សមត្ថកិច្ចខេត្តបន្ទាយមានជ័យ រឹតបន្តឹងការបង្ក្រាប និងដកហូត«ទឹកក្រាធុម»រាប់រយដប ព្រមទាំងមានវិធានការច្បាប់ចំពោះអ្នកល្មើស
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលបន្តបង្ក្រាបអ្នកផលិត និងលក់ចែកចាយទឹកក្រាធុម ធ្វើឱ្យប៉ះពាល់សុខភាពផ្លូវដង្ហើម តម្រងនោម ថ្លើម និងក្រពៈធ្ងន់ធ្ងរ បង្ក្រាបជាបន្តបន្ទាប់នៅក្រុងប៉ោយប៉ែត ។

លោកវរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថា ជាការណែនាំពីលោក គាត ហ៊ុល ប្រធានគណៈបញ្ជាការឯកភាពក្រុងប៉ោយប៉ែត កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាល ចុះប្រតិបត្តិការបង្ក្រាបទាំងយប់និងថ្ងៃ លើអ្នកផលិតលក់ចែកចាយ និងអ្នកប្រើប្រាស់ទឹកក្រាធុម ដោយបានដកហូតសម្ភារៈផលិត និងទឹកក្រាធុមរាប់រយដប ដែលការបង្ក្រាបធ្វើឡើងរហូតដល់ថ្ងៃទី២៣ តុលា ឆ្នាំ២០២៦ ។

លោកបានបញ្ជាក់ថា ក្រោយកម្លាំងជំនាញដកហូតសម្ភារផលិតទឹកក្រាធុម ហើយអ្នកដែលផលិតលក់ចែកចាយ និងអ្នកប្រើប្រាស់ត្រូវបានធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពផលិត បើមានលើកក្រោយ គឺមានវិធានការច្បាប់ ហើយកម្លាំងជំនាញនៅបន្តស្រាវជ្រាវរកទីតាំងដែលនាំចូលស្លឹកក្រាធុម និងថ្នាំផ្សំជាថ្នាំបាត់ក្អក ដើម្បីបង្ក្រាបជាបន្តបន្ទាប់ទៀត ។

លោកឧត្តសេនីយ៍ត្រី ធិន ស៊ីនដេត ស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀនខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា អ្នកដែលផលិត និងលក់ចែកចាយប្រើប្រាស់ទឹកក្រធុមមិនទាន់មានច្បាប់អនុវត្តតាមច្បាប់នៅឡើយទេ តែបើធ្វើកិច្ចសន្យាម្តងទៅពីរដងនៅប្រព្រឹត្តិនឹងត្រូវអនុវត្តន៍តាមច្បាប់អោយខាងតែបាន ព្រោះទឹកក្រាធុម មានប្រភពនាំចូលគ្រឿងផ្សំពីប្រទេសថៃ បានស្លឹកក្រាធុ មនិងថ្នាំបាត់ក្អក សម្រាប់ផលិតដោយច្រកដបលក់១ដប ២លីត្រតំលៃ១ម៉ឺនរៀល ហើយអ្នកទិញយកទៅផឹកប៉ៈពាល់ដល់សុខភាព ដូចជារលាកផ្លូវដង្ហើម រលាកតម្រងនោម និងរលាកថ្លើម សួត និងប៉ះពាល់រាងកាយស្គមស្គាំង អ្នកដែលផឹកធ្វើឱ្យមិនងងុយដេក ហើយជម្រុញអោយកម្លាំងជំនាញតាមបណ្តាស្រុក/ក្រុង ត្រូវមានវិធានការបង្ក្រាបរឹបអូសយកទឹកក្រាធុមមិនអោយមានលក់ឡើយ ៕




ចែករំលែកព័តមាននេះ