ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​យុវជនកម្ពុជាឆ្នើម ៣២ រូប ​ទៅក្រេបជញ្ជក់ចំណេះដឹងនៅជប៉ុន ​សម្រាប់មាតុភូមិ​

3 ម៉ោង មុន

(រាជធានីភ្នំពេញ)៖ យុវជនកម្ពុជាឆ្នើមៗចំនួន ៣២ រូប បានត្រៀមខ្លួនរួចជាស្រេចក្នុងបេសកកម្មឆ្ពោះទៅក្រេបជញ្ជក់ចំណេះវិជ្ជាពីទឹកដីប្រទេសជប៉ុនដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមឱ្យកាន់តែរីកចម្រើន។ ក្នុងបរិយាកាសដ៏ស្និទ្ធស្នាល និងពោរពេញដោយក្ដីសង្ឃឹមនៅនិវេសនដ្ឋានឯកអគ្គរាជទូតជប៉ុន កាលពីព្រលប់ថ្ងៃទី២៤ ខែមីនា​​ ពិធីជប់លៀងជូនដំណើរជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនឆ្នាំ២០២៦…

(រាជធានីភ្នំពេញ)៖ យុវជនកម្ពុជាឆ្នើមៗចំនួន ៣២ រូប បានត្រៀមខ្លួនរួចជាស្រេចក្នុងបេសកកម្មឆ្ពោះទៅក្រេបជញ្ជក់ចំណេះវិជ្ជាពីទឹកដីប្រទេសជប៉ុនដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមឱ្យកាន់តែរីកចម្រើន។

ក្នុងបរិយាកាសដ៏ស្និទ្ធស្នាល និងពោរពេញដោយក្ដីសង្ឃឹមនៅនិវេសនដ្ឋានឯកអគ្គរាជទូតជប៉ុន កាលពីព្រលប់ថ្ងៃទី២៤ ខែមីនា​​ ពិធីជប់លៀងជូនដំណើរជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនឆ្នាំ២០២៦ ​ត្រូវបានរៀបចំឡើង​ដើម្បីជាការផ្ដល់កម្លាំងចិត្តដល់យុវជនដែលបានឆ្លងកាត់ការជម្រុះយ៉ាងស្វិតស្វាញបំផុតពីបណ្តាគ្រឹះស្ថានអប់រំល្បីៗក្នុងប្រទេសជប៉ុន។

ក្នុងឱកាស​នោះ លោកបណ្ឌិត ឈួន ជីវិន រដ្ឋលេខាធិការ ​តំណាងដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងនូវសេចក្តីកោតសរសើរ និងផ្ដល់នូវដំបូន្មានយ៉ាងកក់ក្តៅដល់យុវជនជ័យលាភីទាំងអស់។ លោកបណ្ឌិតបានសង្កត់ធ្ងន់ថា ការឈានជើងទៅកាន់ប្រទេសជប៉ុននាពេលនេះ គឺជាសក្ខីភាពបញ្ជាក់ពីសមត្ថភាពពិតប្រាកដដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ។ លើសពីនេះ លោកបានដាស់តឿនឱ្យយុវជនកម្ពុជាត្រូវខិតខំក្រេបជញ្ជក់យកទាំងចំណេះដឹង និងជំនាញបច្ចេកទេសឱ្យបានច្បាស់លាស់ ដើម្បីនាំយកមកវិញនូវសក្តានុពលសម្រាប់អភិវឌ្ឍមាតុភូមិ ដែលនេះគឺជាសសរស្តម្ភដ៏សំខាន់នៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងគោលដៅអភិវឌ្ឍមូលធនមនុស្សជាអាទិភាព។

ជាមួយគ្នានោះ លោករដ្ឋលេខាធិការ បានលើកឡើងថា កិច្ចសហប្រតិបត្តិការដ៏រឹងមាំលើវិស័យអប់រំនេះ មិនត្រឹមតែជាការផ្លាស់ប្តូរចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែគឺជាការរឹតចំណងមិត្តភាពក្រោម “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” រវាងកម្ពុជា និងជប៉ុន ឱ្យកាន់តែស្ថិតស្ថេរជានិរន្តរ៍។ តាមរយៈយុវជនឆ្នើមទាំងនេះ កម្ពុជារំពឹងថានឹងទទួលបាននូវកម្លាំងចលករថ្មីៗ ប្រកបដោយចំណេះដឹងខ្ពង់ខ្ពស់ ដើម្បីចូលរួមចំណែកសម្រេចឱ្យបាននូវចក្ខុវិស័យអភិវឌ្ឍន៍ឆ្នាំ២០៥០ និងនាំមកនូវភាពរុងរឿងជូនជាតិមាតុភូមិទៅថ្ងៃអនាគត។

ទន្ទឹមនឹង​នោះដែរ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ​បានបង្ហាញនូវក្តីមោទនភាពចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការអប់រំរវាងប្រទេសទាំងពីរ។ លោកក៏បានលើកទឹកចិត្តដល់និស្សិតថ្មីដែលមកពី៤ផ្នែកផ្សេងៗគ្នា រួមមាន«ថ្នាក់ក្រោយឧត្តមសិក្សា» «ថ្នាក់ឧត្តមសិក្សា» «ថ្នាក់មធ្យមសិក្សាបច្ចេកទេស និង «ថ្នាក់បណ្តុះបណ្តា លវិជ្ជាជីវៈ»​ ឱ្យចេះបត់បែន និងរៀនរស់នៅក្នុងបរិយាកាសថ្មីដោយភាពជឿជាក់ ព្រោះបទពិសោធ​នៅបរទេសនឹងក្លាយជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតសម្រាប់ជីវិត។​

បើតាមលោកឯកអគ្គរាជទូតជប៉ុន ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០ រដ្ឋាភិបាលជប៉ុនបានផ្ដល់ឱកាសដល់យុវជនកម្ពុជាជាង ១,៦០០ នាក់ហើយ ឱ្យបានសិក្សានៅប្រទេសជប៉ុន៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ