ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃា.ត.ករ.ឈាមក្ដៅ ប្រឈមមុខដេកគុកអស់១​ជីវិត

3 ម៉ោង មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ សាលាដំបូង​ខេត្ត កាលពី​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៥​ កន្លង​ទៅ បាន​ចេញសេចក្ដី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ចំណាត់ការ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ ពាក់ព័ន្ធ​នឹង​បទល្មើស «​ឃាតកម្ម​គិត​ទុកជា​មុន…

ខេត្តកំពង់ធំ ៖ សាលាដំបូង​ខេត្ត កាលពី​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៥​ កន្លង​ទៅ បាន​ចេញសេចក្ដី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ចំណាត់ការ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ ពាក់ព័ន្ធ​នឹង​បទល្មើស «​ឃាតកម្ម​គិត​ទុកជា​មុន ប៉ះពាល់​បូរណភាព​សព​ជន​រង​គ្រោះ និង​ពី​បទ​លួច» ដោយ​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ជន​ដៃដល់​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។

អ្នកនាំពាក្យ​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្ត បាន​ជម្រាប​ជូន​សាធារណជន​ថា នា​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៥ ស្នងការដ្ឋា​ន​នគរបាល​ខេត្ត ដោយ​មាន​កិច្ចសហការ​ជាមួយ​នគរបាល​នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត បាន​ចាប់​ឃាត់ខ្លួន​ជន​ឈ្មោះ ម៉​ន សីហា ភេទ​ប្រុស អាយុ១៩​ឆ្នាំ ដែល​បាន​ចាក់​សម្លាប់​ឈ្មោះ ហ៊ឹ​ម ទីណា ភេទ​ស្រី អាយុ​២២​ឆ្នាំ កាលពី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅ​ភូមិ​ក្រូច ឃុំ​ស្វាយ​ភ្លើង ស្រុក​តាំងគោក ខេត្តកំពង់ធំ ពី​ខេត្ត​ប៉ៃលិន ហើយសមត្ថកិច្ច​ក៏​បាន​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

នៅ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ អយ្យការអម​សាលាដំបូង​ខេត្តបាន​ទទួល​ចាត់ការ​លើ​សំណុំ​រឿង​ព្រហ្មទណ្ឌ​លេខ​១១៤៨ ចុះ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​គិត​ទុកជា​មុន ប៉ះពាល់​បូរណភាព​នៃ​សព និង​បទ​លួចដែល​មាន​ជន​ត្រូវ​ចោទ​ឈ្មោះ ម៉​ន សីហា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ត្រូវ​បាន​តំណាង អយ្យការចោទប្រកាន់តាម
​រយៈ​ដីកា​សន្និដ្ឋាន​ប​ញ្ចូ​ន​រឿង​ឱ្យ​ស៊ើបសួរ​លេខ ៦៦៤ អ​.​ក​/២០២៥ ចុះ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ ទៅ​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តកំពង់ធំ ។

បន្ទាប់​ពី​បាន​សួរ​ចម្លើយ​ជន​ត្រូវ​ចោទ និង​ពិនិត្យ​ទៅ​លើ​ភស្តុតាង​នានា​ដែល​មាន​ក្នុង​សំណុំរឿងចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត បានសម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​ជន​ត្រូវ​ចោទ​ខាងលើ ដោយ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ពិនិត្យ​ពី​បទ «​ឃាតកម្ម​គិត​ទុកជា​មុន ប៉ះពាល់​បូរណ​ភាព​នៃ​សព និង​បទ​លួច» បទល្មើស​ដែល​មាន​បញ្ញត្តិ​ឱ្យ​ផ្តន្ទាទោស​តាម​មាត្រា​២០០ មាត្រា​២៦១មាត្រា​៣៥៣ និង​មាត្រា​៣៥៦ នៃ​ក្រម​ព្រហ្មទណ្ឌ ប្រព្រឹត្ត​នៅ​ភូមិ​ក្រូច ឃុំ​ស្វាយ​ភ្លើង ស្រុក​តាំងគោក ខេត្តកំពង់ធំ កាលពី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៥ ។

យោង​តាម​មាត្រា​២០០ គឺ​ជន​ត្រូវ​ចោទប្រឈម​នឹង​ការ​ជាប់គុក​អស់​មួយ​ជីវិត ។ បច្ចុប្បន្ន ជន​ត្រូវ​ចោទ​ខាងលើ ត្រូវ​បាន​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត ដើម្បី​រង់ចាំ​បន្ត​ចំណាត់ការ​តាម​នីតិវិធី​ដោយហេតុ​ថា អំពើ​ល្មើស​ខាងលើ​នេះ ជា​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ​បំផុត ដែល​តុលាការ​ត្រូវ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់ និង​ហ្មត់ចត់​បំផុត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ