ទីក្រុងម៉ានីល ៖ ហ្វីលីពីនបានក្លាយជាប្រទេសដំបូងគេបង្អស់នៅលើពិភពលោក ដែលប្រកាសអាសន្នថាមពលជាតិ ខណៈដែលជម្លោះកំពុងបន្តនៅតំបន់មជ្ឈិមបូព៌ាបានរំខានដល់ទីផ្សារប្រេងសកល។ នេះបើយោងតាមប្រភពពីសារព័ត៌មាន Reuters និង BBC បានចេញផ្សាយ។
ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀ (Ferdinand Marcos Jr.) នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ បានប្រកាសពីភាពអាសន្នថាមពលជាតិ ដើម្បីឆ្លើយតបទៅនឹងជម្លោះនៅមជ្ឈិមបូព៌ា និងអ្វីដែលលោកហៅថា គ្រោះថ្នាក់ជិតមកដល់បង្កឡើងចំពោះការផ្គត់ផ្គង់ថាមពលរបស់ប្រទេសជាតិ។ លោកបានបន្តថា គណៈកម្មាធិការមួយត្រូវបានបង្កើតឡើង ដើម្បីធានាបានសកម្មភាព ការផ្គត់ផ្គង់ ការចែកចាយ និងភាពអាចរកបាននៃប្រេងឥន្ធនៈ អាហារ ថ្នាំពេទ្យ ផលិតផលកសិកម្ម ព្រមទាំងទំនិញចាំបាច់ផ្សេងៗទៀត។
នៅក្នុងបទបញ្ជាប្រតិបត្តិដែលបានចែករំលែកជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយ លោក ម៉ាកូស បានថ្លែងថា ជម្លោះនៅមជ្ឈិមបូព៌ាបានបង្កើតភាពមិនប្រាកដប្រជានៅក្នុងទីផ្សារថាមពលសកល ការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ និងការប្រែប្រួលគួរឱ្យកត់សម្គាល់ ក៏ដូចជាសម្ពាធកើនឡើងលើតម្លៃប្រេងអន្តរជាតិ ដោយហេតុនេះបង្កការគំរាមកំហែងដល់សន្តិសុខថាមពលរបស់ប្រទេសហ្វីលីពីន។
លោកបានបន្ថែមទៀតថា ការប្រកាសស្ថានភាពអាសន្នថាមពលជាតិនេះ នឹងអនុញ្ញាតឱ្យរដ្ឋាភិបាលអនុវត្តវិធានការឆ្លើយតប និងសម្របសម្រួលក្រោមច្បាប់ដែលមានស្រាប់ ដើម្បីដោះស្រាយហានិភ័យដែលបង្កឡើងដោយការរំខាននៅក្នុងការផ្គត់ផ្គង់ថាមពលសកល និងសេដ្ឋកិច្ចក្នុងស្រុក។
ជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ និងការបិទច្រកសមុទ្រហ័រមូស (Hormuz) ដែលជាផ្លូវទឹកដឹកជញ្ជូនដ៏សំខាន់ បានបង្កឱ្យទីផ្សារថាមពលសកលជួបវិបត្តិធ្ងន់ធ្ងរបណ្តាលឱ្យមានការខ្វះខាត និងការឡើងថ្លៃ។ ប្រទេសហ្វីលីពីនបាននាំចូលប្រេង ៩៨% ពីឈូងសមុទ្រ ហើយតម្លៃប្រេងម៉ាស៊ូត និងប្រេងសាំងបានកើនឡើងជាងទ្វេដងនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦។
កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ លោកស្រី Sharon Garin រដ្ឋមន្ត្រីក្រសួងថាមពលហ្វីលីពីន បានប្រកាសថា ប្រទេសហ្វីលីពីននៅសល់សមត្ថភាពប្រហែល ៤៥ ថ្ងៃទៀតប៉ុណ្ណោះ សម្រាប់ការផ្គត់ផ្គង់ប្រេងឥន្ធនៈ។ លោកស្រីបានថ្លែងប្រាប់អ្នកយកព័ត៌មានថា ប្រទេសហ្វីលីពីននឹងពឹងផ្អែកខ្លាំងជាបណ្ដោះអាសន្នលើរោងចក្រថាមពលដើរដោយធ្យូងថ្ម ដើម្បីបំពេញតម្រូវការថាមពលរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងការកើនឡើងថ្លៃដើមឧស្ម័នធម្មជាតិរាវ (LNG)៕


ចែករំលែកព័តមាននេះ