ប្រទេសនីហ្សេរីយ៉ា ៖ ក្មេងស្រីសិស្សសាលា២៥នាក់ ត្រូវបានចាប់ពង្រត់ពីសយនដ្ឋាន (កន្លែងស្នាក់នៅរបស់សិស្សឬនិស្សិត)មួយនៃរដ្ឋកេបប៊ីភាគពាយ័ព្យនីហ្សេរីយ៉ា តែក្មេងស្រីម្នាក់អាចរត់គេចខ្លួនរួចវិលត្រឡប់មកកាន់ផ្ទះនាងវិញ។ នេះជាការប្រកាសកាលពីថ្ងៃទី១៨វិច្ឆិការបស់នាយកសាលា ។

យុវនារីទាំងនោះត្រូវបានចាប់ពង្រត់ កាលពីព្រឹកថ្ងៃទី១៧វិច្ឆិកា ក្នុងឱកាសនៃការវាយប្រហារដោយអាវុធ ប្រឆាំងសាលាមធ្យមសិក្សាមួយនាភាគពាយ័ព្យនីហ្សេរីយ៉ា។ ពួកជនប្រដាប់អាវុធបាននាំយុវនារី២៥នាក់ទៅជាមួយនិងសម្លាប់បុគ្គលិកសាលាម្នាក់។ នាយកសាលាលោកមូសារ៉ាប៊ីម៉ាហ្គាជីថ្លែងថា សិស្សស្រីដែលអាចរត់គេចខ្លួន បានរត់កាត់ព្រៃនិងបានមកដល់ផ្ទះនាងនាយប់ថ្ងៃទី១៧វិច្ឆិកា ច្រើនម៉ោងក្រោយការចាប់ពង្រត់ពួកនាង ពីសាលាមធ្យមសិក្សាមួយសម្រាប់នារី។ សិស្សស្រីម្នាក់ទៀតដែលរួចផុតពីការចាប់ពង្រត់បានរៀបរាប់ថា នាងអាចគេចខ្លួនបាននៅណាទីចុងក្រោយបន្ទាប់ពីការវាយប្រហារ។
ការចាប់ពង្រត់សិស្សសាលាក្លាយជារឿងធម្មតាទៅហើយនៅភាគខាងជើងនីហ្សេរីយ៉ា កន្លែងដែលមានក្រុមប្រដាប់អាវុធច្រើនសិបក្រុម បង្កើតឡើងជាពិសេសដោយដោយពួកអ្នកចិញ្ចឹមសត្វពនេចរណ៍ហើយនាពេលថ្មីៗនេះដោយពួកជីហាដ។ តាមបណ្ដាអ្នកវិភាគថា បណ្ដាសាលារៀនជាញឹកញាប់ក្លាយជាគោលដៅវាយប្រហាររបស់ក្រុមប្រដាប់អាវុធទាំងនោះ ដើម្បីទាក់ទាញការចាប់អារម្មណ៍។
ពុំទាន់មានក្រុមណាមួយអះអាងពីការចាប់ពង្រត់នេះនៅឡើយ តែបណ្ដាអ្នកវិភាគនិងប្រជាជនយល់ថា អាចជាស្នាដៃនៃក្រុមមួយក្នុងចំណោមក្រុមជាច្រើន ដែលតែងវាយប្រហារញឹកញាប់លើសាលារៀន បណ្ដាអ្នកដំណើរនិងបណ្ដាអ្នកភូមិស្ថិតនៅដាច់ឆ្ងាយពីគេ។ ការចាប់ពង្រត់បែបនេះហាក់ដូចជាមុខរបររបស់ក្រុមប្រដាប់អាវុធទាំងនេះដើម្បីទារប្រាក់លោះ៕
ចែករំលែកព័តមាននេះ