ប្រទេសឥណ្ឌា ៖ ពាណិជ្ជកម្មនាំចេញអង្ករដ៏រីកចម្រើនរបស់ប្រទេសឥណ្ឌា ត្រូវបានធ្លាក់ចូលទៅក្នុងភាពច្របូកច្របល់ខ្លាំង ដោយសារជម្លោះនៅមជ្ឈិមបូព៌ា បណ្តាលឱ្យការដឹកជញ្ជូនរាប់រយរាប់ពាន់តោនជាប់គាំង និងការភ័យខ្លាចកាន់តែខ្លាំងឡើងអំពីផលប៉ះពាល់លើតម្លៃ និងសន្តិសុខស្បៀង។ នេះបើតាមប្រភពពីសារព័ត៌មាន Channel News Asia (CAN) ចេញផ្សាយកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦។
អ្វីដែលត្រូវបានរំពឹងថា នឹងក្លាយជាឆ្នាំដ៏ជោគជ័យសម្រាប់បណ្តាក្រុមហ៊ុននាំចេញអង្ករឥណ្ឌា ដោយសារតែការប្រមូលផលដ៏ច្រើនរបស់ខ្លួននោះ ផ្ទុយទៅវិញត្រូវបានផ្លាស់ប្តូរខដោយសង្គ្រាមដែលកំពុងបន្តក្នុងប្រទេសអ៊ីរ៉ង់ ហើយបើតាមការប៉ាន់ប្រមាណឧស្សាហកម្មបានបង្ហាញថា អង្ករប្រហែល ៤០ ម៉ឺនតោន កំពុងតែជាប់គាំងនៅកំពង់ផែ ឬនៅលើសមុទ្រ ដែលមិនអាចទៅដល់ទីផ្សារសំខាន់ៗ។
ឥណ្ឌា គឺជាប្រទេសផលិត និងនាំចេញអង្ករធំជាងគេបំផុតនៅលើពិភពលោក ដែលមានចំនួនប្រហែល ៤០% នៃការនាំចេញសកល។ ប្រទេសនេះបានដឹកជញ្ជូនអង្ករបាសម៉ាទី (ពasmati) គ្រាប់វែងប្រហែល ៦ លានតោន កាលពីឆ្នាំមុន ដែលភាគច្រើនគឺបម្រុងទុកសម្រាប់តំបន់មជ្ឈិមបូព៌ា។
ប៉ុន្តែដោយសារអ៊ីរ៉ង់ជាអ្នកទិញដ៏សំខាន់ ជម្លោះនេះបានធ្វើឱ្យតម្រូវការត្រូវបានបិទខ្ទប់ និងរំខានដល់ផ្លូវដឹកជញ្ជូន ដែលធ្វើឱ្យក្រុមហ៊ុននាំចេញឥណ្ឌាប្រឈមមុខនឹងការខាតបង់យ៉ាងធ្ងន់ធ្ងរ។
សហព័ន្ធនាំចេញអង្ករឥណ្ឌា តំណាងឱ្យក្រុមហ៊ុននាំចេញចំនួន ៧ ០០០ បានប្រកាសថា ថ្លៃដើមកំពុងតែកើនឡើង ខណៈពេលការបញ្ជាទិញថ្មីបានជាប់គាំងដោយសារសង្គ្រាម។ លើសពីនេះ ការរំខានដល់ការដឹកជញ្ជូនបានបណ្តាលឱ្យតម្លៃទីផ្សារនៅក្នុងស្រុកធ្លាក់ចុះ ១០%។ បណ្តាពាណិជ្ជករព្រមានថា ប្រសិនបើអង្ករមិនអាចទៅដល់គោលដៅ ហើយត្រូវបានបង្វែរទៅទីផ្សារក្នុងស្រុកវិញ នោះវាអាចរំខានដល់ប្រតិបត្តិការ បង្កឱ្យមានការផ្គត់ផ្គង់លើស និងបណ្តាលឱ្យតម្លៃធ្លាក់ចុះ។
ក្រៅពីការនាំចេញអង្ករ ជម្លោះនៅមជ្ឈិមបូព៌ាកំពុងបង្កើនក្តីបារម្ភអំពីការផ្គត់ផ្គង់ជី ដែលមានសារៈសំខាន់ណាស់ សម្រាប់រដូវសាបព្រួសបន្ទាប់របស់ប្រទេសឥណ្ឌា ដ្បិតប្រទេសនេះ ពឹងផ្អែកយ៉ាងខ្លាំងទៅលើការនាំចូលជ។ ការនាំចូលជីអ៊ុយរ៉េភាគច្រើនរបស់ឥណ្ឌា មកពីប្រទេសឈូងសមុទ្រ ដូចជា អូម៉ង់ កាតា អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម។ ក្នុងពេលជាមួយគ្នានេះ ឧស្ម័នធម្មជាតិរាវ (LNG) ជិតពាក់កណ្តាលរបស់ឥណ្ឌា ដែលប្រើសម្រាប់ផលិតជីអ៊ុយរ៉េក្នុងស្រុក នាំចូលមកពីប្រទេសកាតា ជាកន្លែងដែលសមត្ថភាពនាំចេញត្រូវបានរងផលប៉ះពាល់ដោយការវាយប្រហាររបស់អ៊ីរ៉ង់។
យ៉ាងណាមិញ រដ្ឋាភិបាលឥណ្ឌាបានធានាថា ខ្លួនមានស្តុកជីគ្រប់គ្រាន់សម្រាប់រដូវសាបព្រួសខាងមុខនេះ ហើយកំពុងស្វែងរកប្រភពជំនួស ដើម្បីធានាបាននូវការផ្គត់ផ្គង់ជាបន្តបន្ទាប់ ក៏ដូចជាផ្តល់អាទិភាពដល់ការផ្គត់ផ្គង់ឧស្ម័នដល់រោងចក្រជីក្នុងស្រុកផងដែរ៕

ចែករំលែកព័តមាននេះ