ទីក្រុងមូស្គូ ៖ ប្រទេសរុស្ស៊ីកំពុងរៀបចំផែនការដំឡើងពន្ធលើតម្លៃបន្ថែម (VAT) ខណៈដែលវិមានក្រឹមឡាំងកំពុងស្វែងរកប្រភពចំណូលថ្មី ដើម្បីជំរុញសេដ្ឋកិច្ចដែលខាតបង់ អំឡុងពេលសង្គ្រាមរយៈពេលជិត ៤ ឆ្នាំជាមួយប្រទេសអ៊ុយក្រែន។ នេះបើតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters និង AP បានចេញផ្សាយកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។
សមាជិកសភាជាន់ទាបរដ្ឋ Duma របស់រុស្ស៊ី បានអនុម័តជាលើកទី ២ នៃសេចក្តីព្រាងច្បាប់ ដែលនឹងដំឡើងពន្ធលើតម្លៃបន្ថែម ចន្លោះពី ២០% ដល់ ២២%។ ការដំឡើងពន្ធនេះ ត្រូវបានរំពឹងថានឹងនាំប្រាក់ចំណូលបន្ថែមដល់ថវិកាជាតិរហូតដល់ ១ ទ្រីលានរូប្លិ ឬប្រហែល ១២,៣ ពាន់លានដុល្លារអាមេរិក។

ការផ្លាស់ប្តូរនេះ ជាផ្នែកមួយនៃពន្ធថ្មីផ្សេងទៀត ដែលវិមានក្រឹមឡាំងសង្ឃឹមថានឹងជួយដល់សេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ។ គំនិតផ្តួចផ្តើមថ្មីមួយ នឹងលុបចោលអត្រាពន្ធពិសេស និងការអនុគ្រោះលើថ្លៃកែច្នៃឡើងវិញសម្រាប់រថយន្ត ដែលភាគច្រើនផ្តោតលើរថយន្តនាំចូលមានតម្លៃខ្ពស់។ សំណើផ្សេងទៀត រួមមានការដំឡើងពន្ធលើគ្រឿងស្រវឹង បារី បារីអេឡិចត្រូនិច ក៏ដូចជាការដំឡើងពន្ធលើរបស់របរបច្ចេកវិទ្យា ដូចជា ស្មាតហ្វូន និងកុំព្យូទ័រយួរដៃជាដើម។
ពន្ធថ្មីដែលគ្រោងនឹងចូលជាធរមាននៅខែកញ្ញា ឆ្នាំ ២០២៦ រំពឹងថានឹងធ្វើឱ្យថវិកាជាតិមានតុល្យភាព ចំពេលមានការចំណាយខ្ពស់លើវិស័យយោធា និងប្រាក់ចំណូលថាមពលធ្លាក់ចុះ។ ទោះយ៉ាងណាមិញ បញ្ជីផ្លូវការនៃទំនិញដែលនឹងត្រូវយកពន្ធមិនទាន់បញ្ចប់ការចងក្រង ដើម្បីបោះពុម្ពផ្សាយនៅឡើយទេ។
យោងតាមការប៉ាន់ស្មានរបស់រដ្ឋាភិបាលរុស្ស៊ីបានឱ្យដឹងថា សេដ្ឋកិច្ចរុស្ស៊ីបានធ្លាក់ចុះនៅដើមឆ្នាំ ២០២៥ ហើយផលិតផលក្នុងស្រុកសរុប (GDP) ត្រូវបានព្យាករណ៍ត្រឹមតែប្រហែល ១% ប៉ុណ្ណោះ សម្រាប់ឆ្នាំនេះ។ កំណើនសេដ្ឋកិច្ចរុស្ស៊ីបានរងផលប៉ះពាល់ដោយសារអត្រាការប្រាក់ខ្ពស់របស់ធនាគារកណ្តាលរុស្ស៊ី បច្ចុប្បន្នមានដល់ ១៦.៥% ដែលត្រូវបានជំរុញដោយការទិញសម្ភារៈការពារជាតិរបស់រដ្ឋ។
ជាមួយគ្នានោះ ទណ្ឌកម្មបានរារាំងការអាចប្រើប្រាស់បន្ទះឈីបរបស់លោកខាងលិច ព្រមទាំងសមាសធាតុអេឡិចត្រូនិក និងមេកានិកសំខាន់ៗរបស់រុស្ស៊ីផ្សេងទៀត ខណៈដែលបណ្តាក្រុមហ៊ុនផលិតក្នុងស្រុកបាននឹងកំពុងតស៊ូដើម្បីបំពេញតម្រូវការរបស់វិស័យការពារជាតិ ដែលត្រូវការចាំបាច់ ដើម្បីផលិតដ្រូន និងអាវុធទំនើបៗផ្សេងទៀត។
កង្វះខាតសមាសធាតុអេឡិចត្រូនិចទំនើបក៏បានរារាំងដល់កិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ី ក្នុងការរក្សាភាពប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិក ចិន និងប្រទេសដទៃទៀតក្នុងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត AI។
សេចក្តីព្រាងច្បាប់ទាំងនេះ ត្រូវបានអនុម័តសាជាថ្មីម្តងទៀតដោយសភាជាន់ទាប មុនពេលបន្តទៅកាន់សភាជាន់ខ្ពស់ និងចុះហត្ថលេខាដោយប្រធានាធិបតីរុស្ស៊ី លោក វ្លាដឺមៀរ ពូទីន (Vladimir Putin) ដើម្បីក្លាយជាច្បាប់អនុវត្តផ្លូវការ៕
ចែករំលែកព័តមាននេះ