អាសូរណាស់! ក្មេងប្រុសវ័យ១៤ឆ្នាំ ចុះជួយក្មេងតូចជាងខ្លួន កំពុងល.ង់ទឹកបានសម្រេច ជាអកុសលបែរជាល.ង់ស្លា.ប់ខ្លួនឯង
- ភ្នំពេញ
ខេត្តកណ្ដាល ៖ ក្មេងប្រុសវ័យ១៤ឆ្នាំម្នាក់ ឃើញក្មេងម្នាក់ទៀតតូចជាងខ្លួនកំពុងលង់ទឹកប្រឡាយ កណ្ដាលវាលស្រែ ដែលមានទឹកលិចល្ហល្ហាច ក៏បានចុះទៅស្រង់ឡើងគោក និងស្រង់បានសម្រេចហើយ ប៉ុន្តែជាអកុសលបែរជាក្មេងប្រុសរូបនោះរអិលជើងធ្លាក់ចូលទៅក្នុងទឹកប្រឡាយនោះវិញ បណ្តាលឱ្យលង់លិចបាត់១យប់ ទើបក្រុមគ្រួសារនិងសមត្ថកិច្ចព្រមទាំងអ្នកភូមិរកសាកសពឃើញនាំយកទៅធ្វើបុណ្យ ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នៅចំណុចប្រឡាយទឹកមួយកន្លែង ស្ថិតនៅកណ្ដាលវាលស្រែ ក្នុងភូមិត្រពាំងធ្នុង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ក្មេងប្រុសរងគ្រោះឈ្មោះ សំ ដាណៃ អាយុ១៤ឆ្នាំ ជាសិស្ស មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ននៅក្នុងភូមិកើតហេតុខាងលើ ។
នគរបាលស្រុកអង្គស្នួលបានប្រាប់ឲ្យដឹងថា នៅថ្ងៃកើតហេតុនោះ ក្មេងប្រុសរងគ្រោះ បានសុំឪពុករបស់ខ្លួនទៅលេងទឹកប្រឡាយខាងលើជាមួយក្មេងៗក្នុងភូមិ១០នាក់ទៀត ។ ខណៈនោះស្រាប់តែមានក្មេងម្នាក់បានចុះទៅលេងទឹកក្នុងប្រឡាយនោះមុន ហើយបានលង់ទឹក ពេលឃើញបែបនេះក្មេងប្រុសរងគ្រោះបានចុះទៅជួយ ។ ពេលនោះបានជួយស្រង់ក្មេងម្នាក់នោះមកដល់លើគោកបានសម្រេចហើយ ជាអកុសលស្រាប់តែខ្លួនឯងរអិលជើងធ្លាក់ចូលទៅក្នុងទឹកជ្រៅវិញ បណ្ដាលឲ្យលង់លិចបាត់ទៅក្នុងទឹកប្រឡាយនោះតែម្ដង ។
នគរបាលបានដដែលបានប្រប់ឲ្យដឹងបន្ថែមទៀតថា ទឹកប្រឡាយនោះស្ថិតនៅកណ្ដាលវាលស្រែដែលមានទឹកលិចល្ហល្ហាច មើលមិនដឹងថាមានប្រឡាយផង ។ ពេលនោះបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ និងសមត្ថកិច្ច ព្រមទាំងអ្នកភូមិជួយរាវរកដែរ ប៉ុន្តែរហូតដល់វេលាយប់ថ្ងៃដដែលរកមិនឃើញឡើយ ។ រហូតដល់វេលាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង០៦និង១០នាទីព្រឹក ទើបរកសាកសពឃើញ រួចបានស្រង់ចេញពីក្នុងទឹកប្រឡាយ ហើយក្រុមគ្រួសារបានដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅផ្ទះ ដោយក្រុមគ្រួសារមិនបានប្ដឹងប្តល់អ្វីនោះទេ ព្រមទាំងបានសំណូមពរមិនឲ្យនគរបាលធ្វើកោសល្យវិច័យលើសពឡើយ ៕





ចែករំលែកព័តមាននេះ