ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​រាជរដ្ឋាភិបាលអំពាវនាវ​គ្រប់​ស្ថាប័ន ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និង​នវានុវត្តន៍

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អំពាវនាវ​គ្រប់​ក្រសួង​ស្ថាប័ន សាកលវិទ្យាល័យ គ្រឹះស្ថានស្រាវជ្រាវ ដៃគូ​អភិវឌ្ឍ…

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អំពាវនាវ​គ្រប់​ក្រសួង​ស្ថាប័ន សាកលវិទ្យាល័យ គ្រឹះស្ថានស្រាវជ្រាវ ដៃគូ​អភិវឌ្ឍ និង​វិស័យ​ឯកជន គាំទ្រ និង​ចូលរួ​ម​យ៉ាង​សកម្ម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ ។

យោង​សារលិខិត​ក្នុង​ឱកាស​ប្រារព្ធ​ទិវា​ជាតិ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ លើក​ទី​៤ ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២៦ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បានឱ្យ​ដឹង​ថា ៖«​យើង​អាច​វិនិយោគ​រយៈពេល​វែង​លើ​ការ​អប់រំ ការ​ស្រាវជ្រាវ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​លុះត្រាតែ​ប្រទេស​យើង​មាន​សន្តិភាព ស្ថិរភាព នីតិរដ្ឋ និង​អភិបាលកិច្ច​ស្ថាប័ន​ប្រកបដោយ​ប្រសិទ្ធ​ភាព​»​។

សម្ដេច​បវរ​ធិ​បតី​បន្ដ​ថា គោលនយោបាយ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​គ្រប់​គោល​នយោបាយ​ជាតិ​របស់​កម្ពុជា បាន​កសាង​ឡើង​ដើម្បី​ជំរុញ និង​ផ្តល់​ឱកាស​ឱ្យ​ប្រជាពលរដ្ឋ​មានឱកាស​រៀនសូត្រ អភិវឌ្ឍ​សមត្ថភាព និង​ទាមទារ​ឱ្យ​មានការ​ចូលរួម​ចំណែក​ពី ពលរដ្ឋ​គ្រប់​រូប គ្រប់​វ័យ គ្រប់​ភេទ ជា​ពិសេស​ ការ​បង្កើន​និស្សិត​បញ្ចប់​ការ​សិក្សា​លើ​ជំនាញ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិត​វិទ្យា (STEM) ក្នុង​ដំណើរការ​អភិវឌ្ឍ​និង​ជំរុញ នវានុវត្តន៍​ជាតិ​ប្រកបដោយ​ភាព​ធន់ និង​ភាព​ប្រកួតប្រជែង​ ។

សម្ដេច​ធិ​បតី​បន្ថែម​ថា បច្ចេកវិទ្យា និង​គំរូ​អាជីវកម្ម​ថ្មី​ៗ ត្រូវ​ជួយ​បង្កើត​ការងារ​បង្កើន​ផលិតភាព គុណភាព និង​តម្លៃបន្ថែម​ដល់​ផលិតផល​និង សេវាកម្ម​លើ​គ្រប់​វិស័យ ព្រមទាំង​ត្រូវ​គិតគូរ​ពី​នវានុវត្តន៍​ឧស្សាហកម្ម និង​ការ​ការពារ​បរិស្ថាន និង​សហគមន៍​។

ជាមួយ​គ្នា​នោះ​ដែរ ​សម្ដេច​នាយក​រដ្ឋមន្ដ្រី​គូសបញ្ជាក់​ថា «​ក្នុង​នាម​រាជរដ្ឋាភិបាល ខ្ញុំ​សូម​អំពាវនាវ​ដល់​គ្រប់​ក្រសួង​ស្ថាប័ន សាកលវិទ្យាល័យ គ្រឹះស្ថានស្រាវជ្រាវ ដៃគូ​អភិវឌ្ឍ និង​វិស័យ​ឯកជន​ទាំង​អស់ គាំទ្រ និង​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​ចូលរួម​បណ្តុះ​វប្បធម៌​នវានុវត្តន៍​ក្នុង​គ្រប់​រូបភាព​នៃ​កិច្ច​ការងារ និង​ជីវភាព​ប្រចាំ​ថ្ងៃ ដើម្បី​រួម​គ្នា​កសាង​ប្រព័ន្ធ​នវានុវត្តន៍​ជាតិ​មួយ​ប្រកបដោយ​ប្រសិទ្ធភាព បរិ​យា​បន្ន និង​ចីរភាព ស្រប​តាម​ប្រធានបទ «​នវានុវត្តន៍​ដើម្បី​វឌ្ឍនភាព​ជាតិ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ