រាជធានីភ្នំពេញ ៖ ក្រសួងការពារជាតិបានបញ្ជាក់ឲ្យដឹងថា យោធាថៃឈ្លានពាន ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោងជាង២រសៀលនេះ បានបា.ញ់ផ្លោងប្រមាណ២៥០គ្រាប់ ចូលភូមិសាស្ត្រភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
ក្រសួងការពារជាតិបានលើកឡើងនូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃ នៅតែបន្តធ្វើសកម្មភាពបា.ញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ នៅម៉ោងចាប់ពីម៉ោង៧:០០នាទីព្រឹក ដល់ម៉ោង១៤:៣០នាទីរសៀល យោធាថៃបានបា.ញ់ផ្លោងប្រមាណ២៥០គ្រាប់ ចូលភូមិសាស្ត្រភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
និងចាប់ពីម៉ោង ៧:០០នាទីព្រឹក ដល់ម៉ោង១៤:៣០នាទីរសៀល យោធាថៃ បានបាញ់ផ្លោងចូលប្រមាណ១១០គ្រាប់ ចូលភូមិសាស្ត្រភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
ក្រសួងបានលើកឡើងថា សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល សាហាវ ព្រៃផ្សៃ ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ ។
ក្រសួងថា កងកម្លាំងរបស់កម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីការពារបូរណភាពទឹកដី និងប្រជាជនរបស់កម្ពុជាយ៉ាងម៉ឺងម៉ាត់បំផុត ។ ជាងនេះក្រសួងក៏សូមបងប្អូនប្រជាពលរដ្ឋតាមដាននិងទទួលព័ត៌មានពីប្រភពផ្លូវការ ព្រមទាំងចូលរួមសហការណ៍ និងគោរពទៅតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានទាំងអស់គ្នា៕
ចែករំលែកព័តមាននេះ