ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ផ្អាក​នាំ​ចូល​គ្រឿង​សមុទ្រ​ពី​ជប៉ុន​ព្រោះ​សុវត្ថិ​ភាព​ចំណី​អា​ហារ​ចំពេល​កំពុង​មាន​ជម្លោះ​ការ​ទូត

3 ម៉ោង មុន

ទី​ក្រុង​ប៉េកាំង៖ នៅ​ពេល​​ជម្លោះ​ការ​ទូត​រវាងចិន និង​​ជប៉ុន​​មិន​ទាន់​ធូរ​ស្រាល​នៅ​ឡើយ​ទេ​ក្រោយ​ការ​ថ្លែង​សុន្ទរ​កថា​របស់​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ លោក​ស្រី​តាកា​អ៊ីឈិ ពាក់​ព័ន្ធ​នឹង​បញ្ហា​តៃវ៉ាន់​ ថ្ងៃ​នេះ ប្រទេស​ចិន​ជម្រាប​ជូន​ភាគី​ជប៉ុន​ថា​ខ្លួន​នឹង​ផ្អាក​នាំ​ចូល​គ្រឿង​សមុទ្រ​ទាំង​អស់​ពី​ប្រទេស​ជប៉ុន​ក្រោម​ហេតុ​ផល​ភូត​គាម​អនាម័យ​។ ពោល​គឺ​ប្រទេស​ចិន​ត្រូវ​ការ​ត្រួត​ពិនិត្យ​បន្ថែម​ទៀត​ទៅលើ​គុណ​ភាព​ទឹក​សមុទ្រ​ក្រោយ​ការ​បង្ហូរ​ទឹក​កាក​សំណល់​នុយ​ក្លេអ៊ែរ​របស់​ជប៉ុន​ចូល​ទៅ​ក្នុង​សមុទ្រ​។ ថ្វី​ដ្បិត​នៅ​ក្នុង​លិខិត​បញ្ជាក់​ដែល​ផ្ញើ​ជូន​ជប៉ុន​នោះ ប្រទេស​ចិន​មិន​បាន​និយាយ​ពាក់​ព័ន្ធ​នឹង​ជម្លោះ​ការ​ទូត​…

ទី​ក្រុង​ប៉េកាំង៖ នៅ​ពេល​​ជម្លោះ​ការ​ទូត​រវាងចិន និង​​ជប៉ុន​​មិន​ទាន់​ធូរ​ស្រាល​នៅ​ឡើយ​ទេ​ក្រោយ​ការ​ថ្លែង​សុន្ទរ​កថា​របស់​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ លោក​ស្រី​តាកា​អ៊ីឈិ ពាក់​ព័ន្ធ​នឹង​បញ្ហា​តៃវ៉ាន់​ ថ្ងៃ​នេះ ប្រទេស​ចិន​ជម្រាប​ជូន​ភាគី​ជប៉ុន​ថា​ខ្លួន​នឹង​ផ្អាក​នាំ​ចូល​គ្រឿង​សមុទ្រ​ទាំង​អស់​ពី​ប្រទេស​ជប៉ុន​ក្រោម​ហេតុ​ផល​ភូត​គាម​អនាម័យ​។ ពោល​គឺ​ប្រទេស​ចិន​ត្រូវ​ការ​ត្រួត​ពិនិត្យ​បន្ថែម​ទៀត​ទៅលើ​គុណ​ភាព​ទឹក​សមុទ្រ​ក្រោយ​ការ​បង្ហូរ​ទឹក​កាក​សំណល់​នុយ​ក្លេអ៊ែរ​របស់​ជប៉ុន​ចូល​ទៅ​ក្នុង​សមុទ្រ​។

ថ្វី​ដ្បិត​នៅ​ក្នុង​លិខិត​បញ្ជាក់​ដែល​ផ្ញើ​ជូន​ជប៉ុន​នោះ ប្រទេស​ចិន​មិន​បាន​និយាយ​ពាក់​ព័ន្ធ​នឹង​ជម្លោះ​ការ​ទូត​ ប៉ុន្តែ​ព្រឹត្តិ​ការណ៍​ទាំង​២​នេះ​ត្រូវ​គេ​គិត​ថា​មាន​ជាប់​ពាក់​ព័ន្ធ​គ្នា​​​។​ ប្រទេស​ចិន​មាន​កំហឹង​យ៉ាង​ខ្លាំង​បន្ទាប់​ពី​លោក​ស្រី​តាកា​អ៊ីឈិ​ប្រកាស​ថា​ជប៉ុន​អាច​នឹង​បញ្ជូន​កង​ទ័ព​ទៅ​ធ្វើ​អន្តរាគមន៍​ជួយ​តៃវ៉ាន់​បើ​កោះ​នេះ​រង​ការ​វាយ​ប្រហារ​ពី​កង​ទ័ពចិន​។ ប្រតិ​កម្ម​ចំពោះ​សុន្ទរ​កថា​កាល​ពី​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា​នោះ ប្រទេស​ចិន​បាន​កោះ​ហៅ​​ឯក​អគ្គ​រាជ​ទូត​ជប៉ុន​ទៅ​ឆ្លើយ​បំភ្លឺ​ និង​បាន​អំពាវ​នាវ​​ឱ្យ​ប្រជា​ជន​ខ្លួន​​ផ្អាក​ធ្វើ​ដំណើរ​ទៅ​ជប៉ុន​ព្រោះ​ហេតុ​ផល​សុវត្ថិ​ភាព​។​

គម្រោង​ចាក់​បញ្ចាំង​ខ្សែ​ភាពយន្ត​ជប៉ុន​ក៏​ត្រូវ​ផ្អាក​ផង​ដែរ​។ ដំណឹង​ស្ដី​ពី​ការ​ផ្អាក​នាំ​ចូល​គ្រឿង​សមុទ្រ​ជប៉ុន​​​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ដោយ​ទី​ភ្នាក់​ងារព័ត៌​មាន​ក្យូដូ (Kyodo) និង​អឹន​អេច​ខេ (NHK) ​ដែល​ដក​ស្រង់​ប្រភព​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​។ មន្ត្រី​ដដែល​នោះ​រៀប​រាប់​បន្ត​ទៀត​ថា​ប្រទេស​ចិន​បាន​ផ្ដល់សេចក្ដី​ពន្យល់​ថា​​ការ​ហាម​នាំ​ចូល​គ្រឿង​សមុទ្រ​ជា​វិធាន​ការ​ចាំ​បាច់​ដែល​ខ្លួន​ត្រូវ​តែ​ធ្វើ​​​ដើម្បី​ត្រួត​ពិនិត្យ​មើល​ទឹក​កាក​សំណល់​នុយ​ក្លេអ៊ែរ​។

អាង​ស្តុក​ទុក​ទឹក​កាក​សំណល់​នុយក្លេអ៊ែរ​របស់​ជប៉ុន

ប្រទេស​ចិន​ទើប​តែ​ចាប់​ផ្ដើម​អនុញ្ញាត​ឱ្យ​នាំ​ចូល​គ្រឿង​សមុទ្រ​ឡើង​វិញ​ពី​ប្រទេស​ជប៉ុន​កាល​ពី​ពេល​ថ្មី​ៗ​នេះ​តែ​ប៉ុណ្ណោះ​។ ចិន​ផ្អាក​នាំ​ចូល​​កាល​ពី​លើក​មុន​បន្ទាប់​ពី​ជប៉ុន​បង្ហូរ​ទឹក​កាក​សំណល់​កាល​ពី​ឆ្នាំ​២០២៣​។ ក្រុម​អ្នក​ជំនាញ​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​អះ​អាង​ថា​ទឹក​កាក​សំណល់​នោះ​មាន​សុវត្ថិ​ភាព​គ្រប់​គ្រាន់​។ ប៉ុន្តែ​ប្រទេស​ចិន​មិន​អាច​ជឿ​ទុក​ចិត្ត​បាន​ទេ​។ ចិន​យល់​ថា​ជប៉ុន​ធ្វើ​បែប​នេះ​ហាក់​ដូច​ជា​ចាត់​ទុក​​មហា​សមុទ្រ​ប៉ាស៊ី​ហ្វិច​ជា​លូ​ទឹក​ស្អុយ​។ ដូច្នេះ​ចិន​ក៏​ចេញ​បម្រាម​ហាម​ឃាត់​ការ​នាំ​ចូល​អាហារ​សមុទ្រ​ពី​ជប៉ុន​។

ទំនាក់​ទំនង​រវាង​ចិន និង​ជប៉ុន​ម្ដង​ក្ដៅ​ម្ដង​ត្រជាក់​មិន​ទៀង​ទាត់​។ បញ្ហា​ចោទ​ខ្លាំង​ដោយ​សារ​រឿង​រ៉ាវ​ពី​អតីត​កាល​មួយ​ផ្នែក និង​ជម្លោះ​បូរណ​ភាព​ទឹក​ដី​មួយ​ផ្នែក​ដែល​ជា​ផ្ទាំង​ពពក​ខ្មៅ​តាម​រំខាន​ប្រទេស​ទាំង​២​មិន​ឱ្យ​មាន​ទំនាក់​ទំនង​ផ្អែម​ល្ហែម​នឹង​គ្នា​បាន​ឡើយ​។ កាល​ពី​ថ្ងៃ​ចន្ទ ប្រទេស​ជប៉ុន​​​អំពាវ​នាវ​ឱ្យ​ប្រជា​ជន​ខ្លួន​ដែល​កំពុង​ស្ថិត​នៅ​ប្រទេស​ចិន​សូម​បង្កើន​ការ​ប្រុង​ប្រ​យ័ត្ន​ចំពោះ​អ្វី​ដែល​នៅ​ជុំ​វិញ​ខ្លួន និង​គួរ​ជៀស​វាង​កុំ​ដើរ​ចូល​ទៅ​ក្នុង​ហ្វូង​មនុស្ស​។

ប្រទេស​ជប៉ុន​ព្យាយាម​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​ និង​បាន​បញ្ជូន​អ្នក​ការ​ទូត​របស់​ខ្លួន​ទៅ​ទី​ក្រុង​ប៉េកាំង​ដើម្បី​ពិភាក្សា​គ្នា​។ នៅ​ក្នុង​កិច្ច​ជំនួប​កាល​ពី​ថ្ងៃ​អង្គារ​ ប្រទេស​ចិន​នៅ​តែ​និយាយ​ដដែល​ឡើង​វិញ​ថា​ខ្លួន​សូម​ប្រឆាំង​ជំទាស់​នឹង​ពាក្យ​សម្ដី​របស់​លោក​​ស្រី​តាកា​អ៊ីឈិ​ទោះ​បី​ជប៉ុន​បញ្ជាក់​រួច​ហើយ​ថា​ពាក្យ​សម្ដី​របស់​លោក​ស្រី​ជា​រឿង​ផ្សេង​។ រី​ឯ​គោល​ជំហរ​របស់​ជប៉ុន​ផ្សេង​។ ជប៉ុន​​ថា​ខ្លួន​នៅ​តែ​ប្រកាន់​ខ្ជាប់​នយោបាយ​ចិន​តែ​មួយ​ដូច​ដែល​មាន​ចែង​នៅក្នុង​សេចក្ដី​ថ្លែង​ការណ៍​រួម​រវាង​ចិន​ និង​ជប៉ុន​ឆ្នាំ​១៩៧២​​។ នេះ​បើ​យោង​តាម​ប្រភព​ពី​អា​អែហ្វ​ប៉េ (AFP) និង​ប្រភព​ដទៃ​ទៀត​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ