៃ​ការ​គ្រប់គ្រង​លើ​ការ​ខ្វែងគំនិត​គ្នា​ឱ្យ​បាន​ត្រឹមត្រូវ និង​រក្សា​សន្តិភាព និង​ស្ថិរភាព​នៅ​សមុទ្រ​ខាងកើត​ផង​ដែរ​។

គួរ​បញ្ជាក់​ជូន​ថា នេះ​គឺជា​ការ​សហការ​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​ជា​ប្រវត្តិសាស្ត្រ ហើយ​ឆ្នាំ ២០២៣ ត្រូវ​បាន​ចាត់ទុកជា​ឆ្នាំ​មាស​របស់​វៀតណាម បន្ទាប់​ពី​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ ទើបតែ​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​សំខាន់​ជា​ច្រើន​ជាមួយនឹង​សហរដ្ឋអាមេរិក កាលពី​ពេល​ថ្មី​ៗ​នេះ ពោល​គឺ​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​រយៈពេល​ខ្លី​របស់​លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន (Joe Biden) កាលពី​ថ្ងៃ​ទី​១០ ខែកញ្ញា កន្លង​ទៅ​៕ (​ប្រភព​ពី VnExpress)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ