ប្រទេសកូរ៉េខាងជើង ៖ មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានចេញបញ្ជាឲ្យពង្រីកផលិតកម្ម និងធ្វើទំនើបកម្មគ្រាប់មីស៊ីលរបស់ប្រទេសក្នុងឆ្នាំ២០២៦ខាងមុខនេះ ព្រមទាំងកសាងរោងចក្រថ្មីៗ សម្រាប់ឆ្លើយតបសេចក្ដីត្រូវការដែលកាន់តែកើនឡើង។ នេះបើតាមការប្រកាសកាលពីថ្ងៃទី២៦ ធ្នូ របស់បណ្ដាសារព័ត៌មានរដ្ឋកូរ៉េខាងជើង។
ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើងKCNA រាយការណ៍ថា ពេលមកទស្សនាបណ្ដារោងចក្រផលិតគ្រាប់រំសេវ រួមជាមួយបណ្ដាអ្នកទទួលខុសត្រូវជាន់ខ្ពស់របស់ប្រទេស លោកគីម ជុងអ៊ុន បានបញ្ជាដល់បណ្ដាទីតាំងផលិត ឲ្យឆ្លើយតបចំពោះសេចក្ដីត្រូវការដែលគ្រោងទុក ក្នុងក្របខណ្ឌនៃប្រតិបត្តិការរបស់កងកម្លាំងមីស៊ីល និងកងកាំភ្លើងធំរបស់រដ្ឋ។
លោកថ្លែងថា គេត្រូវបង្កើនថែមទៀតសមត្ថភាពផលិតកម្មជាសកល ដើម្បីឆ្លើយតបចំពោះសេចក្ដីត្រូវការរបស់កងទ័ព និងបញ្ជាឲ្យកសាងរោងចក្រផលិតគ្រាប់រំសេវថ្មីៗ។ លោកបន្តថា ផ្នែកផលិតកម្មមីស៊ីល និងគ្រាប់ផ្លោង ពិតជាសំខាន់ខ្លាំងណាស់ដើម្បីពង្រឹងកម្លាំងយោធា៕
ចែករំលែកព័តមាននេះ