ខេត្តមណ្ឌលគិរី ៖ យោងតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ក្រោមការដឹកនាំតម្រង់ទិសដោយឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងដឹកនាំប្រតិបត្តិការផ្ទាល់ពីលោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មន្ត្រីឧទ្យានុរក្សបានបន្តចុះយុទ្ធនាការពង្រឹងការអនុវត្តច្បាប់យ៉ាងតឹងរឹង ដោយបានបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន ៣ទីតាំងផ្សេងគ្នា ក្នុងភូមិសាស្ត្រដែនជម្រកសត្វព្រៃកែវសីមា នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦។
ជាលទ្ធផលនៃប្រតិបត្តិការនេះ រួមមាន ករណីទី១៖ ចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ និងដកហូតរថយន្តកែច្នៃ ០១គ្រឿង ដែលដឹកឈើអារប្រភេទលេខ១ (ស្រឡៅ) ចំនួន ៩៣សន្លឹក។ វត្ថុតាងត្រូវបានយកមករក្សាទុកនៅស្នាក់ការរងបាយឆៅ។
ករណីទី២៖ ដកហូតម៉ូតូកែច្នៃចំនួន ០២គ្រឿង ដឹកឈើអារប្រភេទស្រឡៅចំនួន ០៣កំណាត់ (ស្មើនឹង ០,២៧០ ម៉ែត្រត្រីគុណ) នៅស្នាក់ការកណ្តាលកែវសីមា ខណៈដែលជនសង្ស័យបានរត់គេចខ្លួនបាត់។
ករណីទី៣៖ ចាប់ដកហូតម៉ូតូ ០១គ្រឿង ដឹកសាច់ជ្រូកព្រៃចំនួន ៣០គីឡូក្រាម និងឈើអារអញ្ញាតជនប្រភេទលេខ១ (ឈើទា) ចំនួន ៧០សន្លឹក (ស្មើនឹង ១,៤០០ ម៉ែត្រត្រីគុណ)។ វត្ថុតាងឈើ និងម៉ូតូ រក្សាទុកនៅស្នាក់ការរងរហ៊ូត ចំណែកឯសាច់សត្វព្រៃត្រូវបានដុតកម្ទេចចោលតាមនីតិវិធី។
បច្ចុប្បន្ន មន្ទីរបរិស្ថានខេត្តកំពុងរៀបចំកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តមណ្ឌលគិរី ចាត់ការតាមនីតិវិធីច្បាប់ជាធរមាន។
លោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានធ្វើការអំពាវនាវយ៉ាងទទូចដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់«សូមបញ្ឈប់រាល់សកម្មភាពកាប់បំផ្លាញព្រៃឈើ ការបរបាញ់ និងការបរិភោគសាច់សត្វព្រៃគ្រប់ប្រភេទ។ សូមចូលរួមការពារ និងអភិរក្សធនធានធម្មជាតិដ៏មានតម្លៃរបស់យើង ដើម្បីជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ និងដើម្បីភាពបៃតងនៃខេត្តមណ្ឌលគិរីយើងទាំងមូល»៕










ចែករំលែកព័តមាននេះ