ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំលេងសើចនឹងបរិស្ថាន ! ក្រសួងចាត់វិធានការ​ច្បាប់​ឱ្យ​ក្រុមហ៊ុន​បញ្ឈប់​ការ​ដុត​កម្ទេច​ក្រណាត់ ក្នុង​ឡ​ចំហាយ​ជា​បន្ទាន់

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងបរិស្ថាន បាន​ចាត់វិធានការ​ច្បាប់​ឱ្យ​ក្រុមហ៊ុន​បញ្ឈប់​ការ​ដុត​កម្ទេច​ក្រណាត់ ក្នុង​ឡ​ចំហាយ​ជា​បន្ទាន់ និង​ធ្វើការ​បំពាក់​ប្រព័ន្ធ​សម្អាត​ផ្សែង ចេញពី​ឡ​ចំហាយ​ឱ្យ​បាន​ត្រឹមត្រូវ ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួងបរិស្ថាន​បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា​នេះ…

រាជធានី​ភ្នំពេញ ៖ ក្រសួងបរិស្ថាន បាន​ចាត់វិធានការ​ច្បាប់​ឱ្យ​ក្រុមហ៊ុន​បញ្ឈប់​ការ​ដុត​កម្ទេច​ក្រណាត់ ក្នុង​ឡ​ចំហាយ​ជា​បន្ទាន់ និង​ធ្វើការ​បំពាក់​ប្រព័ន្ធ​សម្អាត​ផ្សែង ចេញពី​ឡ​ចំហាយ​ឱ្យ​បាន​ត្រឹមត្រូវ ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួងបរិស្ថាន​បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា​នេះ ។

លើស​ពី​នេះ ក្រសួងបរិស្ថាន តម្រូវ​ឱ្យ​រៀបចំ​កិច្ចសន្យា​ការពារ​បរិស្ថាន ដាក់​ជូន​ក្រសួងបរិស្ថាន​ពិនិត្យ និង​ផ្ដល់​យោបល់ និង​ត្រូវ​ស្នើ​សុំ​លិខិតអនុញ្ញាត​បញ្ចេញ​សំណល់ ពាក់ព័ន្ធ​ពី​ក្រសួងបរិស្ថាន ។

ជាមួយ​គ្នា​នេះ ក្រុមហ៊ុន ត្រូវ​ទទួល​រង​ពិន័យ​អន្ដរការណ៍ យោង​តាម​ក្រម​បរិស្ថាន និង​ធនធានធម្មជាតិ​មាត្រា​១៦១ មាត្រា​១៧៣ និង​មាត្រា​៦៦៨ និង​អនុក្រឹត្យ​លេខ​៤២ ស្ដី​ពី​ការ​ត្រួតពិនិត្យ​ការ​បំពុល​ខ្យល់ និង​ត្រូវ​ផ្ដល់​សំណង​ផល​ប៉ះពាល់​សុខភាព​សាធារណៈ និង​ការ​ខូចខាត​បរិស្ថាន​តាម​ការ​វាយតម្លៃ​ជាក់ស្ដែង​ពី​មន្ត្រី​ជំនាញ ។

សូម​បញ្ជាក់​ថា ក្រុមការងារ​អធិការកិច្ច​នៃ​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន​ដឹកនាំ​ដោយ​លោក ជោ ថុ​ល អនុប្រធាន​នាយកដ្ឋាន ដោយ​មានការ​ចូលរួម​ពី​រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មន្ទីរ​បរិស្ថាន​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ បាន​រក​ឃើញ ក្រុមហ៊ុន ស៊ី​ង ស៊ី វ៉ាង (​ខេ​ម​បូ​ឌា​) ដែល​ជា​ប្រភេទ​សេវា​កាត់ដេរ​សម្លៀក​បំពាក់ ស្ថិត​ភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បាន​ធ្វើការ​បំពុលបរិស្ថាន​។ ក្រុមការងារ​បាន​ពិនិត្យ​ឃើញ​ថា ក្រុមហ៊ុន​បាន​ប្រើប្រាស់​កម្ទេច​ក្រណាត់​ដុត ក្នុង​ឡ​ចំហាយ ប្រហែល ៣-៤​បាវ​/​ថ្ងៃ (២០​គ​.​ក​/​បាវ​) ដែល​ឡ​ចំហាយ​ជា​ប្រភេទ​ឡ​ធម្មតា​ពុំ​មាន​បំពាក់​ប្រព័ន្ធ​ចម្រោះ​សម្រាប់​សម្អាត​ផ្សែង​ថែម​ទៀត ។

ជាមួយ​គ្នា​នេះ គុណភាព​ខ្យល់​ចេញពី​បំពង់ផ្សែង​ឡ​ចំហាយ​បឋម ត្រូវ​បាន​រក​ឃើញ​ថា​លើស​កម្រិតស្ដង់ដារ ។ កន្លង​មក​ក្រុមហ៊ុន​បាន​ដំណើរការ​ដោយ​គ្មាន​កិច្ចសន្យា​ការពារ​បរិស្ថាន និង​លិខិតអនុញ្ញាត​បញ្ចេញ​សំណល់​ពាក់ព័ន្ធ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ