ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកចោរលួច​កាត់​ខ្សែភ្លើង​លក់ ទិញ​បាយ​ពិសារ និង​ទិញ​គ្រឿងញៀន​ជក់

9 ម៉ោង មុន

ខេត្តបាត់ដំបង​ ៖ «​ករណី​លួច​កាត់​ខ្សែភ្លើង​» បន្ទាប់​ពី​ត្រូវ​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង ក្របួច​ក​ជាប់ លោក​ចោរ​សកម្ម​ចំនួន ២​នាក់ បាន​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា «​ពួក​ខ្ញុំ​ដើរ​លួច​កាត់​ខ្សែភ្លើង ដើម្បី​យក​ទៅ​លក់​យក​លុយ​ទិញ​បាយ​ហូប និង​ទិញ​ថ្នាំ​ញៀន​ជក់​» ​។

ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​អំពើ​ចោរកម្ម​យ៉ាង​សកម្ម​ចំនួន ២​នាក់​នេះ ត្រូវ​បាន​កម្លាំង​ជំនាញ នៃ​អធិការ​ក្រុង​បាត់ដំបង ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ តុលា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ថា ជន​ទាំង​២​នាក់ បាន​ធ្វើ​សកម្មភាព​លួច​កាត់​ខ្សែភ្លើង​អ្នក​ភូមិ​ចំនួន ២​កន្លែង​ផ្សេង​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ នៅ​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៣ តុលា នៅ​ក្នុង​សង្កាត់​អូរ​ម៉ា​ល់ និង​សង្កាត់​វត្ត​គរ​។ បើ​តាម​របាយការណ៍​របស់​សមត្ថកិច្ច ទី​១-​នៅ​ចំណុច​ភូមិ​ដំណាក់​ហ្លួង សង្កាត់​វត្ត​គរ និង​ទី​២-​នៅ​ចំណុច​បុរី «​សាន្ត សុ​វ​ណ្ណា​រី​» ស្ថិត​ក្នុងភូមិ​សាលា​បាឡាត់ សង្កាត់​អូរ​ម៉ា​ល់ ​។

តាម​រយៈ​របាយការណ៍​របស់​អធិការ​ក្រុង​បាត់ដំបង លោក ពេជ្រ សា​រ៉ែ​ន បានឱ្យ​ដឹង​ថា ជន​សកម្ម​ក្នុង​អំពើ​ចោរកម្ម​ទាំង​២​នាក់ ម្នាក់​ឈ្មោះ ហេង ម៉ី​ញ​ថុ​ង ភេទ​ប្រុស អាយុ ២៨​ឆ្នាំ នៅ​ភូមិ​រំចេក​៣ សង្កាត់​រតនៈ ក្រុង​បាត់ដំបង និង​ម្នាក់​ទៀត​ឈ្មោះ ផា​ន់ ចេ​ម ភេទ​ប្រុស អាយុ ២៥​ឆ្នាំ នៅ​ភូមិ​ចម្ការ​ឬ​ស្សី សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង ​។

នៅ​ចំពោះ​មុខមន្ត្រី​សួរ​ចម្លើយ ជន​សកម្ម​ខាង​លួច​ទាំង​២​នាក់ បាន​ឆ្លើយ​សារភាព​ព្រម​ៗ​គ្នា​ថា «​ពួក​ខ្ញុំ​ពិតជា​បាន​លួច​កាត់​ខ្សែភ្លើង​គេ​នៅ​ទាំង​២​ចំណុច​ខាងលើ​មែន​» ហើយ​ថែម​ទាំង​សារភាព​ថា ពួក​ខ្លួន​បា​នប​បូល​គ្នា​លួច​កាត់​ខ្សែភ្លើង​យក​ទៅ​លក់​យក​លុយ​ទិញ​បាយ​ហូប និង​ទិញ​ថ្នាំ​ញៀន​ជក់​។ សូម​បញ្ជាក់​ថា នៅ​ម្ដុំ​បុរី «​សាន្ត សុ​វ​ណ្ណា​រី​» ក្នុង​ទឹកដី​សង្កាត់​អូរ​ម៉ា​ល់ និង​សង្កាត់​វត្ត​គរ​ខាងលើ​នេះ ពួក​ចោរ​តែង​ធ្វើ​សកម្មភាព​ញឹកញាប់​ណាស់ ​។

បើ​តាម​របាយការណ៍​ដដែល លោក ពេជ្រ សា​រ៉ែ​ន បានឱ្យ​ដឹង​ដែរ​ថា ជាមួយនឹង​ការ​ឃាត់ខ្លួន​ជន​ដៃដល់​ទាំង​២​នាក់​នេះ មន្ត្រី​ជំនាញ​ដកហូត​វត្ថុ​តាង​បាន​រួម​មាន​៖ កន្ត្រៃ កាំបិត ដង្កាប់ កា​រ៉ុ​ង ខ្សែភ្លើង​មួយ​ចំនួន និង​ម៉ូតូ​មួយ​គ្រឿង​សម្រាប់​ជិះ​ធ្វើ​សកម្មភាព​លួច​។

ជុំវិញ​អំពើ​ចោរកម្ម​ដែល​កើតឡើង​គ្មាន​ពេល​ស្រាកស្រាន្ត​ខាងលើ​នេះ បើ​តាម​អ្នក​ភូមិ​បាន​លើក​ឡើង​ថា ពេល​ខ្លះ​ម្ចាស់ផ្ទះ​ដេក​រង់ចាំ​មើល​សកម្មភាព​ចោរលួច​កាត់​ខ្សែភ្លើង ឬ​ធ្វើ​សកម្មភាព​លួច​របស់របរ​ផ្សេង​ៗ​ស្ទើរ​រាល់​យប់ ប៉ុន្តែ​ពេលដេក​ចាំ​ឃ្លាំមើល មិន​ដែល​ប្រទះ​នឹង​ចោរ​ធ្វើ​សកម្មភាព​ទេ លុះ​ជ្រុល​ម៉ោង​ដេក​លក់​មួយភាំង លោក​ចោរ​ចូល​គាស់​ផ្ទះ ឬ​លួច​កាត់​ខ្សែភ្លើង​ង​ងិ​ត​ឈឹង​កណ្ដាល​យប់ ឬ​ទៀប​ភ្លឺ​។ សូ​ម្បី​តែ​បង្គោល​សូ​ឡា​ដែល​ម្ចាស់ផ្ទះ​ដាក់​បំភ្លឺ​តាម​ដងផ្លូវ ក៏​លោក​ចោរ​មិន​ទុក​ឱ្យ​នៅ​បំភ្លឺ​បាន​យូរ​ដែរ ពោល​គឺ​លោក​ចោរលួច​ខ្ទេច លួច​ខ្ទី​តែ​ម្ដង​ ។

ប៉ុន្តែ​យ៉ាងណា ក្រោយ​សមត្ថកិច្ច​ចាប់​បាន​ជនសង្ស័យ​ទាំង​២​នាក់​នេះ ពលរដ្ឋ​រំពឹង​ថា​បញ្ហា​អសន្តិសុខ​នៅ​ក្នុង​មូលដ្ឋាន​នឹង​បាន​ធូរស្រាល​ខ្លះ​ហើយ​ ៕