ខេត្តបាត់ដំបង ៖ ចំនួន០២លើក កាលពីថ្ងៃទី២៥ ធ្នូ ដែលពួកទាហានឈ្លានពាននៃប្រទេសថៃបានប្រើប្រាស់កាំភ្លើងធុន១០៥មម បាញ់ផ្លោងចូលដែនអធិបតេយ្យភាពកម្ពុជា ក្នុងទឹកដីស្រុកសំពៅលូន ដែលស្ថិតនៅយ៉ាងកៀកជាប់នឹងព្រំដែនកម្ពុជា-ថៃ ។ នេះបើតាមសេចក្ដីរាយការណ៍បឋមរបស់មន្ត្រីការពារព្រំដែនកម្ពុជា ។
នៅក្នុងសេចក្ដីរាយការណ៍បានឱ្យដឹងថា ការបាញ់ផ្លោងលើកទី១ របស់កងទ័ពឈ្លានពានថៃបានធ្វើសកម្មភាពបាញ់ផ្លោងនៅចន្លោះពីម៉ោង៩ និង៥០នាទី ដល់ម៉ោង១១ និង១៥នាទីថ្ងៃត្រង់ថ្ងៃទី២៥ ធ្នូ ប៉ះចំទៅលើផ្ទះប្រជាពលរដ្ឋនៅក្នុងភូមិទឹកថ្លា ឃុំអង្គរបាន ស្រុកសំពៅលូន ដោយប្រើប្រាស់កាំភ្លើងត្បាល់ធុន១០៥មម ចំនួន៣៣គ្រាប់ ក្នុងនោះ មាន០១គ្រាប់ធំក្លិនស្អុយ ។

មន្ត្រីព្រំដែនបានឲ្យដឹងថា ពួកទាហានថៃបានប្រើប្រាស់កាំភ្លើងធំធុន១០៥មម នេះបាញ់ផ្តក់ចូលក្នុងភូមិឋាន បណ្ដាលឲ្យខូចខាតអស់០១ខ្នង រីឯ០១ខ្នងទៀតឆេះខ្ទេចតែម្ដងខណៈម្ចាស់ផ្ទះរងគ្រោះ រួមជាមួយអ្នកភូមិរាប់ពាន់គ្រួសារទៀត កំពុងភៀសសឹកចេញពីផ្ទះសម្បែងឡើងស្ងាត់ភូមិ ដើម្បីទៅរកតំបន់មានសុវត្ថិភាព ខណៈដែលពួកទាហានឈ្លានពានរបស់ថៃបាញ់ផ្លោងឆ្លងព្រំរំដែនចូលភូមិឋានខាងកម្ពុជារាល់ថ្ងៃគ្មានបន្ធូរដៃឡើយ ។
តាមរយៈរបាយការណ៍មន្ត្រីដដែល បន្ទាប់ពីបញ្ចប់ការបាញ់ផ្លោងលាន់កក្រើកមេឃដីប្រមាណជា០២ម៉ោងប៉ុណ្ណោះ ដែលគេប៉ាន់ស្មានថា មិនទាន់បាត់ក្ដៅកាណុងកាំភ្លើងផង ពួកវាក៏ចាប់ផ្ដើមសារ៉េកាណុងបាញ់ផ្តក់ចូលទឹកដីកម្ពុជា ក្នុងស្រុកសំពៅលូន ជាលើកទី២ទៀត ។

លើកទី២នេះ ពួកវាបានបែរកាណុងកាំភ្លើងត្បាល់ធុន១០៥មមដដែលបាញ់ផ្តក់ទៅកាន់ភាគខាងជើងនៃទឹកដីស្រុកសំពៅលូន នៅចន្លោះចាប់ពីម៉ោង២ និង៤០នាទី រហូតដល់ម៉ោង៣ និង៣៥នាទីរសៀលថ្ងៃដដែល ទើបស្ងប់ស្ងៀមទៅវិញ ដោយចំណាយគ្រាប់អស់ចំនួន១១គ្រាប់ដែលធ្លាក់ចំផ្ទះសម្បែងប្រជាពលរដ្ឋនៅក្នុងភូមិពោធិជ្រៃ ឃុំជ្រៃសីម៉ា ស្រុកសំពៅលូន ។
នៅក្នុងរបាយការណ៍៖ ការបាញ់ផ្លោងចូលភូមិឋានជនស៊ីវិលយ៉ាងព្រៃផ្សៃគ្មានប្រណីដៃ ត្រឹមរយៈពេល១កន្លះនេះ ធ្វើឲ្យខូចខាតផ្ទះសម្បែងរបស់ប្រជាពលរដ្ឋអស់ចំនួន០៣ខ្នងថែមទៀត ខណៈម្ចាស់ផ្ទះកំពុងរត់ភៀសសឹកស្ងាត់អស់ពីផ្ទះ ។ ខេត្តបាត់ដំបងមានស្រុកចំនួន០៤ ដែលមានព្រំប្រទល់ជាប់នឹងប្រទេសជាតិ ដែលមានមហិច្ឆិតាឈ្លានពានទឹកដីនៃថៃ ។ ក្នុងនោះ មាន៖ ស្រុកសំឡូត ស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន។ ប៉ុន្តែក្នុងពេលកម្ពុជា កំពុងរងការបាញ់ប្រហារដោយអាវុធគ្រប់ធុនធ្ងន់ រាប់ទាំងដ្រូន និង យន្តហោះចម្បាំងច្រើនប្រភេទផងនាពេលនេះ ពីសំណាក់ពួកទាហានឈ្លានពានថៃ គឺមានតែស្រុកចំនួន០២ប៉ុណ្ណោះ ដែលត្រូវពួកទាហានឈ្លានពានធ្វើទុក្ខបុកម្នេញខ្លាំងជាងគេ គឺ «ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន» ។

ស្រុកទាំង០២នេះ ត្រូវពួកសត្រូវបាញ់ផ្លោងដាក់ស្ទើរទក់សាច់ទៅហើយ ប៉ុន្តែរហូតមកទល់នឹងថ្ងៃនេះ កងទ័ពជួរមុខកម្ពុជា ពុំទាន់បានបាញ់តបតឆ្លងព្រំដែនទៅវិញ សូម្បីតែ០១គ្រាប់នៅឡើយទេ ។ ប៉ុន្តែកងទ័ពជួរមុខកម្ពុជា បានត្រៀមខ្លួនគ្រប់ពេល គ្រប់នាទី យ៉ាងរឹងមាំគ្រប់គោលដៅ នៅតាមបន្ទាត់ព្រំដែន ដើម្បីរង់ចាំប្ដូរគ្រាប់ជាមួយពួកសត្រូវឈ្លានពានទឹកដី ប្រសិនបើមានបទបញ្ជាពីថ្នាក់លើ ៕






ចែករំលែកព័តមាននេះ