ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវជាតិ​លេខ​៧(ស្គន់​-​កំពង់ចាម)សម្រេច​លទ្ធ​ផល​៧០%​ហើយ ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ខាង​មុខ បងប្អូន​​លែង​​លំបាក​ទៀត​ហើយ

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គម្រោង​ពង្រីក និង​លើក​កម្រិត​ផ្លូវជាតិ​លេខ​៧​ជា​បួន​គន្លង ចាប់ពី​ទីប្រជុំជន​ស្គន់ រហូត​ដល់​ក្រុង​កំពង់ចាម ខេត្តកំពង់ចាម កំពុង​លេច​ចេញ​វឌ្ឍនភាព​យ៉ាង​ឆាប់រហ័ស ដោយ​បច្ចុប្បន្ន​ ការដ្ឋាន​កំពុង​សម្រុក…

រាជធានី​ភ្នំពេញ ៖ គម្រោង​ពង្រីក និង​លើក​កម្រិត​ផ្លូវជាតិ​លេខ​៧​ជា​បួន​គន្លង ចាប់ពី​ទីប្រជុំជន​ស្គន់ រហូត​ដល់​ក្រុង​កំពង់ចាម ខេត្តកំពង់ចាម កំពុង​លេច​ចេញ​វឌ្ឍនភាព​យ៉ាង​ឆាប់រហ័ស ដោយ​បច្ចុប្បន្ន​ ការដ្ឋាន​កំពុង​សម្រុក បន្ទាប់​ពី​ភ្លៀង​បាន​ថមថយ​។

ឯកឧត្តម​ផ​ន រឹម​ អ្នកនាំពាក្យ​ក្រសួង​សាធារណការ​បាន​បញ្ចា​ក់ថា​ គិត​ត្រឹម​ពាក់កណ្តាល​ខែវិច្ឆិកា ឆ្នាំ​២០២៥ ​នេះ គម្រោង​ពង្រីក និង​លើក​កម្រិត​ផ្លូវជាតិ​លេខ​៧​ជា​បួន​គន្លង​
(​ស្គន់​-​កំពង់ចាម​)​ប្រវែង​៤៥,៥០៤ គីឡូម៉ែត្រ (PK000+000 – PK​45+​502.84) ​ចាប់ផ្តើម​ពី​ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម រហូត​ដល់​ក្រុង​កំពង់ចាម ខេត្តកំពង់ចាម សម្រេច​លទ្ធផល​ជា​រួម​៧០%​ហើយ​ ។

ផ្អែក​លើ​ល្បឿន​នៃ​សកម្មភាព​ការដ្ឋាន គម្រោង​នេះ​ អាច​បញ្ចប់​នៅ​អំឡុង​ឆ្នាំ​២០២៦​ខាង​មុខ ដែល​មាន​ន័យ​ថា លឿន​ជាង​ផែនការ​ក្នុង​គម្រោង​ ។

ឯកឧត្តម​ថា ​គម្រោង​ពង្រីក និង​លើក​កម្រិត​ផ្លូវជាតិ​លេខ​៧ ត្រូវធ្វើ​ឡើងជា​ប្រភេទ​AC(Asphalt concrete) កម្រាស់​៩​សង់ទីម៉ែត្រ ទទឹង​ផ្លូវ​២៤,៥​ម៉ែត្រ​ (៤​គន្លង​) ដោយ​ត្រូវ​សាងសង់​ស្ពាន​ថ្មី​តូច​-​ធំ ចំនួន​៨(​ស្មើ​ប្រវែង​សរុប​១៥៦​ម៉ែត្រ​), ជួសជុល​ស្ពាន​តូច​-​ធំ​(​ចាស់​)​ចំនួន​៧​ស្ពាន​(​ស្មើ​ប្រវែង​សរុប ១១៦​ម៉ែត្រ​),​លូ​រំដោះ​ទឹកភ្លៀង​, លូ​រំដោះ​ទឹក​កខ្វក់ និង​ជា​បរិក្ខា​ចរាចរណ៍​នានា​ ។

អ្នកនាំពាក្យ​ផ្លូវជាតិ​លេខ​៧ គឺជា​ខ្សែ​ផ្លូវ​យ៉ាង​សំខាន់ និង​ជា​សរសៃឈាម​សេដ្ឋកិច្ច​ដ៏​មាន​
សក្ដានុពល ដើម្បី​ជួយ​សម្រួលការ​ធ្វើ​ដំណើរ,​ ការ​ដឹក​ជញ្ជូន​ផលិតផល​កសិកម្ម​,​ កសិឧស្សាហកម្ម ព្រមទាំង​លើកកម្ពស់​ការ​អភិវឌ្ឍ និង​សកម្មភាព​សេដ្ឋកិច្ច​-​សង្គម​ជាតិ​។

ផ្លូវជាតិ​លេខ​៧ គឺជា​ខ្សែ​ផ្លូវ​ត​ភ្ជាប់​ជាមួយ​ផ្លូវជាតិ​លេខ​៦ ពី​រង្វង់​មូល​ស្គន់ ឆ្ពោះទៅ​ទិស​ដៅ​រាជធានី​ភ្នំពេញ និង​ជា​ទិស​ដៅ​ទៅ​ខេត្តកំពង់ធំ សៀមរាប​…​។​ល​។ និង​ត​ភ្ជាប់​ទៅ​តាម​បណ្ដាញ​ផ្លូវ​សំខាន់​ៗ​ផ្សេង​ៗ​ទៀត​។

កំណាត់​ផ្លូវជាតិ​នេះ ក៏​ត​ភ្ជាប់​ជាមួយ​ផ្លូវជាតិ​លេខ​៨ និង​ផ្លូវជាតិ​លេខ​១១ ឆ្ពោះទៅ​កាន់​ខេត្តព្រៃវែង និង​ត​ភ្ជាប់​ជាមួយ​ផ្លូវ ៧១C,​ផ្លូវជាតិ​លេខ​៧៣ ឆ្ពោះទៅ​កាន់​ខេត្ត​ត្បូងឃ្មុំ និង​ផ្លូវជាតិ​លេខ​៧៦,​ផ្លូវជាតិ​លេខ​៧៨ ឆ្ពោះទៅ​កាន់​ខេត្ត​ស្ថិត​នៅ​ភូមិភាគ​ឦសាន ដូច​ជា​៖ ខេត្តក្រចេះ ស្ទឹង​ត្រែង មណ្ឌលគិរី និង​ខេត្តរតនគិរី​ ។ ខ្សែ​ផ្លូវ​នេះ ក៏​ភ្ជាប់​ជាមួយ​បណ្តាញ​ខ្សែ​ផ្លូវ​របស់​បណ្តា​ប្រទេស​នៃ​មហា​អនុ​តំបន់​មេគង្គ​(GMS)​ផង​ដែរ​។

ខណៈ​ដែល​ការដ្ឋាន​កំពុង​មមារញឹក​ខ្លាំង ឯកឧត្តម​សូម​អំពាវនាវ​ដល់​អ្នក​ប្រើប្រាស់​កំណាត់​ផ្លូវជាតិ​លេខ​៧(​ស្គន់​-​កំពង់ចាម​)​មេត្តា​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដោយ​ត្រូវ​បើកបរ​ក្នុង​ល្បឿន​មួយ​អាច​គ្រប់គ្រង​បាន ដើម្បី​ធានា​សុវត្ថិភាព​ខ្លួនឯង និង​អ្នក​ដទៃ​។

សូម​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តាម​សងខាង​ផ្លូវ និង​ប្រជាពលរដ្ឋ​អ្នក​ធ្វើ​ដំណើរ ដែល​មានការ​យោគយល់ អធ្យាស្រ័យ​ខ្ពស់ ក្នុង​ពេល​ដំណើរ​ការដ្ឋាន​ពង្រីក និង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ​៧ កំពុង​ដំណើរការ​យ៉ាង​មមារញឹក​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ