រាជធានីភ្នំពេញ ៖ តាមការគ្រោងទុករបស់ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ បានប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទចំនួន៣នាក់ ពាក់ព័ន្ធនឹងសំណុំរឿងឃាតកម្ម «រំលោភសេពសន្ថវៈបូក រួចសម្លាប់ជនរងគ្រោះ» ។

សាលក្រមសម្រេចផ្តន្ទាទោស ៖
១-ឈ្មោះ សុខ ច័ន្ទសុវណ្ណសេង ភេទប្រុស អាយុ១៨ឆ្នាំ ជាជនដៃដល់រំលោភសម្លាប់ជនរងគ្រោះ ដាក់ពន្ធនាគារអស់មួយជីវិត ។
២-ផ្តន្ទាទោសឈ្មោះ ទៀន ផារ៉ែត ភេទប្រុស អាយុ១៥ឆ្នាំ(អនីតិជន) ដាក់ពន្ធនាគារកំណត់រយៈពេល២០ឆ្នាំ ។
៣-ផ្តន្ទាទោសឈ្មោះ បូ ឧត្តម ភេទប្រុស អាយុ១៦ឆ្នាំ(អនីតិជន) ដាក់ពន្ធនាគារកំណត់រយៈពេល២០ឆ្នាំ និងរួមគ្នាសងជំងឺចិត្តទៅដើមបណ្តឹងចំនួន៣០០០ដុល្លារអាមេរិក តាមការទាមទារពីអាណាព្យាបាលជនរងគ្រោះ ។
សូមជម្រាបថា សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ បានលើកយកសំណុំរឿងឃាតកម្មដោយអំពើឃោរឃៅមួយ «រំលោភសេពសន្ថវៈបូក និងសម្លាប់ជនរងគ្រោះ»មកបើកសវនាការជំនុំជម្រះក្តីលើអង្គហេតុទាំងមូល ដើម្បីផ្តន្ទាទោសលើជនជាប់ចោទ ។
សវនាការបានធ្វើការសាកសួរដេញដោលជនត្រូវចោទទាំង៣នាក់ រហូតដល់ទីបញ្ចប់ ទើបចៅក្រមក្រុមប្រឹក្សាជំនុំជម្រះលើកពេលប្រកាសសាលក្រមផ្តន្ទាទោសលើជនត្រូវចោទនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ។
កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ លោកឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា សំណុំរឿងឃាតកម្មដែលជនសង្ស័យជាយុវជនវ័យក្មេង៣នាក់ ពាក់ព័ន្ធនឹងករណីរំលោភសម្លាប់ក្មេងស្រីម្នាក់នៅក្នុងបន្ទប់ទឹក ត្រូវបានតំណាងអយ្យការបើកការស៊ើបសួរពីបទឃាតកម្មដោយអំពើរំលោភសេពសន្ថវៈ តាមមាត្រា ២០៥នៃក្រមព្រហ្មទណ្ឌ ។
យោងតាមការចោទប្រកាន់តាមមាត្រា២០៥«បទឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬអំពើរំលោភសេពសន្ថវៈ ឃាតកម្មដែលកើតក្នុងពេល ឬក្រោយពេលប្រព្រឹត្តអំពើទារុណកម្មអំពើឃោរឃៅ ឬរំលោភសេពសន្ថវៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត»។
ក្រោយពីបញ្ចប់ការស៊ើបសួរសំណុំរឿងជនសង្ស័យទាំង៣នាក់ ត្រូវបានបញ្ជូនទៅខាងចៅក្រមស៊ើបសួរ ដើម្បីឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដោយរង់ចាំបើកសវនាការកាត់ទោសទៅតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ