ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈ​ពេល​១ស​ប្ដា​ហ៍​​ហើយ ​ស្ថានភាព​ជំងឺ​ក្មេង​ប្រុស​ម្នាក់​​ដែល​ត្រូវ​គេ​វា.យដំ​នៅ​សាលា​ឯកជន​មួយ​​ នៅ​តែ​មិន​ទាន់​ធូរ​ស្រាល

9 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖​ កុមា​រា​អាយុ​០៦​ឆ្នាំ​ម្នាក់  ដែល​ម្ដាយ​អះអាង​​ថា  បាន​រង​របួស​ធ្ងន់ធ្ងរ​ត្រង់​ឆ្អឹង​ខ្នង ​និង​សាច់ដុំ  ដោយសារ​ត្រូវ​កូនសិស្ស​​ក្នុង​ថ្នាក់រៀន​ជាមួយ​គ្នា ​វាយដំ​ផ្ទប់​ទៅ​នឹង​ជញ្ជាំងកាលពី​ស​ប្ដា​ហ៍​​មុន​នៅ​ក្នុង​បន្ទប់រៀន​សាលា​​ភាសា​អន្តរជាតិ​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​​សំណាញ់ ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់ រហូត​មក​ដល់​ថ្ងៃនេះ  ស្ថានភាព​ជំងឺ​របស់​កុមា​រា​នោះ​នៅ​តែ​មិន​ទាន់​បាន​ធូរស្រាល​នៅឡើយ​ទេ ហើយ​កំពុង​សម្រាក​ព្យាបាល​​នៅ​មន្ទីរពេទ្យ​ «​គន្ធ​បុប្ផា»ខេត្តសៀមរាប​​នៅឡើយ ខណៈ​នាយក​សាលា​ភាសា​អន្តរជាតិ​មួយ​នេះ បាន​បដិ​សេធ​មិន​ទ​ទួ​ល​ខុស​ត្រូវចំពោះ​អំពើ​ហិ​​ង្សា​នេះ​ទេ ។ ​នេះ​បើ​តាម​ម្ដាយ​កុមារ​រង​គ្រោះបាន​បញ្ជាក់​​ប្រាប់​តាម​ទូរស័ព្ទ​ ។

អ្នកស្រី វង កន្និដ្ឋា ម្ដាយ​កុមារ​រង​គ្រោះបាន​ថ្លែងប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ តុលា នេះ​​ថា  កូនប្រុស​គាត់​ឈ្មោះ  យ៉​ន គឹ​មយី​សិរី​វ​ឌ្ឍ​នា  អាយុ​០៦​ឆ្នាំ  រៀន​នៅ​សាលា​ឯកជន «​សាលា​ភាសារ​អន្តរជាតិ ឡៃ​ហ្វ៏ ប្រ៊ី​ដ​ហ្គ៏» ដែល​មា​នទី​តាំងនៅ​ភូមិ​សំណាញ់  ឃុំ​ភ្នំ​សំពៅ  ស្រុក​បាណ​ន់​ ។ ​​អ្នកស្រី​បាន​ប្រាប់​ថា អំពើ​ហិ​ង្សា​ដែល​បាន​កើតឡើង​មក​លើ​កូនប្រុស​គាត់​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី១៦ តុលា  នៅ​ក្នុង​បន្ទប់​សាលា​ភាសាអន្តរជាតិ​ខាងលើ​នេះ​តែ​ម្ដង ​។ កូនប្រុស​គាត់​ត្រូវ​កូនសិស្ស​ដែល​រៀន​នៅ​សាលា​ជា​មួយ​​គ្នា​វាយ​ដំ និងធាក់​ត្រូវ​ចំ​ចង្កេះ​ផ្ទប់​ទៅ​នឹង​ជញ្ជាំង បណ្ដាល​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ  រហូត​​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ «​គន្ធ​បុប្ផា» នៅ​ខេត្តសៀមរាប​ ។ ​ប៉ុន្តែ​ត្រូវ​​បាន​នាយក​សាលា​ភាសា​អន្តរជាតិ​មួយ​នេះបដិសេធ​មិន​ទ​ទួ​ល​ខុស​ត្រូវ​ឡើយ ​។

អ្នកស្រីបាន​ទៅ​សួរនាំ​រឿង​នេះដល់​សាលា  តែ​នាយ​កសាលា​នេះ​បាន​បដិសេធ​ថា   រឿង​នេះ​ មិន​បាន​កើតឡើង​នៅ​ក្នុង​សាលា​គេ​ទេ (​សាលា​ភាសា​អន្តរជាតិ ឡៃ​ហ្វ៏ ប្រ៊ី​ដ​ហ្គ៏​)​។  អ្នកស្រី​បាន​ទាមទា​ឲ្យ​នាយក​សាលា​នេះ ត្រូ​ត​ពិនិត្យ​កាមេរ៉ា​សុវត្ថិភាព  តែ​នាយក​សាលា​នេះ​មិន​ព្រម​មើល​ទេ  បែរជា​ថា កាមេរ៉ា​សុវត្ថិភាព «​ខូច មើល​មិនឃើញ»​ ។

​គាត់​បាន​ប្រាប់​ថា  ក្រោយ​ពី​នាយក​សាលា​ឯកជន​មួយ​នេះ បដិសេធ​មិន​ទ​ទួល​ខុស​ត្រូវ​លើ​កូន​ប្រុ​សគាត់ គាត់​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុ​ស្ដិ៍​​នគរបាល​ឃុំ​ភ្នំ​សំពៅ   ប៉ុន្តែ​នាយក​សាលា​នេះ  នៅ​តែ​បដិសេធ​មិន​ទ​ទួល​ខុស​​ត្រូវ​ចំពោះ​អំពើ​ហិ​ង្សា ដែល​កើតឡើង​លើ​កូនប្រុស​​គាត់​ដដែល​ ។      

អ្នកស្រី វង  ឈឹ​ម​កន្និដ្ឋា បាន​បញ្ជាក់​ថា  ពេល​នេះ ​កូនប្រុស​អ្នកស្រី​កំពុង​សម្រាក​ព្យា​បាល​នៅ​មន្ទីរពេទ្យ«​គន្ធ​បុប្ផា»ខេត្តសៀម​រាប ដែល​ក្រុម​គ្រួ​ពេទ្យ​កំពុង​តាមដាន​ជំងឺ​នឡើយ ​។ ​ក្រុម​គ្រូពេទ្យ​បាន​ប្រើប្រាស់គ្រប់​មធ្យោ​បាយ   ដើម្បី​ថត​ឆ្លុះ និង​តាមដាន​ជំងឺ​កូនប្រុស​គាត់  និង​​បាន​រក​ឃើញ​ថា កូនប្រុស​គាត់​រង​របួស​ «ត្រង់​ឆ្អឹង​ចង្កេះ  ឆ្អឹងជំនីរ និង សាច់ដុំ» ​។ គាត់​បាន​បន្ថែម​ថា ពេល​នេះ​ កូនប្រុស​គាត់​អាច​ងើប​ដើរ​បាន តែ​នៅ​ឈឺ​ចុកចាប់​ខ្លាំង  ហើយ​ងើប​ដើរ​មិន​ត្រង់​ចង្កេះ​ទេ  ដូច្នេះ​ហើយ​ ទើប​គ្រូពេទ្យ​ត្រូវការ​តាមដាន​បន្ត​ទៀត ​។

ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទប្រកាន់់​ខាងលើ​នេះ  អ្នកស្រី នូ ស្រី​ម៉ិច  នាយ​ការ​សាលា​ភាសា​អន្តរជាតិ «​ឡៃ​ហ្វ៏ ប្រ៊ី​ដ​ហ្គ៏» មិន​បាន​បំភ្លឺ​តប​ជា​វិជ្ជមាន​ទៅ​នឹង​សំណួរ​កោះសន្តិភាព​ទេ  ដោយ​អ្នកស្រីបាន​ជម្រុញ​ឲ្យ​ទៅ​សួរនាំ​លោក​ប៉ូលិស​វិញ ​។ អ្នកស្រី​នាយ​ក​រូប​នេះ បាន​ឆ្លើយ​តប​តាម​ទូរស័ព្ទ​ត្រឡប់​មក​វិញយ៉ាង​ដូច្នេះ​ថា «​ទាក់ទង​នឹង​រឿង​នេះ​ដែរ   ដោយសារ​តែ​​ខាង​សាលាបាន​សហការ​ជាមួយ​ប៉ូលិស​បានដឹង​ឮ បាន​ចុះ​មក​ស៊ើប បាន​បំភ្លឺ​អី​អស់ហើយ​ ។  ចឹ​ង​បើ​បង​ចង់​សួរ ចង់​សម្ភាស​ន៍ ឬបង​ចង់​ដឹង​ព័​ត៌​មានអី បងអាច​ស្នើ​សុំ​ទៅ​ខាង​ប៉ុ​ស្ដិ៍​​សិន​ទៅ ព្រោះ​ប៉ូលិស​កំពុង​តែ​ធ្វើការ​ដែរ» ​។

​នាយ​ក​រូប​នេះ បាន​ពន្យល់​កោះសន្តិភាព​បន្ថែម​ថា «​មូលហេតុ ដែល​ខ្ញុំ​ចង់​ឲ្យ​ទៅ​សម្ភាស​ន៍​ប៉ូលិស ដោយសារ​តែ​ប៉ូលិស​ដឹង​រឿង​អស់ហើយ  ខ្ញុំ​គ្រាន់តែ​សុំ​អនុញ្ញត​ពី​​ប៉ូលិស​សិន​​ថា  តើ​អាច​ផ្ដល់​បទ​ស​ម្ភាសន៍​ឱ្យ​បង​បាន​ដែរ​ឬ​អត់ ?  ដូច្នេះ ​ខ្ញុំ​សុំ​ការ​អនុញ្ញា​ពី​ប៉ុ​ស្ដិ៍​​សិន  ចឹ​ង​ខ្ញុំ​ខ​ល​ទៅ​ប្រាប់​គាត់​បន្តិច​សិន»​។

គេ​មិន​ទាន់​ដឹង​ថា  តើ​នាយ​ក​សាលា​ឯកជន ដែល​រង​ការ​ប្ដឹង​ចោទប្រកាន់​ម្នាក់​នេះ  ត្រូវជា​អ្វី​នឹង​លោក​មេ​ប៉ុ​ស្ដិ៍​នគរបាល​ភ្នំ​សំពៅ​នោះ​ទេ  ទើបត្រូវ​ការ​សុំ​យោបល់​លោក​មន្ត្រី​ប៉ុ​ស្ដិ៍​ជា​មុន​​សិន  មុន​នឹង​ផ្ដល់​បទ​ស​ម្ភាសន៍​​ជាមួយ​កោះសន្តិភាព​? មិន​ត្រឹ​ម​តែ​មិន​ព្រម​បំភ្លឺ​ប៉ុណ្ណោះ​​ទេ    នាយ​ក​រូប​នេះ​​ថែម​ទាំង​បាន​ជម្រុញ​ឲ្យ​កោះសន្តិភាពទៅសួរនាំ​ទៅ​មន្ត្រី​នគរ​បាល​​ប៉ុ​ស្ដិ៍​ទៀត  ដោយ​បញ្ជាក់​ថា «​រឿង​នេះ ប៉ូលិស​ដឹង​ឮ​អស់ហើយ» តើ​សំណុំរឿង​នេះ លោក​​មេ​ប៉ុ​ស្ដិ៍​​នគរបាល​ភ្នំ​សំពៅបានដឹង​ស៊ីជម្រៅ​ដល់​កំរិត​ណា​ដែរ ទើប​ភាគី​ចុងចោទ​ខាងលើ​នេះ​ផ្ដល់​ទំនុកចិត្ត​ដល់​ម្លឹ​ង?

​នាយ​ប៉ុ​ស្ដិ៍​​នគរបាល​រដ្ឋបាល​ភ្នំ​សំពៅ លោក ឈឿ​ន ចាន់​ណា​រិ​ទ្ធ  ក៏​មិន​បាន​ផ្ដល់​ចម្លើយ​ពិស្ដារ​ជុំវិញ​សំណុំរឿង​នេះ​ដែរ​ ។ ​ការ​ផ្ដល់​ចម្លើយ​របស់​លោក  ហាក់​ស្រ​ដៀង​គ្នា​ទៅ​នឹង​ការ​ផ្ដល់​ចម្លើយ​របស់​អ្នកស្រីនាយ​ក​សាលា​ភាសារ​អន្តរជាតិ​ខាងលើ​នេះ​​ដែរ  ដោយ​លោក​មេ​ប៉ុ​ស្ដិ៍​​រូប​នេះ បាន​ជ​ម្រុ​ញ​ឲ្យ​កោះសន្តិភាពសួរនាំ​ទៅ​ថ្នាក់លើ​វិញ​ ។

​លោក ឈឿ​ន ចាន់​ណា​រិ​ទ្ធ បាន​ផ្ដល់​ចម្លើយ​ដូច្នេះ​ថា «​រឿង​នេះ ខ្ញុំ​បញ្ជូន​ទៅ​ស្រុក​ហើយ ចឹ​ង​បងអាច​សួរ​ទៅ​ស្រុក​បាន​ណា​បង»​ ។ សំណួរកោះសន្តិភាព​៖ ខ្ញុំ​ចង់​ដឹង​បឋម​ពី​មូលដ្ឋាន​​សិន  តើ​ក្រោយ​ពី​ទ​ទូល​បណ្ដឹង​ហើយ យើង​បាន​ចុះ​ស្រាវជ្រាវ​មើល​កា​មេ​រ៉ា​សុវត្ថិភាព​ដែរ​ឬ​យ៉ាងណា ?    ចម្លើយលោកនាយ​ប៉ុ​ស្ដិ៍​​ «​យើង​បាន​ស្រា​វ​ជ្រាវ​រួច​ហើយ បាន​បញ្ជូន​ទៅ​ស្រុក» ​។​ តើ​រក​ឃើញ​ភស្ដុ​តាង​ឃើញ​មាន​ក្មេង​ៗ​វាយតប់​គ្នា​ដែរ​ឬទេ​? លោក​មេ​ប៉ុ​ស្ដិ៍ «​អត់​មាន​កាមេរ៉ា​ទេ» ប៉ុន្តែ​​ក្រោយមក​ លោកនាយ​ប៉ុ​ស្ដិ៍​រូប​នេះ​បញ្ជាក់​ប្រាប់​វិញ​ថា «កាមេរ៉ា​មាន​ដែរ តែ​មាន​បំពាក់​នៅ​កន្លែង​គិតលុយ  ហើយ​ខូច​ទៀត» ​។  យ៉ាងណា  នេះ​ជា​ការ​ឆ្លើយ​បំភ្លឺ​របស់​មន្ត្រី​ប៉ុ​ស្តិ៍​ដែល​ទ​ទួល​បណ្ដឹង​ជន​រង​គ្រោះ​ ។

ដោយឡែក បើ​និយាយ​ពី​ភាគី​ដើមបណ្ដឹង​វិញ គឺ​លោកស្រី វង ឈឹ​ម​កន្និដ្ឋា  បាន​បញ្ជាក់​ថា  កូនស្រី​គាត់​ម្នាក់​អាយុ​០៥​ឆ្នាំ (​ប្អូន​​ជន​រង​គ្រោះ​) នៅ​ក្នុង​បន្ទប់រៀន​ដែរ បានឃើញ​ផ្ទាល់​ភ្នែកជាមួយនឹង​ក្មេង​ៗ​ដទៃ​ទៀត ហើយ​ថែម​ទាំង​ស្គាល់ឈ្មោះ​អ្នក​វាយ​កូនប្រុស​គាត់​នោះ​ទៀត​ផង នៅ​ពេល​ក្មេង​ប្រុស​ម្នាក់​ទៀត​កំពុង​វាយ​ទាត់​ធាក់​កូន​គាត់​ ។ អ្នកស្រី​បាន​ស្នើ​សុំ​ឲ្យ​សមត្ថកិច្ច និង​ត្រូវ​តែ​ធ្វើការ​ស៊ើបអង្កេត​លើ​សំណុំរឿង​នេះ​ឲ្យ​បាន​ត្រឹម​​ត្រូវ យុ​ត្ដិ​ធ​ម៌ និងឲ្យ​មាន​តម្លាភាព ព្រោះ​ពេល​នេះ ​ស្ថាន​ភាព​ជំងឺ​កូនប្រុស​អ្នក​ស្រី ហាក់​មិន​ទាន់​បាន​ធូរស្រាល​នៅឡើយ​ទេ  ហើយ​អាច​ប្រឈម​នឹង​ពិការ​ភាព​ទៀត​ផង ព្រោះ​ពេល​នេះ ​ក្រុម​គ្រូ​ពេទ្យ​​បាន​និង​កំពុង​តាមដាន​ពី​ស្ថាន​ភាព​​ជំងឺ​កូនប្រុស​គាត់​យ៉ាង​ហ្មត់ចត់​បំផុត ​។

​អ្នកស្រី​បន្ថែម​ថា  បើ​សមត្ថកិច្ច​ដោះស្រាយ​មិន​ចេញ​ទេ  ត្រូវ​តែ​បញ្ជូន​សំណុំរឿង​នេះ​ទៅ​កាន់​​តុលាការ​​ហើយ​ ៕