ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចព្រមព្រៀង​កំពូល AI កើតឡើង អំឡុង​ដំណើរ​ទស្សនកិច្ច​លោក ចូ បៃ​ដិ​ន នៅ​ទីក្រុង​ហាណូយ

1 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ នាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន​យក្ស​ជា​ច្រើន​របស់​សហរដ្ឋអាមេរិក និង​វៀតណាម

ប្រទេស​វៀតណាម ៖ នាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន​យក្ស​ជា​ច្រើន​របស់​សហរដ្ឋអាមេរិក និង​វៀតណាម នៅ​ក្នុង​វិស័យ​គ្រឿង​បង្គំ​អេ​ឡិច​ត្រូ​និ​ច និង​អាកាសចរណ៍ ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២៣ ដែល​ជា​ផ្នែក​មួយ នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ចូ បៃ​ដិ​ន (Joe Biden) ក្នុង​ទីក្រុង​ហាណូយ​។ ដោយនៅ​ក្នុង​នោះ សេត​វិមាន​បាន​បង្ហាញ​អំពី​ការ​បង្កើត​ភាព​ជា​ដៃគូ​អាជីវកម្ម​កាន់តែ​រឹង​មាំ​ជាមួយ​កិច្ចព្រមព្រៀង​ថ្មី លើ​វិស័យ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត ឬ AI នៅ​ក្នុង​ចំណោម​កិច្ចព្រមព្រៀង​ថ្មី នៃ​វិស័យ​មួយ​ចំនួន​ផ្សេង​ទៀត​។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ (Reuters) ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២៣​។

នាយក​ប្រតិបត្តិ​ជាន់ខ្ពស់​មក​ពី​ក្រុមហ៊ុន​យក្ស​សហរដ្ឋអាមេរិក រួម​មាន ៖ Google, Intel, Amkor, Marvell, GlobalFoundries និង Boeing Co កំពុង​ចូលរួម​កិច្ចប្រជុំ Vietnam-U.S. ដែល​ជា​កិច្ចប្រជុំ​កំពូល​ស្តី​ពី​ការ​ច្នៃប្រឌិត និង​ការ​វិនិយោគ ខណៈ​ភាគី​វៀតណាម​មាន​នាយក​ប្រតិបត្តិ​មក​ពី​ក្រុមហ៊ុន​រាប់​សិប រួម​ទាំង​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី VinFast, ក្រុមហ៊ុន​អាកាសចរណ៍ Vietnam Airlines ក្រុមហ៊ុន​បច្ចេកវិទ្យា FPT ក្រុមហ៊ុន MoMo និង​ក្រុមហ៊ុន​អ៊ីនធឺណិត VNG ផង​ដែរ​។

កិច្ចប្រជុំ​ដែល​ធ្វើ​ឡើង បន្ទាប់​ពី​ការ​បើក​ទំព័រ​ប្រវត្តិសាស្ត្រ នៃ​ទំនាក់ទំនង​ការទូត​រវាង​អា​មេ​រិ​ក​-​វៀតណាម ដែល​បាន​ព្រមព្រៀង​គ្នា កាលពី​ថ្ងៃអាទិត្យ​ស​ប្តា​ហ៍​មុន​នោះ បាន​គូសបញ្ជាក់​អំពី​បំណងប្រាថ្នា​របស់​សហរដ្ឋអាមេរិក​ក្នុង​ការ​ជំរុញ​តួនាទី​សកល​ជាមួយ​វៀតណាម ជា​ពិសេស​ក្នុង​ការ​បង្កើត​បន្ទះ​ឈី​ប ដើម្បី​កាត់​បន្ថយ​ការ​ប្រឈម​មុខ នឹង​ហានិភ័យ​ដែល​ទាក់ទង​នឹង​ប្រទេស​ចិន រួម​ទាំង​ការ​កកិត​ផ្នែក​ពាណិជ្ជកម្ម និង​ភាព​តានតឹង​លើ​កោះ​តៃវ៉ាន់​។

ខាងក្រោម​នេះ គឺជា​កិច្ចព្រមព្រៀង​កើតឡើង​រវាង​ប្រទេស​ទាំង​ពីរ ដែល​ត្រូវ​បាន​រាយការណ៍​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ ៖
កិច្ចព្រមព្រៀង ដែល​ទើប​បង្ហាញ​ដោយ​សេត​វិមាន រួម​មាន​ផែនការ​ដោយ​ក្រុមហ៊ុន Microsoft ដើម្បី​បង្កើត​ដំណោះស្រាយ ដែល​មាន​មូលដ្ឋាន​ផ្តោត​លើ​បច្ចេកវិទ្យា AI ដែល​តម្រូវ​សម្រាប់​ប្រទេស​វៀត​ណាម និង​ទីផ្សារ​ដែល​កំពុង​រីក​ចម្រើន​។

ក្រុមហ៊ុន Nvidia ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់ Hardware និង Software ក៏​នឹង​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា FPT, Viettel និង Vingroup ដែល​ជា​ក្រុមហ៊ុនមេ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី VinFast របស់​វៀតណាម លើ​បច្ចេកវិទ្យា AI​។

ទន្ទឹម​ជាមួយ​គ្នា​នោះ​ផង​ដែរ សេត​វិមាន​ក៏​បាន​គូសបញ្ជាក់​ពី​ចំនួន​នៃ​ការ​វិនិយោគ​ទាក់ទង​នឹង​បន្ទះ​ឈី​ប ដោយ​ក្រុមហ៊ុន​អា​មេ​រិ​ក​ក្នុង​ប្រទេស​វៀតណាម រួម​ទាំង​ផែនការ​របស់​ក្រុមហ៊ុន Marvell និង Synopsys ដើម្បី​សាងសង់​មជ្ឈមណ្ឌល​រចនា​បន្ទះ​ឈី​ប​នៅ​ក្នុង​ប្រទេស​វៀតណាម​។

លើស​ពី​នេះ​ទៀត រោងចក្រ​ផលិត​គ្រឿង​បង្គំ​អេ​ឡិច​ត្រូ​និ​ច​របស់​ក្រុមហ៊ុន​អា​មេ​រិ​ក Amkor ថ្មី ដែល​មាន​តម្លៃ ១.៦​ពាន់​លាន​ដុល្លារ នៅ​ជិត​ទីក្រុង​ហាណូយ ដែល​នឹង​ប្រមូលផ្តុំ វេច​ខ្ចប់ ក៏​ដូច​ជា​ធ្វើតេស្ត​បន្ទះ​ឈី​ប នឹង​ត្រូវ​ចាប់ផ្តើម​ប្រតិបត្តិការ​របស់​ខ្លួន នៅ​ខែតុលា ឆាប់​ៗ​ខាង​មុខ​នេះ​។ តម្លៃ​នៃ​ការ​វិនិយោគ​នេះ គឺ​ប្រហាក់ប្រហែល​នឹង​រោងចក្រ​ដំឡើង​បន្ទះ​ឈី​ប​តម្លៃ ១.៥​ពាន់​លាន​ដុល្លារ​របស់​ក្រុមហ៊ុន Intel នៅ​ភាគ​ខាងត្បូង ប្រទេស​វៀតណាម​។

សេត​វិមាន​ក៏​បាន​បន្ថែម​ថា ក្រុមហ៊ុន​អាកាសចរណ៍ Vietnam Airlines ក៏​នឹង​បញ្ជា​ទិញ​យន្តហោះ Boeing 737 Max ចំនួន​៥០​គ្រឿង​ផង​ដែរ ក្នុង​កិច្ចព្រមព្រៀង​មាន​តម្លៃ​ប្រហែល ៧.៥​ពាន់​លាន​ដុល្លារ​។

ក្រុមហ៊ុន​សាជីវកម្ម​សាជីវកម្ម​ជួញដូរ​សាធារណៈ Honeywell របស់​សហរដ្ឋអាមេរិក នឹង​សហការ​ជាមួយ​ដៃគូ​វៀតណាម ចាប់ផ្តើម​គម្រោង​សាកល្បង​មួយ ដើម្បី​អភិវឌ្ឍ​ប្រព័ន្ធ​ផ្ទុក​ថាមពល​ថ្ម​អគ្គិសនី​ដំបូង​របស់​ប្រទេស​វៀតណាម​ផង​ដែរ​៕ (​ប្រភព​ពី Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ