រាជធានីភ្នំពេញ៖ ជំងឺមហារីកក្រពះ គឺជាជំងឺដ៏កាចសាហាវមួយដែលគំរាមកំហែងដល់អាយុជីវិត។ ទោះបីជាមូលហេតុពិតប្រាកដនៃជំងឺនេះមិនទាន់ត្រូវបានកំណត់ច្បាស់លាស់ក្តី យោងតាមការផ្សាយរបស់ មន្ទីរពេទ្យកាល់ម៉ែត បានបង្ហាញពីកត្តាបង្កជាច្រើន ដែលអ្នកគ្រប់គ្នាគួរតែបង្កើនការប្រុងប្រយ័ត្ន។
កត្តាហានិភ័យសំខាន់ៗដែលបង្កជំងឺមហារីកក្រពះ
មន្ទីរពេទ្យកាល់ម៉ែតបានគូសបញ្ជាក់ថា កត្តាបង្កនៃជំងឺមហារីកក្រពះមានដូចខាងក្រោម៖
- អាហារមិនល្អ៖ ចំណីអាហារប្រៃខ្លាំង, ចំណីអាហារផ្អាប់ (ដូចជាត្រីងៀត, ជ្រក់) និងចំណីអាហារដែលមានផ្សែង (ដូចជាសាច់អាំង ឬសាច់ស្រូបផ្សែង) ត្រូវបានចាត់ទុកជាកត្តាហានិភ័យដ៏ធំមួយ។ សារធាតុទាំងនេះអាចបំផ្លាញស្រទាប់ខាងក្នុងនៃក្រពះ។
- មេរោគក្រពះ៖ ការឆ្លងមេរោគក្រពះឈ្មោះ Helicobacter Pylori គឺជាមូលហេតុចម្បងមួយដែលបង្កឱ្យមានការរលាករ៉ាំរ៉ៃ និងអាចវិវត្តន៍ទៅជាមហារីក។
- ប្រវត្តិគ្រួសារ៖ ប្រសិនបើមាន សមាជិកគ្រួសារ កើតជំងឺមហារីកក្រពះ នោះហានិភ័យរបស់អ្នកក៏កើនឡើងខ្ពស់ដែរ។
- ទម្លាប់មិនល្អ៖ ការជក់បារី និង ការពិសាគ្រឿងស្រវឹង ក៏ជាកត្តាដ៏គ្រោះថ្នាក់ដែលបង្កើនលទ្ធភាពកើតជំងឺនេះផងដែរ។
អនុសាសន៍៖ ដើម្បីថែរក្សាក្រពះរបស់អ្នកឱ្យមានសុខភាពល្អ និងកាត់បន្ថយហានិភ័យមហារីកក្រពះ សូមកាត់បន្ថយការបរិភោគចំណីអាហារប្រៃ និងផ្អាប់ ព្រមទាំងពិនិត្យសុខភាពជាប្រចាំ៕
ចែករំលែកព័តមាននេះ