ទីក្រុងកៀវ៖ កាលពីយប់មិញ និងព្រឹកមិញ រុស្ស៊ីបន្តវាយប្រហារអ៊ុយក្រែនយ៉ាងខ្លាំងក្លា។ ជាពិសេស ទីក្រុងធំលំដាប់ទី២ឈ្មោះខាគីវរងគ្រោះខ្លាំងជាងគេបណ្ដាលឱ្យរបួសមនុស្សយ៉ាងតិច៣២នាក់ និងឆេះអគារជាច្រើនខ្នង។ មនុស្សរាប់សិបនាក់រត់ចេញប្រសាចមកជាន់ផ្ទាល់ដីនៅពេលអគាររបស់ពួកគេត្រូវភ្លើងឆេះ។ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីមូលដ្ឋាន។
យោងតាមព័ត៌មានបឋមដែលទទួលបាន រុស្ស៊ីបញ្ជូនដ្រូន១៩គ្រឿងទៅវាយប្រហារសង្កាត់ចំនួនបីនៅទីក្រុងខាគីវក្រោយពេលពាក់កណ្ដាលអធ្រាត្រ។ នៅក្នុងចំណោមអ្នករបួសទាំងនោះ ៦នាក់របួសធ្ងន់ត្រូវដឹកទៅព្យាបាលនៅមន្ទីរពេទ្យ។ ទីក្រុងខាគីវស្ថិតនៅចម្ងាយ៣០គីឡូម៉ែត្រពីព្រំដែន ហេតុនេះងាយនឹងទទួលរងការវាយប្រហារបំផុត។ ទីក្រុងនេះទទួលរងការវាយប្រហារសឹងតែឥតមានលស់ថ្ងៃទាល់តែសោះចាប់តាំងពីសង្គ្រាមផ្ទុះឡើងជាលើកដំបូងកាលពីខែកុម្ភៈ ឆ្នាំ២០២២។

អាជ្ញាធរអ៊ុយក្រែនប្រាប់ថាគេបានជម្លៀសមនុស្ស៤៨នាក់ចេញពីអគារមួយកន្លែងនៅពេលភ្លើងចាប់ផ្ដើមឆាបឆេះកាន់តែខ្លាំងឡើងៗ។ រថយន្តរបស់ជនស៊ីវិលយ៉ាងតិចដប់គ្រឿង, ផ្ទះមួយខ្នងរបស់ប្រជាជននៅក្បែរនោះ, ការ៉ាស់ឡាន, ដំបូលការិយាល័យមួយកន្លែង និងផ្សារទំនើបសុទ្ធតែរងការខូចខាតដោយសារការវាយប្រហារលើកនេះ។
តាមរយៈរូបថតដែលផ្សព្វផ្សាយដោយទីភ្នាក់ងារសង្គ្រោះបន្ទាន់របស់អ៊ុយក្រែន គេឃើញអំបែងគ្រាប់វាយប្រហារត្រូវចំច្រកទ្វារចេញ-ចូលខាងមុខហាងលក់ទំនិញ និងប្លុកផ្ទះល្វែង និងឃើញក្រុមអ្នកជួយសង្គ្រោះដឹកជញ្ជូនប្រជាជនដែលត្រូវរបួសឆ្លងកាត់រថយន្តដែលឆេះ និងហុយផ្សែងទ្រលោម។ កម្ទេចកម្ទីដែកនៅរាយប៉ាយពាសពេញកន្លែងកើតហេតុ។

អភិបាលក្រុងខាគីវ លោកអ៊ីហ័រ ថេរ៉េកូស (Ihor Terekhov) ថ្លែងថាដ្រូនមួយគ្រឿងវាយប្រហារទីតាំងក្បែរមណ្ឌលសុខភាពបណ្ដាលឱ្យរបួសវេជ្ជបណ្ឌិតម្នាក់ និងខូចខាតអគារ និងរថយន្តជាច្រើនគ្រឿង។ និស្សិតអ៊ុយក្រែនម្នាក់អាយុ២២ឆ្នាំនិយាយរៀបរាប់ថាមុនដំបូង ខ្លួនស្ដាប់ឮសំឡេងដ្រូនម៉ាកសាហ៊ីត (Shahed) បើកមកកាន់តែកៀក។ មិនយូរប៉ុន្មានខ្លួនត្រូវខ្ទាតទៅនៅកន្លៀតជញ្ជាំងដោយសារអានុភាពនៃកម្លាំងផ្ទុះ។ ពេលនោះ ខ្លួនរស់នៅជាន់ទីបីនៃអគារដែលរងការវាយប្រហារ។ នេះបើយោងតាមប្រភពពីរ៉យទ័រ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ