ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងបរិស្ថាន​ បន្ត​កំណាយ​ផូស៊ីល​ឈើ​ លើក​ទី​២ នៅ​ស្ទឹង​ត្រែង រំពឹង​រក​ឃើញ​ស្លាកស្នាម​បេតិកភណ្ឌ​ធម្មជាតិ​ដ៏​មាន​តម្លៃ

8 ម៉ោង មុន

ខេត្តស្ទឹងត្រែង​ ៖ ក្រុមការងារ​ជំនាញ​ នៃ​ក្រសួងបរិស្ថាន ចាប់ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២៦ បាន​ចុះ​ពិនិត្យ សិក្សា​ស្រាវជ្រាវ និង​កំណាយ​ផូស៊ីល​ឈើ​លើក​ទី​២ នៅ​តំបន់​ភ្នំ​ភូ​ង៉​យ ស្ថិត​ក្នុងភូមិ​កាតូត ឃុំ​កំ​ភុ​ន ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង ដើម្បី​ពង្រឹង​ការ​អភិរក្ស និង​ការ​គ្រប់គ្រង​ធនធាន​បេតិកភណ្ឌ​ធម្មជាតិ ឱ្យ​មាន​ចីរភាព និង​និរន្តរភាព​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ ។

លោក លឹ​ម វណ្ណ​ច័ន្ទ ប្រធាន​ការិយាល័យ​ នៃ​នាយកដ្ឋាន​បេតិកភណ្ឌ​ធម្មជាតិ នៃ​អគ្គនាយកដ្ឋាន​សហគមន៍​មូលដ្ឋាន ក្រសួងបរិស្ថាន បានឱ្យ​ដឹង​ថា សកម្មភាព​កំណាយ​ផូស៊ីល​ឈើ​លើក​ទី​១ នៅ​តំបន់​ភ្នំ​ភូ​ង៉​យ​នេះ ត្រូវ​បាន​ធ្វើ​ឡើង កាលពី​ខែកក្កដា ឆ្នាំ​២០២៥ កន្លង​ទៅ ដោយ​ទទួល​បាន​លទ្ធផល គួរ​ឱ្យ​កត់សម្គាល់ គឺ​បាន​រក​ឃើញ​ផូស៊ីល​ឈើ ដែល​មានមុខ​កាត់​ប្រមាណ ១ម៉ែត្រ និង​ប្រវែង​រហូត​ដល់​ប្រមាណ ១៧ម៉ែត្រ ​។

តាម​ការ​វាយតម្លៃ​បឋម ផូស៊ីល​ឈើ​នេះ​មាន​អាយុកាល​ចន្លោះ​ពី ១០០,០០០ ឆ្នាំ ទៅ ២ លាន​ឆ្នាំ និង​ត្រូវជា​ប្រភេទ​រុក្ខជាតិ​ដែល​មាន​ផ្កា និង​ផ្លែ (Dicot) ដែល​ជា​រុក្ខជាតិ​មាន​វត្តមាន​យ៉ាងច្រើន នា​ពេល​បច្ចុប្បន្ន​។ លោក​ប្រធាន​ក្រុមការងារ បានឱ្យ​ដឹង​ថា​ក្រុមការងារ​បាន​ធ្វើ​កំណាយ​នៅ​ក្នុង​ឆ្នាំ​២០២៥ និង​បាន​រក​ឃើញ​ផូស៊ីល​ដើមឈើ មាន​ប្រវែង​រហូត​ដល់ ៤០​ម៉ែត្រ មាន​ទំហំ​មុខកាត់​ប្រមាណ ១​ម៉ែត្រ និង​បាន​រក​ឃើញ​ផូស៊ីល​ដើមឈើ​ថ្មី​១​ទៀត​នៅ​ក្បែរ​នេះ​ផង​ដែរ មាន​ប្រវែង​ប្រមាណ ១០​ម៉ែត្រ​។

ផ្អែក​លើ​លទ្ធផល​ជា​វិជ្ជមាន​នៃ​កំណាយ​លើក​ទី​១ ក្រសួងបរិស្ថាន​បាន​បន្ត​ជំរុញ​សកម្មភាព​កំណាយ​លើក​ទី​២ ក្នុង​ឆ្នាំ​២០២៦ នេះ នឹង​អាច​រក​ឃើញ​ផុ​ស៊ី​ល​ដើមឈើ​ប្រវែង​ជាង​៤០​ម៉ែត្រ នៅ​ក្នុង​កន្លែង​តែ​មួយ​។ ក្រុមការងារ​នឹង​ប្រមូល​ចងក្រង ទិន្នន័យ​វិទ្យាសាស្ត្រ​បន្ថែម និង​រៀបចំ​ផែនការ​ការពារ​ទីតាំង​បេតិកភណ្ឌ​ធម្មជាតិ​ដ៏​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​មួយ​នេះ ឱ្យ​ជៀស​ផុត​ពី​ការ​បំផ្លិចបំផ្លាញ និង​រក្សា​បាន​នូវ​តម្លៃ​ប្រវត្តិសាស្ត្រ​សម្រាប់​កម្ពុជា​និង​ពិភពលោក​ទាំងមូល ។

សូម​បញ្ចា​ក់ថា គិត​ត្រឹម​ឆ្នាំ​២០២៦ ក្រុមការងារ​បាន​កំណត់ និង​ចងក្រង​បញ្ជី​ស្ថានីយ​ផូស៊ីល​សរុប​ចំនួន ៧៨​ទីតាំង​នៅ​ទូ​ទាំង​ប្រទេស​។ ក្នុង​នោះ​មាននៅ​ខេត្តព្រះវិហារ បន្ទាយ​មាន​ជ័យ បាត់ដំបង មណ្ឌលគិរី រតនគិរី ក្រចេះ បៃ​លិ​ន ឧត្តរមានជ័យ កំពត កោះកុង កំពង់ធំ ពោធិ៍សាត់ និង​ស្ទឹង​ត្រែង​ ។

ក្រៅពី​ការ​សិក្សា​ស្រាវជ្រាវ និង​កំណត់​ទីតាំង​ស្ថានីយ​ផូស៊ីល ក្រសួងបរិស្ថាន​បាន​អនុវត្ត​ការងារ​កំណាយ ផូស៊ីល​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន រួម​មាន ៖
១-​កំណាយ​ផូស៊ីល​ឈើ​នៅ​ស្រុក​លំ​ផាត់ ឆ្នាំ​២០១៩-២0២០​។
២-​កំណាយ​ផូស៊ីល​ឆ្អឹង​ដាយ​ណូ​ស័​រ​ដំបូង​នៃ​ប្រទេស​កម្ពុជា នៅ​ឆ្នាំ​២០២២
៣-​កំណាយ​ផូស៊ីល​ឈើ​នៅ​ភ្នំ​ត្បែង ខេត្តព្រះវិហារ ឆ្នាំ​២០២៤
៤-​កំណាយ​ផូស៊ីល​ឈើ​នៅ​ស្រុក​សេ​សាន លើក​ទី​១ ឆ្នាំ​២០២៥ និង​កំពុង​បន្ត​ក្នុង​ពេល​នេះ
ការងារ​ទាំងនេះ​មាន​គោលបំណង​សិក្សា​លក្ខណៈ​ផូស៊ីល និង​ស្រទាប់ដី​ថ្ម​ដែល​ផ្ទុក​ផូស៊ីល ប្រមូល​ទិន្នន័យ វិទ្យាសាស្ត្រ និង​វាយតម្លៃ​វិធានការ​អភិរក្ស​ធនធាន​បេតិកភណ្ឌ​ធម្មជាតិ​៕