ខេត្តបាត់ដំបង ៖ អ្នកចិញ្ចឹមសត្វកណ្ដូបម្នាក់បានអះអាងថា «បច្ចុប្បន្ន ទីផ្សារសត្វកណ្ដូបកាន់តែល្អ ទាំងតម្លៃ ទាំងទីផ្សារលក់ដូរ គឺមិនខ្វះម៉ូយទទួលទិញឡើយ ដូច្នេះហើយ ទើបខ្ញុំពង្រីកទីតាំងចិញ្ចឹមបន្ថែមរហូតដល់ទៅ២៥ទ្រុងនឹងអាចពង្រីកបន្ថែមទៀត ប្រសិនមានពេល» ។

អ្នកស្រី យន់ ឡៃហន អាយុ៣៧ឆ្នាំ ជាកសិករចិញ្ចឹមសត្វកណ្ដូបអាជីពម្នាក់ រស់នៅភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ។ អ្នកស្រីបាននិយាយថា គ្រួសារអ្នកស្រីទើបចាប់ផ្ដើមចិញ្ចឹមកណ្ដូបនេះបានប្រហែលជាងមួយឆ្នាំប៉ុណ្ណោះ បន្ថែមលើមុខរបរដាំដំណាំកសិកម្មប្រចាំឆ្នាំមាន «ដំឡូង និងពោត» ។
គាត់និយាយបន្តថា ប្អូនរបស់គាត់ជាអ្នកផ្ដួចផ្ដើមគំនិតនេះមុនគាត់ តែនៅពេលឃើញប្អូនចិញ្ចឹមកាក់កប ទើបគាត់ចាប់ផ្ដើមចិញ្ចឹមដែរទៅ ។ ហើយតាំងពីចាប់ផ្ដើមចិញ្ចឹមជាងមួយឆ្នាំកន្លងទៅនេះ គាត់មិនធ្លាប់បរាជ័យម្ដងណាទេ ព្រោះសត្វកណ្ដូបនេះងាយចិញ្ចឹមណាស់ គឺវាស៊ីតែស្មៅដូចសត្វគោដែរ និងបាញ់ទឹកស្រោចលើទ្រុងយូរៗម្ដងនៅពេលក្ដៅខ្លាំង ។

កូនប្រុស-ស្រីរបស់គាត់ប៉ុន្មាននាក់ទៀត បានជួយសម្រាលការងារនេះជំនួសឪពុក និង ម្ដាយពេលពួកគេចេញពីសាលារៀន ។ កូនៗខ្លះដើររកស្មៅឲ្យចង្រិតស៊ី រីឯកូនខ្លះទៀត មើលថែសត្វកណ្ដូបនៅក្នុងទ្រុង និងស្រោចទឹកលើទ្រុងកណ្ដូបពេលថ្ងៃក្ដៅខ្លាំង ។ ក្រោមកំដៅថ្ងៃហែង មានស្ពាយធុងបាញ់ទឹកយ៉ាងធំនៅពីក្រោយខ្នងផង នាង រិន ចាន់រ័ត្ន វ័យ១២ឆ្នាំ បានដើរបាញ់ទឹកស្រោចលើទ្រុងកណ្ដូបយ៉ាងជំនាញ ។

បាញ់ទឹកស្រោចទ្រុងកណ្ដូបបណ្ដើរ នាងបានឆ្លើយនឹងសំណួរបណ្ដើរថា ពេលទំនេរ ឬ ក្រោយចេញពីសាលារៀន នាងតែងជួយសម្រាលការងារឪពុកម្ដាយនាង ដូចជាមើលថែសត្វកណ្ដូប ស្រោចទឹកពេលក្ដៅខ្លាំង និងជួយរកស្មៅឲ្យសត្វកណ្ដូបស៊ី ។ នាងបញ្ជាក់ថា ការស្រោចទឹកនេះ មិនមែនធ្វើជាប់រហូតទេ គឺស្រោចទឹកយូរៗម្ដង ជាពិសេស នៅពេលក្ដៅខ្លាំង ដើម្បីឲ្យទ្រុង និងស្មៅក្នុងទ្រុងមានសំណើម ។

អ្នកស្រី យន់ ឡៃហន បានប្រាប់ថា តាមពិតទៅ ការចិញ្ចឹមសត្វកណ្ដូបនេះ ហាក់មិនសូវពិបាកថែទាំងដូចចិញ្ចឹមសត្វអ្វីផ្សេងទេ ។ សត្វកណ្ដូបស៊ីតែស្មៅ និងស្លឹករុក្ខជាតិផ្សេងៗ រីឯទឹកផឹកយើងបាញ់ស្រោចលើទ្រុង និងស្មៅក្នុងទ្រុងទៅវាអាចផឹកបានហើយ ។

គាត់និយាយថា ចិញ្ចឹមរយៈពេលត្រឹម៤៥ថ្ងៃ យើងអាចចាប់លក់បានហើយ ។ ស្វាមីរបស់គាត់ជាអ្នកដឹកយកទៅលក់ឲ្យម៉ូយផ្ទាល់ ។ គាត់បានបញ្ជាក់ថា សព្វថ្ងៃនេះ គាត់ពង្រីកទីតាំងចិញ្ចឹមសត្វកណ្ដូបបានចំនួន២៥ទ្រុង ។ ប្រហែលមួយសប្ដាហ៍ ឬលើសតិចតួច គាត់ចាប់លក់ម្ដង តែមិនមែនចាប់លក់ម្ដងទាំង២៥ទ្រុងទេ គឺចាប់ម្ដងពី៥ ទៅ៦ទ្រុង គឺឆ្លាស់ពេលគ្នា (វិលជុំ) ។

អ្នកស្រី ឡៃហន បានបញ្ជាក់ថា ទីផ្សារកណ្ដូបល្អ តែតម្លៃឡើងចុះទៅតាមពេលវេលា ឬ រដូវកាលសំបូរកណ្ដូប ឬមិនសូវសំបូរ ។ ជាពិសេស រដូវសំបូរសត្វកណ្ដូបស្រែ គឺពេលនោះតំលៃកណ្ដូបធ្លាក់ចុះហើយ ។ ប៉ុន្តែយ៉ាងណា បច្ចុប្បន្ន តម្លៃសត្វកណ្ដូបចិញ្ចឹម អាចលក់បានចន្លោះពី២០,០០០រៀល ដល់២៥,០០០រៀល ក្នុងមួយគីឡូក្រាម តែបើរដូវមិនសូវមានសត្វកណ្ដូបស្រែទេ សត្វកណ្ដូបចិញ្ចឹមអាចលក់បានរហូត៣០,០០០រៀល ឬតម្លៃលើសពីនេះក៏មានដែរ ជាពិសេស ពេលមានពិធីបុណ្យទានម្ដងៗ គឺកណ្ដូបលក់បានថ្លៃណាស់ ។

ជាមួយនឹងទីផ្សារសត្វកណ្ដូបនេះ លោក រិន សារឿន អាយុ៤៤ឆ្នាំ ជាស្វាមី អ្នកស្រីយន់ ឡៃហន និងជាអ្នកដឹកសត្វកណ្ដូបលក់ឲ្យម៉ូយផ្ទាល់ បានបញ្ជាក់ប្រាប់កោះសន្តិភាពដែរថា ប៉ុន្មានថ្ងៃកន្លងមកនេះ តម្លៃសត្វកណ្ដូបហាក់ធ្លាក់ចុះបន្តិច ដោយសារតែសំបូរសត្វកណ្ដូបពេក ។ ខាងស្រុកថៃក៏សំបូរ នៅខាងខ្មែរយើងក៏សំបូរ ម្ល៉ោះហើយធ្វើឲ្យតម្លៃកណ្ដូបនៅលើទីផ្សារឡើងចុះមិនទៀងទាត់ ។ លោកថា ពិតមែនតែទីផ្សារធ្លាក់ចុះបន្តិច តែបើនិយាយពីម៉ូយៗទិញសត្វកណ្ដូបវិញមិនខ្វះទេ ។
អ្នកស្រុកភ្នំព្រឹកមួយចំនួន ហាក់កំពុងស្ទុះស្ទារសម្បើមណាស់ ចំពោះមុខរបរចិញ្ចឹមសត្វកណ្ដូបនេះ ដែលអាចរកចំណូលបានគួរសមបន្ថែមលើមុខរបរកសិកម្មប្រចាំឆ្នាំរបស់ពួកគាត់ ។

គេសង្កេតឃើញនៅខាងមុខផ្ទះនីមួយៗ សុទ្ធតែមានទ្រុងចិញ្ចឹមសត្វកណ្ដូបជាហូរហែ ។ ផ្ទះខ្លះមានច្រើនទ្រុង រីឯផ្ទះខ្លះក៏មានតិច តាមលទ្ធភាពដែលពួកគេអាចធ្វើបាន ។ បើតាមការសួរនាំអំពីមុខរបរចិញ្ចឹមសត្វកណ្ដូបនេះ អ្នកភូមិខ្លះកាក់កបនឹងការចិញ្ចឹមកណ្ដូប រហូតបោះបង់ស្រែចម្ការ ងាកមកចិញ្ចឹមសត្វកណ្ដូបនេះ ជាអាជីពតែម្ដង ព្រោះរកចំណូលបានច្រើនជាងការធ្វើស្រែចម្ការ ។ ចិញ្ចឹមកណ្ដូប ជាការងារស្រាល មិនហត់នឿយដូចធ្វើស្រែចម្ការទេ ថែមទាំងចំណាយដើមទុនតិចទៀតផង ។ នេះជាហេតុផល ដែលនាំឲ្យប្រជាកសិករមួយចំនួននៅស្រុកភ្នំព្រឹក នាំគ្នាងាកមកចិញ្ចឹមសត្វកណ្ដូបលក់ ៕
ចែករំលែកព័តមាននេះ