ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈប្រតិភូ​អន្តរក្រសួង​ចុះ​ពិនិត្យ​និង​វាយតម្លៃ​លើ​​ការងារ​ថែទាំ​ខួប និង​ថែទាំ​ប្រចាំផ្លូវ​ក្រាល​កៅ​ស៊ូ​DBST១៥​ខ្សែ​ក្នុងភូមិ​សាស្ត្រ​ខេត្តសៀម​រាប​ដំណាក់កាល​ទី​២

4 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប ៖ គណៈប្រតិភូ​អន្តរក្រសួង​ចុះ​ពិនិត្យ​និង​វាយតម្លៃ​លើ​ការងារ​ថែទាំ​ខួប និង ថែទាំ​ប្រចាំ​ដំណាក់កាល​ទី​២ ចំនួន​២​គម្រោង ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប នៅ​ថ្ងៃ​ទី​១៨ ខែ វិច្ឆិកា…

ខេត្តសៀមរាប ៖ គណៈប្រតិភូ​អន្តរក្រសួង​ចុះ​ពិនិត្យ​និង​វាយតម្លៃ​លើ​ការងារ​ថែទាំ​ខួប និង ថែទាំ​ប្រចាំ​ដំណាក់កាល​ទី​២ ចំនួន​២​គម្រោង ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប នៅ​ថ្ងៃ​ទី​១៨ ខែ វិច្ឆិកា ឆ្នាំ​២០២៥ ។ គណៈប្រតិភូ​អន្តរក្រសួង រួម​មាន​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ដឹកនាំ​ដោយ​ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ និង​ជា​សមាជិក​គណៈ​កម្មា​ធិការ​លទ្ធកម្ម តំណាង​ឯកឧត្តម​រដ្ឋមន្ត្រី ឆាយ ឬ​ទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​ចុះ​ត្រួតពិនិត្យ និង​វាយតម្លៃ​លើ​២​គម្រោង ដោយ​ក្រាល​កៅស៊ូ DBST ក្នុងភូមិ​សាស្ត្រ​ក្រុង ស្រុក ចំនួន​០៨ ។

តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម សាន វិសាល បានឱ្យ​ដឹង​ថា គម្រោង​ទី​១ ៖ ការងារ​ថែទាំ​ជា​ប្រចាំ​ផ្លូវ​ក្រាល​កៅស៊ូ DBST ចំនួន​១៥​ខ្សែ មាន​ប្រវែង​សរុប​១៧១​ពាន់ ៩២០ ម៉ែត្រ ស្ថិត​នៅ​ក្នុងស្រុក​ជីក្រែង ,​ស្រុក​សូ​និគម ស្រុក​ប្រាសាទបាគង ,​ស្រុក​ស្រីស្នំ , ស្រុក​ក្រឡាញ់ ,​ស្រុក​ពួក , ស្រុក​អង្គរជុំ ,​ស្រុក​វ៉ា​រិ​ន និង​ក្រុង​សៀមរាប ខេត្ត​សៀមរាប បាន​ធ្វើការ​បំពាក់​ស្លាក​សញ្ញា​ចរាចរណ៍​នៅ​តាម​ដងផ្លូវ​ចំនួន​៥២២​ស្លាក នៅ​លើ​ផ្លូវ ០៤​ខ្សែ ក្នុង​គម្រោង (DRR-RM-2025-No.004) និង​(DRR-RM-2025-No.010 )។

ឯកឧត្តម​បាន​បន្ត​ទៀត​ថា ក្នុង​គម្រោង​ទី​២ លើ​ការ​ថែទាំ​ខួប​ផ្លូវ​មួយ​កំណាត់ ដោយ​ក្រាល កៅស៊ូ DBST បន្ថែម​ពីលើ (Reseal DBST) មាន​ប្រវែង​៨​ពាន់​៧០០​ម៉ែត្រ ទទឹង​៥​ម៉ែត្រ និង​គូស​គំនូស​ចរាចរណ៍ ទំហំ​១​ពាន់ ៧៤០​ម៉ែត្រក្រឡា ដែល​ស្ថិត​នៅ​លើ​ផ្លូវ​ក្នុង ឃុំ​ខ្ចាស់ និង​ឃុំ​ចាន់​ស ស្រុក​សូទ្រនិគម ក្នុង​គម្រោង​(DRR-RM-2025-No.004) ដែល​អនុវត្ត​ដោយ​នាយកដ្ឋាន​ផ្លូវ​ជនបទ ។

ក្នុង​នោះ​ដែរ ឯកឧត្តម​សាន វិសាល បាន​កោតសរសើរ​ក្រុមការងារ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តសៀមរាប ដែល​បាន​បំពេញការងារ​បាន​ល្អ ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​រាល់​ការងារ​ដែល​ក្រសួង​ប្រគល់ ទាំង​គុណភាព សោភ័ណ​ភាព ព្រមទាំង​បាន​ណែនាំ​បន្ថែម​ដល់​មន្ទីរ លើ​ការងារ​បច្ចេកទេស ក្នុង​ការ​ពង្រឹង​ការងារ​ថែទាំ​ផ្លូវ​ផ្សេង​ទៀត និង​ត្រូវធ្វើ​អនាម័យ​សម្អាត​ស្មៅ​ដើមឈើ​តូច​ៗ ដុះ​នៅ​អម​សង្ខាង​ដងផ្លូវ និង​ត្រូវ​ជម្រុញ​ដល់​អ្នក​ទទួល​គម្រោងការ​ថែទាំ​ផ្លូវ ធ្វើការ​គូស​គំនូស​ចរាចរណ៍ និង​បំពាក់​ស្លាក​សញ្ញា​ចរាចរណ៍ ឱ្យ​បាន​ត្រឹមត្រូវ​តាម​បច្ចេកទេស ទៅ​តាម​កិច្ច​កុងត្រា​ជាមួយ​ក្រសួង​ផង​ដែរ ។

ឯកឧត្តម​បាន​បញ្ជាក់​ថា ការ​ថែទាំ​ខួប​ផ្លូវ​ចំនួន​១៥​ខ្សែ ដោយ​ក្រាល​កៅស៊ូ DBST បន្ថែម​ពីលើ (Reseal DBST) បាន​លើកកម្ពស់​សោ​ភណ្ឌ​ភាព និង​សុវត្ថិភាព​តាម​ដងផ្លូវ​បាន​ល្អ​ស្អាត ។ ម្យ៉ាង​ទៀត​ផ្លូវ​ទាំងនេះ បាន​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន មាន​ភាព​ងាយស្រួល​ទៅ​មក ក្នុង​ការ​ធ្វើ​ចរាចរណ៍ ការ​ដឹក​ជញ្ជូន​កសិផល​របស់​ប្រជា ពលរដ្ឋ​ទៅ​កាន់​ទីផ្សារ​ជួយ​សម្រួល​ដល់​សិស្សានុសិស្ស ធ្វើ​ដំណើរ​ទៅ​កាន់​សាលារៀន ដឹក​ជញ្ជូន​អ្នកជម្ងឺ​មក​កាន់​មណ្ឌល​សុខភាព​បាន​ទាន់​ពេលវេលា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ