ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​លក់​ខែល​ការ​ពារ​ដែន​អាកាស​ស៊េរី​ទំនើប​ឱ្យ​តៃវ៉ាន់​តម្លៃ​៧០០​លាន​ដុល្លារ

2 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ មន្ទី​បញ្ចកោណ​បាន​អនុ​ម័ត​យល់​ព្រម​លក់​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​​​ម៉ាក​ណាសាម (NASAM) មាន​តម្លៃ​ជិត​៧​រយ​លាន​ដុល្លារ​​ទៅ​ឱ្យ​តៃវ៉ាន់​។ ខែល​ការ​ពារ​ដែន​អាកាស​នេះ​កំពុង​ប្រើ​ប្រាស់​សាក​ល្បង​ដើម្បី​ត​តាំង​ជា​មួយ​មីស៊ីល​របស់​រុស្ស៊ី​នៅ​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែន​។ បើ​គិត​ទាំង​លើក​នេះ​ទៀត​ អាមេរិក​យល់​ព្រម​លក់​អាវុធ​ឱ្យ​តៃវ៉ាន់​​ចំនួន​២​លើក​ត្រឹម​តែ​រយៈ​ពេល​មួយ​សប្ដាហ៍​​នៅ​ក្នុង​តម្លៃ​មួយ​ពាន់​លាន​ដុល្លារ​។ ខែល​ការ​ពារ​ដែន​អាកាស​ផលិត​ដោយ​ក្រុម​ហ៊ុន​អ័រ​ធី​អ៊ិច (RTX) នេះ​ជា​ប្រព័ន្ធ​មីស៊ីល​រយៈ​ចម្ងាយ​មធ្យម​…

ទី​ក្រុង​វ៉ាស៊ីនតោន៖ មន្ទី​បញ្ចកោណ​បាន​អនុ​ម័ត​យល់​ព្រម​លក់​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​​​ម៉ាក​ណាសាម (NASAM) មាន​តម្លៃ​ជិត​៧​រយ​លាន​ដុល្លារ​​ទៅ​ឱ្យ​តៃវ៉ាន់​។ ខែល​ការ​ពារ​ដែន​អាកាស​នេះ​កំពុង​ប្រើ​ប្រាស់​សាក​ល្បង​ដើម្បី​ត​តាំង​ជា​មួយ​មីស៊ីល​របស់​រុស្ស៊ី​នៅ​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែន​។ បើ​គិត​ទាំង​លើក​នេះ​ទៀត​ អាមេរិក​យល់​ព្រម​លក់​អាវុធ​ឱ្យ​តៃវ៉ាន់​​ចំនួន​២​លើក​ត្រឹម​តែ​រយៈ​ពេល​មួយ​សប្ដាហ៍​​នៅ​ក្នុង​តម្លៃ​មួយ​ពាន់​លាន​ដុល្លារ​។

ខែល​ការ​ពារ​ដែន​អាកាស​ផលិត​ដោយ​ក្រុម​ហ៊ុន​អ័រ​ធី​អ៊ិច (RTX) នេះ​ជា​ប្រព័ន្ធ​មីស៊ីល​រយៈ​ចម្ងាយ​មធ្យម​ និង​ជា​អាវុធ​ស៊េរី​ថ្មី​សម្រាប់​តៃវ៉ាន់​។ មន្ទីរ​បញ្ចកោណ​បញ្ជាក់​កាល​ពី​ថ្ងៃ​ចន្ទ​ថា​​ក្រុមហ៊ុន​ខាង​លើ​នេះ​ទទួល​បាន​សិទ្ធិ​ចុះ​កិច្ច​សន្យា​ដេញ​ថ្លៃ​លក់​ណាសាម​ទៅ​ឱ្យ​តៃវ៉ាន់​។​​ សង្ឃឹម​ថា​នឹង​ផលិត​ចប់​សព្វ​គ្រប់​បញ្ជូន​ទៅ​ឱ្យ​តៃវ៉ាន់​​​គ្រប់​ត្រឹម​ខែ​កុម្ភៈ ឆ្នាំ​២០៣១​។

​នៅ​ឥណ្ឌូ-​ប៉ាស៊ីហ្វិច​មាន​តែ​ប្រទេស​អូស្ត្រាលី និង​ឥណ្ឌូណេស៊ី​ប៉ុណ្ណោះ​ដែល​មាន​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​ណាសាម​នេះ​សម្រាប់​ប្រើ​ប្រាស់​។ អាមេរិក​ធ្លាប់​ប្រកាស​តាំង​ពី​ឆ្នាំ​មុន​ថា​តៃវ៉ាន់​នឹង​ទទួល​បាន​ប្រព័ន្ធ​នេះ​ចំនួន​បី​គ្រឿង​នៅ​ក្នុង​គម្រោង​ទិញ-​លក់​តម្លៃ​២​ពាន់​លាន​ដុល្លារ​។ មីស៊ីល​នេះ​ប្រើ​សាក​នៅអ៊ុយ​ក្រែន​រួច​ហើយ​ ហើយ​ឃើញ​ថា​​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​អាច​​ត​ទល់​ជា​មួយ​​​​​រុស្ស៊ី​បាន​។ ហេតុ​នេះ អាមេរិក​ក៏​សម្រេច​លក់​ឱ្យ​តៃវ៉ាន់​។ មីស៊ីល​នេះ​កំពុង​ត្រូវ​ប៉ាន់ និង​មាន​ប្រទេស​ជា​ច្រើន​ចង់​ទិញ​។

​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​ អាមេរិក​អនុម័ត​យល់​ព្រម​លក់​យន្ត​ហោះ​​ចម្បាំង​ និង​គ្រឿង​បន្លាស់​យន្ត​ហោះ​មួយ​ចំនួន​ទៅ​ឱ្យ​តៃវ៉ាន់​តម្លៃ​សរុប​៣៣០​លាន​ដុល្លារ​។ នោះ​ជា​កិច្ច​ព្រម​ព្រៀង​ទិញ-​លក់​អាវុធ​រវាង​អាមេរិក និង​តៃវ៉ាន់​ជា​លើក​ដំបូង​ចាប់​តាំង​ពី​លោ​កត្រាំ​ឡើង​កាន់​អំណាច​កាល​ពី​ខែ​មករា​។ បញ្ហា​នេះ​ធ្វើ​ឱ្យ​តៃវ៉ាន់​ចាប់​ផ្ដើម​អរ​ព្រួច​ ប៉ុន្តែ​ចិន​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង​។​

គួរ​កត់​សម្គាល់​ថា​ការ​សម្រេច​ចិត្ត​លក់​អាវុធ​ទាំង​២​លើក​ទៅ​ឱ្យ​តៃវ៉ាន់​កើត​ឡើង​ចំ​ពេល​ដែល​ប្រទេស​ចិន និង​ជប៉ុន​​កំពុង​​មាន​ជម្លោះ​បែក​ផ្សែង​ផ្នែក​ការ​ទូត​ដោយ​សារ​ពាក្យ​សម្ដី​របស់​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន លោកស្រី​តាកា​អ៊ី​ឈិ​ ដែល​ចង់​បញ្ជូន​យោ​ធា​ទៅ​ជួយ​តៃវ៉ាន់​បើ​សិន​កោះ​នេះ​រង​ការ​វាយ​ប្រហារ​ពី​សំណាក់​កង​ទ័ព​ចិន​នា​ពេល​អនា​គត​។​

កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ នា​វា​ល្បាត​​​របស់​ចិន​បាន​បើក​កាត់​ដែន​សមុទ្រ​នៅ​ក្បែរ​ប្រជុំ​កោះ​ដែល​ជប៉ុន​ហៅ​ថា​ស៊ីន​កាគូ ឬ​ភាសា​ចិន​ហៅ​ថា​ទាវ​យូ​។ ​ជប៉ុន​ថ្លែង​ថា​នៅ​ក្នុង​គ្រា​នោះ​ ខ្លួន​បាន​ចល័ត​យន្ត​ហោះ​ចម្បាំង​ជា​ច្រើន​គ្រឿង​បន្ទាប់​ពី​ចិន​បង្ហោះ​ដ្រូន​១​គ្រឿង​នៅ​ចន្លោះ​​កោះ​តៃវ៉ាន់ និង​កោះ​យ៉ូណា​គូនិ​ (Yonaguni) របស់​ជប៉ុន​នៅ​ប៉ែក​ខាង​លិច​បំផុត​។ ​នេះ​បើ​យោង​តាម​ប្រភព​ពី​អាល់​ចា​ស៊ីរ៉ា (al Jazeera) និង​ប្រភព​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ