ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​ជប៉ុន​ ផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់ដល់ជនភៀសសឹក​កម្ពុជា ប្រមាណ១,៨​លានដុល្លារ និង​វិស័យ​នានាប្រមាណ ១៧លានដុល្លារ

2 នាទី មុន

រាជធានី​ភ្នំពេញ ​៖ កាលពី​ថ្ងៃ​ទី ​២៣ ខែមីនា ឆ្នាំ ​២០២៦ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំប្រទេសកម្ពុជា ឯកឧត្តម អ៊ូ​អិ​ណុ…

រាជធានី​ភ្នំពេញ ​៖ កាលពី​ថ្ងៃ​ទី ​២៣ ខែមីនា ឆ្នាំ ​២០២៦ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំប្រទេសកម្ពុជា ឯកឧត្តម អ៊ូ​អិ​ណុ អាត់​ស៊ូ​ស៊ី បានថ្លែង​ក្នុង​ពិធី​បើក​កម្មវិធី​ទស្សនៈកិច្ច​អ្នក​សារ​ព័ត៌​មាន ស្ដី​ពី​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ (ODA) ជប៉ុន ដូចនេះ​ថា ​៖ «​មុន​នឹង​ចូល​ប្រធានបទ​កម្មវិធី​ថ្ងៃនេះ អនុញ្ញាតិ​ឱ្យ​រូប​ខ្ញុំ​លើក​ឡើង​ពី​បញ្ហា​ព្រំដែន​បន្តិច ​។ ប្រទេសកម្ពុជា​កំពុង​ជួបនឹង​ស្ថានការណ៍​លំបាក​យ៉ាង​ខ្លាំង ចាប់តាំងពី​ខែឧសភា​ឆ្នាំ​មុន ដោយសារ​ជម្លោះព្រំដែន​ជាមួយ​ប្រទេស​ថៃ​ ។ ក្នុង​ន័យ​នេះ ខ្ញុំ​ប្រាកដ​ណាស់​ថា លោក​អ្នកជា​ច្រើន​ដែល​មាន​វត្ត​មាននៅទី​នេះបាន​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ព្រំដែន ហើយ​បាន​ចូលរួម​រាយការណ៍​អំពី​ស្ថានភាព​ទាំងនោះ​» ។

ឯកអគ្គរាជទូត​ជប៉ុន អ៊ូ​អិ​ណុ អាត់​ស៊ូ​ស៊ី បន្ត​ថា ​៖ «​ជា​ថ្មី​ម្ដងទៀត​ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ចំពោះ​ជន​ដែល​បាន​បាត់បង់​ជីវិត​ក្នុង​ជម្លោះព្រំដែន និង​សូម​សម្តែង​នូវ​សេចក្តី​អាណិតអាសូរ​ដោយ​ស្មោះចំពោះ​អ្នក​ដែល​បាន​រង​គ្រោះ​ក្រោម​រូបភាព​នានា​ទាំងអស់ ​។ ប្រទេស​ជប៉ុន​សង្ឃឹម​យ៉ាង​មុតមាំ​ថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​នឹង​មាន​ភាព​ប្រក្រតីឡើងវិញ​ឆាប់​ៗ​តាម​ដែល​អាច​ធ្វើ​បាន តាម​រយៈ​ការ​អនុវត្ត​យ៉ាង​ប្រាកដប្រជា​នូវ​កិច្ចព្រមព្រៀង​ឈប់​បាញ់ ការ​អត់ធ្មត់​ជាអតិបរមា និង​ការ​បន្ថយ​ភាព​តានតឹងតាម​រយៈ​ការ​សន្ទនា​ដោយ​សន្តិវិធី ​។ ជប៉ុន​នឹង​បន្តកិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ពាក់ព័ន្ធ ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង​បន្ថែម​ទៀត ហើយនឹង​បន្ត ផ្ដល់​ការ​គាំទ្រ​ក្រោម​ទម្រង់​ផ្សេង​ៗ»​ ។

ឯកអគ្គរាជទូត​ជប៉ុន បញ្ជាក់​ផង​ដែរ​ថា សម្រាប់​ជំនួយ​ទាក់ទង​នឹង​បញ្ហា​ព្រំដែន រដ្ឋាភិបាល​ជប៉ុន ដោយ​សហការ​ជាមួយ​អង្គការ IOM និង UNICEF បាន​ផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់ ដែល​ស្មើរ​នឹង​ទឹកប្រាក់ ១,៨00,000 ដុល្លារ​អា​មេ​រិ​ក ដល់​ជនភៀសសឹក នៅ​តាម​តំបន់​ព្រំដែន​កាលពី​ខែសីហា​ឆ្នាំ​មុន ​។ លើស​ពី​នេះ ចាប់តាំងពី​ខែមករា​ឆ្នាំ​នេះ ជប៉ុន​បាន​និង​កំពុង​ផ្តល់​ការ​គាំទ្រ​ដល់​ពលករដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ និង​ជន​ងាយ​រង​គ្រោះ​នៅតាម​តំបន់​ព្រំដែន​ផង​ដែរ ។ ជាង​នេះ​ទៅ​ទៀតយើង​ក៏​បាន​និង​កំពុង​បន្ត​ផ្តល់​ការ​គាំទ្រ ដោយ​សហការ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គការ​អន្តរជាតិ​នានា លើ​វិស័យ​នានា​ដូច​ជា វិធានការ​ប្រឆាំង​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ជាដើម​ផង​ដែរ​ ។ ទំហំ​ទឹកប្រាក់​សរុប​នៃ​ជំនួយ​ទាំងនេះ គឺ​ប្រមាណ ១៧ លាន​ដុល្លារ​អា​មេ​រិ​ក ​។

ឯកអគ្គរាជទូត​ក៏​បាន​សង្កត់ធ្ងន់​ផង​ដែរ​ថា ជប៉ុន​មាន​បំណង​បន្ត​គាំទ្រ​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់ ក៏​ដូច​ជា​ជំរុញ​ការស្តារ និង​អភិវឌ្ឍន៍​ជីវភាព​រស់នៅ​របស់​ប្រជាជននៅ​តាម​តំបន់​ព្រំដែន​នា​ពេល​អនាគត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ