ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ព័ត៌មាន​ឲ្យ​បញ្ឈប់​ជា​បន្ទាន់ រាល់​ការ​ផ្សាយ​ចែករំលែក ឬ​ប្រើប្រាស់​រូបថត វី​ដេ​អូ ឬ​ព័ត៌មាន​ចាស់ ទាក់ទង​នឹង​រឿង​ព្រំដែន​កម្ពុជា​-​ថៃ

13 ម៉ោង មុន

រាជ​ធា​និ​ភ្នំពេញ ៖ ក្រសួង​ព័ត៌មាន បាន​អំពាវនាវ​បញ្ឈប់​ជា​បន្ទាន់ រាល់​ការ​ផ្សាយ ចែករំលែក ឬ​ប្រើប្រាស់​រូបថត រូបភាព​វី​ដេ​អូ ឬ​ព័ត៌មាន​ចាស់ ទាក់ទង​នឹង​រឿង​ព្រំដែន​កម្ពុជា​-​ថៃ…

រាជ​ធា​និ​ភ្នំពេញ ៖ ក្រសួង​ព័ត៌មាន បាន​អំពាវនាវ​បញ្ឈប់​ជា​បន្ទាន់ រាល់​ការ​ផ្សាយ ចែករំលែក ឬ​ប្រើប្រាស់​រូបថត រូបភាព​វី​ដេ​អូ ឬ​ព័ត៌មាន​ចាស់ ទាក់ទង​នឹង​រឿង​ព្រំដែន​កម្ពុជា​-​ថៃ ឬ​បញ្ហា​ផ្សេង​ទៀត ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ព័ត៌មាន នៅ​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៥ បាន​លើក​ឡើង​ថា ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ក្រសួង​ព័ត៌មាន​បាន​សង្កេត​ឃើញ​ថា អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​មួយ​ចំនួន ក្នុង​នោះ​ក៏​មាន​អ្នក​សារព័ត៌មាន​ពលរដ្ឋ បាន​យក​រូបថត រូបភាព​វី​ដេ​អូ ឬ​ព័ត៌មាន​ចាស់ ឬ​ព័ត៌មាន ដែល​បាន​វាយ​ត្រា​ជា​ព័ត៌មាន​ក្លែងក្លាយ​រួច​ហើយ ស្តី​ពី​ស្ថានភាព ដែល​បាន​កើតឡើង​នៅ​ភូមិ​ព្រៃ​ចាន់ ភូមិ​ជោគជ័យ និង​ទីកន្លែង​ផ្សេង​ទៀត​នៅ​ក្នុង​ខេត្ត​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ ដើម្បី​ផ្សព្វផ្សាយ​ឡើង​វិញ ដោយ​គ្មាន ការ​ពិនិត្យ បញ្ជាក់​ប្រភព​ពិតប្រាកដ និង​ពេល​ខ្លះ​បាន​បំភ្លៃ​ដោយ​ដាក់​ថ្ងៃខែ​ឆ្នាំ ដើម្បី​បំភាន់​ថា ហេតុការណ៍​នេះ​កំពុង​កើតឡើង​ជាដើម ។

ក្រសួង​បាន​លើក​ឡើង​ថា សកម្មភាព​បែប​នេះ បាន​បង្ក​ឱ្យ​មានការ​ភាន់ច្រឡំ ការ​ភ័យ​ខ្លាច និង​ចលាចល ក្នុង​ចំណោម​សាធារណជន​។ សកម្មភាព​ទាំងនេះ​ជា​ទ​ង្វើ​មិន​ត្រឹមត្រូវ បំពាន​ក្រមសីលធម៌​វិជ្ជាជីវៈ​ក្នុង​វិស័យ ព័ត៌មាន ប៉ះពាល់​ដល់​សន្តិភាព សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ ក៏​ដូច​ជា​ការ​រក្សា​ស្ថិរភាព និង​ជីវភាព ប្រក្រតី​ក្នុង​សង្គម និង​ធ្វើ​ឱ្យ​បាត់បង់​ការ​ជឿ​ទុកចិត្ត​របស់​ប្រជាពលរដ្ឋ​ចំពោះ​អ្នក​សារព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ ទ​ង្វើ​បែប​នេះ មិន​ត្រូវ​ឱ្យ​មាន​កើត​មាន​ឡើង​ឡើយ ពិសេស​ក្នុង​កាលៈទេសៈ ដែល​រាជរដ្ឋាភិបាល​កម្ពុជា កំពុង​សស្រាក់សស្រាំ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​វិវាទ​ព្រំដែន​នេះ ។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួង បាន​លើក​ឡើង​ទៀត​ថា ដើម្បី​លើកកម្ពស់​ការ​ផ្សាយ និង​ចែករំលែក​ព័ត៌មាន​លើ​បណ្តាញ​សង្គម ដោយ​ការ​ទទួលខុសត្រូវ ដើម្បី​ចូលរួម​ធានា​សុវត្ថិភាព​ព័ត៌មាន​សាធារណៈ ក្រសួង​ព័ត៌មាន សូម​ណែនាំ​ដល់​អ្នក​បង្កើត​មាតិកា និង​អ្នក​ប្រើប្រាស់ បណ្តាញ​សង្គម ក៏​ដូច​ជា​អ្នក​សារព័ត៌មាន​ពលរដ្ឋ​ទាំងអស់ ដូច​តទៅ ៖

១-​សូម​បញ្ឈប់​ជា​បន្ទាន់​រាល់​ការ​ផ្សាយ ចែករំលែក ឬ​ប្រើប្រាស់​រូបថត រូបភាព​វី​ដេ​អូ ឬ​ព័ត៌មាន​ចាស់ ទាក់ទង​នឹង​រឿង​ព្រំដែន​កម្ពុជា​-​ថៃ ឬ​បញ្ហា​ផ្សេង​ទៀត​។ សូម​ចូលរួម​ផ្សាយ និង​ចែករំលែក​តែ​ព័ត៌មាន និង បច្ចុប្បន្នភាព​ពិត សម្រាប់​ជា​ការ​រួមចំណែក​ក្នុង​ការ​ធានា​សុវត្ថិភាព​ព័ត៌មាន និង​ការ​ទទួល​ព័ត៌មាន​ត្រឹមត្រូវ និង ទុកចិត្ត​បាន​ក្នុង​ចំណោម​សាធារណជន​ ។

២-​ត្រូវ​ចូលរួម​លើកកម្ពស់​សីលធម៌​សង្គម និង​គោរព​ក្រមសីលធម៌​នៅ​ក្នុង​ការ​ផលិត និង​ផ្សាយ​ព័ត៌មាន លើ​បណ្តាញ​សង្គម​។ ត្រូវ​ចៀសវាង​ការ​ផ្សាយ ឬ​ចែករំលែក​ព័ត៌មាន​ដែល​បង្ក​ភាព​ចលាចល ការ​ញុះញង់​ឱ្យ មាន​អំពើ​អសកម្ម អំពើ​អ​សីលធម៌​ក្នុង​សង្គម ឬ​ប៉ះពាល់​ដល់​អារម្មណ៍​របស់​ប្រជាពលរដ្ឋ សន្តិភាព សន្តិសុខ​ជាតិ សណ្តាប់ធ្នាប់​សាធារណៈ សុខដុម​នី​យ​កម្ម​សង្គម និង​ជាតិ​សាសន៍​ ។

៣-​ត្រូវ​ចូលរួម​លើកកម្ពស់​ការ​ផ្សាយ​ដោយ​សុក្រឹត និង​មាន​យោង​ប្រភព​ច្បាស់លាស់ ពាក់ព័ន្ធ​នឹង រឿង​ព្រំដែន​កម្ពុជា​-​ថៃ ដោយ​មិន​ត្រូវ​បំភ្លៃ កាឡៃ​ព័ត៌មាន ឬ​រូបភាព ដែល​បង្ក​ការ​ភាន់ច្រឡំ​ក្នុង​សាធារណៈ និង​ភាព​វឹកវរ​ក្នុង​សង្គម​ឡើយ​។ អ្នក​បង្កើត​មាតិកា ត្រូវ​ពិនិត្យ​លើ​ខ្លឹមសារ ដោយ​ផ្ទៀងផ្ទាត់​ជាមួយ​ប្រភព​។ ព័ត៌មាន​ផ្លូវការ ដើម្បី​ធានា​សុក្រឹតភាព​នៃ​ព័ត៌មាន​នោះ មុន​នឹង​ផ្សព្វផ្សាយ រួមចំណែក​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ និង​ធានា​ការ​ផ្តល់​ព័ត៌មាន​ពិត​ជូន​ដល់​សាធារណជន​ ។

៤-​ត្រូវ​ចូលរួម​ក្នុង​ការ​រក្សា​សុវត្ថិភាព​របស់​កងទ័ព ការ​សម្ងាត់​យោធា សន្តិសុខ​ជាតិ និង​សណ្តាប់ធ្នាប់ សង្គម​។ សូមកុំ​ផ្សព្វផ្សាយ​រូបភាព​ដែល​បង្ហាញ​សកម្មភាព​និង​ចំនួន​កងទ័ព លេណដ្ឋាន យុទ្ធោបករណ៍​គ្រប់ ប្រភេទ ការ​ចល័ត​ទ័ព និង​ព័ត៌មាន​ទាក់ទង​នឹង​ការ​សម្ងាត់​របស់​កងទ័ព ​។

៥-​សូម​ចូលរួម​លើកកម្ពស់​ការ​គោរព​ច្បាប់ និង​រក្សា​ជំនឿ​ចិត្ត​របស់​ប្រជាពលរដ្ឋ​លើ​អ្នក​សារព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​គុណ​តម្លៃ​នៃ​វិជ្ជាជីវៈ​សារព័ត៌មាន​។ មិន​ត្រូវ​ផ្សាយ ឬ​ចែករំលែក​ព័ត៌មាន ដែល​ច្បាប់ បាន​ហាមឃាត់​ឡើយ​។ លើស​ពី​នេះ​ក្រសួង​ព័ត៌មាន​ក៏​សូម​អំពាវនាវ​ដល់​សាធារណជន និង​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម ទូទៅ មេត្តា​កុំ​ជឿ និង​កុំ​ចែកចាយ​លើ​រូបថត រូបភាព​វី​ដេ​អូ ឬ​ព័ត៌មាន​ចាស់​ទាំងនេះ ឬ​វី​ដេ​អូ​ចាស់ ប៉ុន្តែ​បំភ្លៃ ដោយ​ដាក់​ថ្ងៃខែ​ឆ្នាំ​ថា​ជា​ហេតុការណ៍​ថ្មី​។ សូមកុំ​ចែករំលែក​ព័ត៌មាន​ក្លែងក្លាយ និង​ព័ត៌មាន​ទាក់ទង​នឹង សន្តិសុខ​ជាតិ ហើយ​ជា​និច្ច​ជា​កាល ត្រូវ​ផ្ទៀងផ្ទាត់​រាល់​ព័ត៌មាន ដែល​ទទួល​បាន​ពី​បណ្តាញ​សង្គម​។ សូម​បង្កើន ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ព័ត៌មាន​ក្លែងក្លាយ ពិនិត្យ​ប្រភព​ព័ត៌មាន​ឱ្យ​បាន​ច្បាស់លាស់ កុំ​ចែករំលែក​ព័ត៌មាន មានការ​សង្ស័យ​ថា​មិន​ពិត​ ។

លើស​ពី​នេះ​ ក្រសួង​លើក​ឡើង​ទៀត​ថា​ ដើម្បី​ព័​ត៌​ពិត​ច្បាស់​សូម​ទទួល​ព័ត៌មាន​ពី​ប្រភព​ផ្លូវការ​គឺ ១) ថ្នាក់ដឹកនាំ​កំពូល​របស់​ជាតិ​, ២)​ក្រសួង ការពារ​ជាតិ​, ៣) ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​, ៤) ក្រសួង​ព័ត៌មាន​, ៥) អង្គភាព​អ្នក​នាំ ពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​, ៦)​ឥស្សរ​ជនជាតិ​, ព្រមទាំង​ប្រភព​សារព័ត៌មាន​ដែល​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ ត្រឹមត្រូវ​។

ក្រសួង​ព័ត៌មាន​សង្ឃឹមថា អ្នក​បង្កើត​មាតិកា និង​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ទាំងអស់ នឹង​ចូលរួម អនុវត្ត​តាម​សេចក្តីណែនាំ​នេះ​ឱ្យ​បាន​ត្រឹមត្រូវ រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល និង​ក្រសួង​ព័ត៌មាន​ក្នុង​ការ លើ​កម្ពស់​ការ​ផ្សាយ​ព័ត៌មាន​ពិត ប្រកបដោយ​គុណភាព ដើម្បី​ធានា​បរិយាកាស​ប្រក្រតី លើកតម្កើង​សីលធម៌ សង្គម តាម​រយៈ​ការ​ផ្សព្វផ្សាយ​ប្រកបដោយ​ភាព​ទុកចិត្ត សុវត្ថិភាព និង​ការពារ​សិទ្ធិ​ប្រជាពលរដ្ឋ​ក្នុង​ការ​ទទួល ព័ត៌មាន​ត្រឹមត្រូវ​អនុលោម​តាម​គោលការណ៍​ច្បាប់ និង​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​។ ការ​មិន​អនុវត្ត​តាម សេចក្តីណែនាំ​នេះ នឹង​អាច​ត្រូវ​ប្រឈម​នឹង​ការ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ