រាជធានីភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានប្រកាសថា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមីនា កម្លាំងសមត្ថកិច្ចបានអនុវត្តនីតិវិធីបណ្ដេញជនបរទេសសរុបចំនួន៩៣៩នាក់ (ស្រី១១៣នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា ។
ជាក់ស្តែងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានប្រកាសនាល្ងាចថ្ងៃទី២៤ ខែមីនានេះថា ៖ នៅថ្ងៃទី២០ ដល់២៣ ខែមីនា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តធ្វើកាបណ្ដេញចេញជនបរទេសសរុបចំនួន ៩៣៩នាក់ ។

ក្នុងនោះមានស្រី១១៣នាក់ មាន២២សញ្ជាតិ រួមមាន ៖ ប៉ាគីស្ថាន ឥណ្ឌា ឥណ្ឌូនេស៊ី យ៉ូហ្គង់ដា ស្រីលង្កា ចិន មីយ៉ាន់ម៉ា បង់ក្លាដេស នីហ្សេរីយ៉ា ចិនតៃវ៉ាន់ ម៉ាឡេស៊ី កាមេរូន ហ្គាណា កេនយ៉ា ឡាវ ថៃ កូរ៉េ អ៊ីតាលី វៀតណាម អេត្យូពី ជប៉ុន និងរវ៉ាន់ដា ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា ក្នុងនោះមានជនជាតិវៀត ចំនួន៣៣១នាក់ (ស្រី ១៦នាក់) ពាក់ព័ន្ធករណីឆបោ.កតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ និងជនបរទេសមួយចំនួនទៀត ពាក់ព័ន្ធករណីលួចឆ្លងដែន បន្លំឯកសារក្លែងក្លាយ ស្នាក់នៅគ្មានលិខិតឆ្លងដែន ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ ( QR Code ក្លែងក្លាយ) ឆបោកតាមប្រព័ន្ធអនឡាញ និងធ្វើការងារខុសច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។
ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ ៕





ចែករំលែកព័តមាននេះ