ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ស្រុក​ព្រះស្ដេច​សប្បាយចិត្ត​ពេល​តម្លៃ​ស្រូវ​ងើបឡើង​វិញ តែ​សំណូមពរ​ឱ្យ​បញ្ចុះតម្លៃ​ជី

3 ម៉ោង មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ កសិករ​នៅ​ឃុំ​ល្វា ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង បាន​រៀបរាប់​ទាំង​ញញឹម​ថា ពេល​នេះ​ពួក​គាត់​សប្បាយចិត្ត ព្រោះ​តម្លៃ​ស្រូវ​បាន​ងើបឡើង​វិញ​បន្តិច​ហើយ ធ្វើ​ឱ្យ​ពួក​គាត់​ជា​កសិករ​មាន​កម្លាំង​តស៊ូ​ក្នុង​ការ​ធ្វើស្រែ​បន្ត​ទៅ​ទៀត ។…

ខេត្តព្រៃវែង ៖ កសិករ​នៅ​ឃុំ​ល្វា ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង បាន​រៀបរាប់​ទាំង​ញញឹម​ថា ពេល​នេះ​ពួក​គាត់​សប្បាយចិត្ត ព្រោះ​តម្លៃ​ស្រូវ​បាន​ងើបឡើង​វិញ​បន្តិច​ហើយ ធ្វើ​ឱ្យ​ពួក​គាត់​ជា​កសិករ​មាន​កម្លាំង​តស៊ូ​ក្នុង​ការ​ធ្វើស្រែ​បន្ត​ទៅ​ទៀត ។ កសិករ​ទាំងនោះ​បានឱ្យ​ដឹង​ទៀត​ថា ប៉ុន្មាន​ខែ​មុន​តម្លៃ​ស្រូវ​ក្នុង​មួយ​គីឡូ​លក់​បាន​តែ ៦០០​រៀល​ប៉ុណ្ណោះ តម្លៃ​នេះ​បើ​ស្រូវ​បាន​ផល​ច្រើន​ពួក​គាត់​អាច​ទប់ទល់​រួចខ្លួន តែបើ​ស្រែ​មិនសូវ​បាន​ផល គឺ​ត្រូវ​ខាត​ចូល​ដើម​ហើយ ។ ប៉ុន្តែ​ពេល​នេះ​តម្លៃ​ស្រូវ​បាន​ងើបឡើង​បន្តិច​ហើយ​គឺ ៧០០​រៀល​ក្នុង​មួយ​គីឡូក្រាម តម្លៃ​នេះ​ទោះ​មិន​ចំណេញ​ក៏​មិន​ខាតដើម​ដែរ ។

កសិករ​ទាំងនោះ​បញ្ជាក់​ថា តម្លៃ​ស្រូវ​បាន​ងើបឡើង​វិញ​ធ្វើ​ឱ្យ​ពួក​គាត់​សប្បាយចិត្ត​ណាស់ ប៉ុន្តែ​ជាមួយ​គ្នា​នេះ​តម្លៃ​ជី​នៅ​តែ​ថ្លៃ​កប់​ពពក ដូច្នេះ​ពួក​គាត់​សំណូមពរ​ឱ្យ​អាជ្ញាធរ ក៏​ដូច​ជា​មន្ត្រី​ជំនាញ​ជួយ​ដោះស្រាយ​បញ្ហា​តម្លៃ​ជី​នេះ ធ្វើ​យ៉ាងណា​ឱ្យ​វា​នៅ​ក្នុង​កម្រិត​មួយ​ដែល​សមរម្យ អាច​ឱ្យ​កសិករ​ធ្វើស្រែ​បាន​ចំណេញ​ខ្លះ ខណៈ​សព្វ​ថ្ងៃនេះ​ជី​មួយ​បាវ​តម្លៃ​ជិត ២០​ម៉ឺន​រៀល​ទៅ​ហើយ ។

ដោយឡែក​ក្រុម​ឈ្មួញកណ្ដាល ដែល​ចុះ​មក​ប្រមូល​ទិញ​ស្រូវ​ពី​កសិករ​នៅ​តាម​វាលស្រែ បានឱ្យ​ដឹង​ថា សព្វ​ថ្ងៃនេះ​ពួក​គាត់​ប្រមូល​ទិញ​ស្រូវ​ពី​កសិករ​យក​ទៅ​លក់​ឱ្យ​ឈ្មួញ​វៀតណាម នៅ​ព្រំដែន ពួក​គាត់​ក៏​ចង់ឱ្យ​តម្លៃ​ស្រូវ​ឡើង​ខ្ពស់​ដែរ ព្រោះ​បើ​ស្រូវ​ថោក​កសិករ​ឈប់​ធ្វើស្រែ ពួក​គាត់​ជា​ឈ្មួញកណ្ដាល​ក៏​លែង​មាន​ស្រូវ​ទិញ​ដែរ តែ​សព្វ​ថ្ងៃនេះ​តម្លៃ​ស្រូវ គឺ​ស្ថិត​នៅ​លើ​ឈ្មួញ​វៀតណាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ