ប្រទេសជប៉ុន ៖ ថ្ងៃទី១៧ វិច្ឆិកា ម្ចាស់ក្សត្រីអៃកូរបស់ជប៉ុន បានយាងមកកាន់ក្រុងវៀងចន្ទ ប្រទេសឡាវ សម្រាប់ទស្សនកិច្ចផ្លូវការនៅក្រៅប្រទេសលើកដំបូងរបស់ព្រះនាង ។ មានព្រះជន្ម២៣ព្រះវស្សា ម្ចាស់ក្សត្រីអៃកូ បានធ្វើតំណាងរបស់ប្រទេសព្រះនាង ចូលរួមក្នុងពិធីខួបលើកទី៧០នៃការបង្កើតទំនាក់ទំនងការទូតរបស់ជប៉ុនជាមួយឡាវ។

ទស្សនកិច្ចរបស់ព្រះនាងនៅឡាវ ចាប់ផ្ដើមតាមរយៈការយាងទៅកាន់PATUXAI ប្រជាវិមានកសាងឡើងក្រោមរាជ្យរបស់មហាក្សត្រឡាវសាវ៉ាងវឌ្ឍនា ជាមហាក្សត្រចុងក្រោយរបស់ឡាវ ជាវិមានរំឭកដល់់ឯករាជ្យភាពរបស់ឡាវពីនឹមអាណានិគម៍បារាំង។ កំពូលវិមាននោះ មានកម្ពស់ដល់ជិត៥០ម៉ែត្រ ពេលទតព្រះនាង បានសរសើរដល់ស្នាដៃស្ថាបត្យកម្ម ដែលក៏លាតត្រដាងផងដែរពីឥទ្ធិពលរបស់បារាំង។
បុត្រីរបស់ព្រះចៅអធិរាជជប៉ុនណារូហ៊ីតូ បានបន្តយាងទៅទស្សនាប្រាសាទប្រាថាតលួង ជាប្រាសាទពិសិដ្ឋិបំផុតរបស់ប្រទេស ដែលតាមរឿងព្រេងថាទីនោះមានកេសារបស់ព្រះពុទ្ធ។ ទស្សនកិច្ចនៅបរទេសលើកដំបូងរបស់ព្រះនាងត្រូវបានបញ្ចប់តាមរយៈ ការជួបជាមួយប្រធានាធិបតីឡាវលោកTHONGLOUN SISULITH ដែលរៀបចំពីធីជប់លៀងផ្លូវរដ្ឋមួយជាកិត្តិយសថ្វាយព្រះនាង៕
ចែករំលែកព័តមាននេះ