ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​ករណី​កា​.​ប់​ប្ល​.​ន់​យក​ម៉ូតូ​ចំនួន​២​គ្រឿង​បាន​សម្រេច

11 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ជា​មុខសញ្ញា​កាប់​ប្លន់​យក​ម៉ូតូ​បាន​សម្រេច​ចំនួន​២​នាក់ ក្នុង​ចំណោម​បក្សពួក​ជិត​១០​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​គងពិសី សហការ​ជាមួយ​នគរបាល​ស្រុក​បាទី ខេត្តតាកែវ ធ្វើការ​ស្រាវជ្រាវ​ឈាន​ទៅ​ឃាត់ខ្លួន ខណៈ​ដែល​ក្រុម​ជនសង្ស័យ​ធ្វើ​សកម្មភាព​យក​កាំបិត​ផ្គាក់​កំហែង​យក​ម៉ូតូ​ចំនួន​២​គ្រឿង​របស់​ជន​រង​គ្រោះ​បាន​សម្រេច ។

នគរបាល​ស្រុក​គងពិសី​បាន​និយាយ​ឲ្យ​ដឹង​ថា ការ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​កំហែង​យក​ម៉ូតូ​បាន​ធ្វើ​ឡើង កាលពី​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២៦ លោក​អធិការរង​ទទួល​ផែនការ​ងារ​ព្រហ្មទណ្ឌ បាន​ដឹកនាំ​កម្លាំង​ជំនាញ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាលជង្រុក និង​នគរបាល​ប៉ុស្តិ៍​តាំង​ដូង ស្រុក​បាទី ខេត្តតាកែវ បាន​ធ្វើការ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ឈាន​ដល់​ការ​បង្ក្រាប​ជនសង្ស័យ​ចំនួន​២៖ ពាក់ព័ន្ធ​ក្នុង​ករណី​កាប់​ប្លន់​យក​ម៉ូតូ នៅ​ចំណុច​ផ្លូវ​បេតុង​ភូមិ​ក្របី​ត្រាំ ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

នគរបាល​ស្រុក​គងពិសី​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ជា​មុខសញ្ញា​កំហែង​យក​ម៉ូតូ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ទី​១-​ឈ្មោះ តាន់ វណ្ណៈ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ក្នុងភូមិ​ព្រៃ​ក្រាយ ឃុំ​តាំង​ដូង ស្រុក​បាទី ខេត្តតាកែវ និង​ទី​២- ឈ្មោះ ទែន វិ​រៈ​បុត្រ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ក្នុងភូមិ​បាំង​ណា ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

នគរបាល​ស្រុក​គងពិសី​បាន​បន្ត​ទៀត​ថា នៅ​មុន​ពេល​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​បាន គឺ​នៅ​វេលា​ម៉ោង​៨ និង​២៣​នាទី​យប់​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២៦ ស្ថិត​នៅ​លើ​ផ្លូវ​បេតុង ក្នុងភូមិ​ក្របី​ត្រាំ ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ករណី​កំហែង​យក​ម៉ូតូ​ចំនួន​២​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ​ពាក់​ផ្លា​ក​លេខ កំពង់ស្ពឺ​1N-4424 របស់​ឈ្មោះ រិ​ន ឧត្តម ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ក្របី​ត្រាំ ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ និង​១​គ្រឿង​ទៀត​ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០២៦ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​1MR-8797 របស់​ឈ្មោះ នាង ភារ​ម្យ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​បឹង​ទ័ព​ព្យុះ​ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ បង្ក​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​មួយ​ក្រុម​មាន​គ្នា​ប្រហែល​១០​នាក់ ប្រដាប់​ដោយ​កាំបិត​ផ្គាក់ បាន​ធ្វើ​សកម្មភាព​ដេញ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ រួច​ជន​រង​គ្រោះ​ក៏​បាន​ផ្ដួល​ម៉ូតូ​រត់គេច​ខ្លួន​ដើម្បី​រក​គេ​ជួយ ។ បន្ទាប់​មក ក្រុម​ជនសង្ស័យ ក៏​បាន​លើក​ម៉ូតូ​ទាំង​២​គ្រឿង​ខាងលើ​របស់​ជន​រង​គ្រោះ​ជិះ​យក​ទៅ​បាត់ ។

នគរបាល​ស្រុក​គងពិសី​បាន​បន្ថែម​ទៀត​ថា លុះ​រហូត​ដល់​វេលា​ម៉ោង​១២​និង​១០​នាទី ថ្ងៃត្រង់​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២៦ កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក​គងពិសី សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​តាំ​ដូង ស្រុក​បាទី ខេត្តតាកែវ ធ្វើការ​ស្រាវជ្រាវ​តាម​ប្រព័ន្ធ GPS កំណត់​បាន​ទីតាំង​ផ្តាច់ GPS ក៏​បន្ត​ចុះ​ទៅ​ដល់ទី​តាំង​ផ្ទះ ឈ្មោះ តាន់ វណ្ណៈ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ក្រាយ ឃុំ​តាំង​ដូង ស្រុក​បាទី ខេត្តតាកែវ រក​ឃើញ​វត្ថុ​តាង រួម​មាន​ក្បាំង​ម៉ូតូ​ចំនួន​២​ឈុត ជា​ក្បាំង​ម៉ូតូ​របស់​ជន​រង​គ្រោះ​ខាងលើ រួច​ក៏​បាន​ឃាត់ខ្លួន​ម្ចាស់ផ្ទះ​ឈ្មោះ តាន់ វណ្ណៈ ខាងលើ សួរនាំ​ជនសង្ស័យ​បាន​ឆ្លើយ​ថា មានឈ្មោះ​ទែន វិ​រៈ​បុត្រ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ក្នុងភូមិ​ជង្រុក ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ និង​បក្សពួក​ចំនួន​៣​នាក់​ផ្សេង​ទៀត បាន​ជិះ​ម៉ូតូ​ចំនួន​៣​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ចូល​ផ្ទះ​របស់​ខ្លួន​រួច​បាន​ផ្តាច់​GPS ហើយ​ក៏​ឱ្យ​ខ្លួន​ជួយ​ដោះ​ក្បាំង​ម៉ូតូ​ទុក​នៅ​ទី​នេះ ។

បន្ទាប់​ពី​បាន​ចម្លើយ​ជនសង្ស័យ នគរបាល​បាន​បន្ត​ឃាត់ខ្លួន​ឈ្មោះ ទែន វិ​រៈ​បុត្រ បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ស្គាល់​បក្សពួក​មួយ​ចំនួន​÷ ទី​១-​ឈ្មោះ អាកា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ក្របី​ត្រាំ ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ (​រត់គេច​ខ្លួន​)
ទី​២-​ឈ្មោះ អា និ​ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ក្របី​ត្រាំ ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ (​រត់គេច​ខ្លួន​) ទី​៣-​ឈ្មោះ អា ហេង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ក្របី​ត្រាំ​ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​(​រត់គេច​ខ្លួន​) ទី​៤-​ឈ្មោះ អា​ញ្ញា ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​រស់នៅ​ភូមិ​ជង្រុក ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ (​រត់គេច​ខ្លួន​) និង​ទី​៥-​ឈ្មោះ អា ត្រេ​ន ភេទ​ប្រុស អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិ​ស​ង្គ្រោ​ម ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ (​រត់គេច​ខ្លួន​) និង​បក្ខពួក​៣​នាក់ ទៀត​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់​ហើយ ។ ក្រោយ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​នគរបាល​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង មាន​ក្បាំង​ម៉ូតូ​ចំនួន​២​ឈុត កូនសោ និង​ទុល​ណឺ​វី​ស​ជា​ច្រើន​ថែម​ទៀត​ផង ។

នគរបាល​ស្រុក​គងពិសី​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា បច្ចុប្បន្ន ក្រុម​ជនសង្ស័យ​រួម​ជាមួយនឹង​វត្ថុ​តាង​នគរបាល​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ៕