ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង់គ្លេស​ព្រ.មា.ន​ប្រើ​កម្លាំង​យោធា​បន្ទាប់​ពី​នាវា​រុស្ស៊ី​បា.ញ់​ឡាស៊ែ​ដាក់​អាកាស​យានិក​ខ្លួន

13 ម៉ោង មុន

ទី​ក្រុង​ឡុង៖ អង់គ្លេស​ និង​រុស្ស៊ី​ចាប់​ផ្ដើម​មាន​ភាព​តាន​តឹង​នឹង​គ្នា​បន្ថែម​ទៀត​បន្ទាប់​ពី​មាន​ភាព​ប្រទាំង​ប្រទើស​គ្នា​ផ្នែក​យោធា​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។ រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អង់គ្លេស លោក​ចន​ ហ៊ាលី (John Healey)​ព្រមាន​ថា​ឱ្យ​តែ​រុស្ស៊ី​ហ៊ាន​ហក់​មក​ទៀត​​ អង់​គ្លេស​នឹង​ប្រើ​ចំណាត់​ការ​យោធា​តប​ទៅ​វិញ​ជា​មិន​ខាន​ឡើយ​។ លោក​ថ្លែង​ថា​អង់គ្លេស​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ឆ្លើយ​តប​ដោយ​កម្លាំង​យោធា​បើ​សិន​នាវា​ស៊ើប​ការណ៍​សម្ងាត់​របស់​រុស្ស៊ី​ឈ្មោះ​យ៉ាន់​តា…

ទី​ក្រុង​ឡុង៖ អង់គ្លេស​ និង​រុស្ស៊ី​ចាប់​ផ្ដើម​មាន​ភាព​តាន​តឹង​នឹង​គ្នា​បន្ថែម​ទៀត​បន្ទាប់​ពី​មាន​ភាព​ប្រទាំង​ប្រទើស​គ្នា​ផ្នែក​យោធា​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។ រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អង់គ្លេស លោក​ចន​ ហ៊ាលី (John Healey)​ព្រមាន​ថា​ឱ្យ​តែ​រុស្ស៊ី​ហ៊ាន​ហក់​មក​ទៀត​​ អង់​គ្លេស​នឹង​ប្រើ​ចំណាត់​ការ​យោធា​តប​ទៅ​វិញ​ជា​មិន​ខាន​ឡើយ​។ លោក​ថ្លែង​ថា​អង់គ្លេស​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ឆ្លើយ​តប​ដោយ​កម្លាំង​យោធា​បើ​សិន​នាវា​ស៊ើប​ការណ៍​សម្ងាត់​របស់​រុស្ស៊ី​ឈ្មោះ​យ៉ាន់​តា (Yantar) ត្រូវ​អង់​គ្លេស​មើល​ឃើញ​ថា​ជា​គ្រោះ​គំរាម​កំហែង​ចំពោះ​សន្តិ​សុខ​ជាតិ​របស់​ខ្លួន​។

លោក​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​នាវា​របស់​រុស្ស៊ី​​មួយ​គ្រឿង​នេះ​បាន​បាញ់​កាំ​រស្មី​ឡា​ស៊ែ​ដាក់​អាកាស​យានិក​របស់​អង់​គ្លេស​ដែល​អង់​គ្លេស​បញ្ជូន​ទៅ​ត្រួត​ពិនិត្យ​មើល​សភាព​ការណ៍​។ ជា​និច្ច​កាល​ កង​ទ័ព​ភូមិន្ទ​ជើង​ទឹក​ និង​កង​ទ័ព​ភូមិន្ទ​​ជើង​អាកាស​​​របស់​អង់​គ្លេស​ជា​អ្នក​​​រ៉ាប់​រង​មើល​ការ​ខុស​ត្រូវ​ទៅ​លើ​អ្វី​ដែល​អាច​ជា​គ្រោះ​គំរាម​កំហែង​ចំពោះ​សន្តិ​សុខ​ជាតិ​អង់​គ្លេស​។ ក្រោយ​ការ​ផ្ទុះ​សង្គ្រាម​អ៊ុយ​ក្រែន​កាល​ពី​ឆ្នាំ​២០២២​ អង្គ​ភាព​ទាំង​២​នេះ​បង្កើន​ការ​ឃ្លាំ​មើល​កាន់​តែ​ខ្លាំង​ដើម្បី​តាម​ចាប់​សញ្ញា​នៃ​នាវា​ចម្បាំង និង​នាវា​មុជ​ទឹក​របស់​រុស្ស៊ី​។

រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អង់​គ្លេស

លោក​ហ៊ាលី​ថ្លែង​ថា​ការ​បាញ់​កាំ​រស្មី​ឡាស៊ែ​ដាក់​អាកាស​យានិក​នៃ​កង​ទ័ព​ភូមិន្ទ​អាកាស​អង់​គ្លេស​គឺ​ជា​ទង្វើ​ដ៏​គ្រោះ​ថ្នាក់​បំផុត​។ លោក​ព្រមាន​​ថា​រឿង​នេះ​ថ្ងៃ​មុខ​ថ្ងៃ​ក្រោយ​កុំ​ឱ្យ​កើត​មាន​ត​ទៅ​ទៀត។​​ បើ​មិន​ដូច្នេះ​ទេ​ អង់​គ្លេស​​លែង​គួរ​សម​ហើយ ហើយ​នឹង​បញ្ចេញ​ប្រតិ​កម្ម​តប​​​ទៅ​វិញជា​មិន​ខាន​។ ​​លោក​ថ្លែង​បន្ត​ទៀត​ថា​យើង​បាន​សម្រេច​គ្នា​រួច​ហើយ​ថា​នឹង​ចាត់​វិធាន​ការ​ផ្នែក​យោធា​តប​ទៅ​នាវា​របស់​រុស្ស៊ី​ឈ្មោះ​យ៉ាន់​តា​។

នាវា​ឈ្មោះ​យ៉ាន់​តា​​​ត្រូវ​បាន​​ផលិត​ឡើង​​​ដើម្បី​ស៊ើប​ការណ៍​សម្ងាត់​ ពោល​គឺ​ដើម្បី​​ប្រមូល​ព័ត៌​មាន​សម្ងាត់​ពី​ប្រទេស​ដទៃ​ទៀត​ និង​សម្រាប់​កំណត់​ទី​តាំង​ខ្សែ​កាប​បាត​សមុទ្រ​។ នាវា​នេះ​បច្ចុប្បន្ន​កំពុង​បើក​ប្រតិ​បត្តិ​ការ​នៅ​លើ​ដែន​សមុទ្រ​​ដែល​ស្ថិត​នៅ​កៀក​ៗ​នឹង​សមុទ្រ​របស់​អង់​គ្លេស។​ ពោល​គឺ​នៅ​ភាគ​ខាង​ជើង​ប្រទេស​ស្កុត​លែន​។ នេះ​បើ​យោង​តាម​ការ​អះ​អាង​របស់​លោក​ហ៊ាលី​។

លោ​កថា​នេះ​ជា​លើក​ទី​មួយ​ដែល​នាវា​ឈ្មោះ​យ៉ាន់​តា​របស់​រុស្ស៊ី​ធ្វើ​សកម្ម​ភាព​ដូច​ខាង​លើ​នេះ​ដាក់​កង​ទ័ព​ភូមិន្ទ​អាកាស​របស់​អង់​គ្លេស​។ យើង​យក​ចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​បញ្ហា​នេះ​។ រដ្ឋ​មន្ត្រី​រូប​នេះ​ថ្លែង​ថា​លោក​បាន​កែ​សម្រួល​វិធាន​ផ្ទៃ​ក្នុង​របស់​កង​នាវា​ចរណ៍​អង់​គ្លេស​។ ធ្វើ​បែប​នេះ​ដើម្បី​ងាយ​ស្រួលនៅ​ពេល​​​នាវា​នេះ​បើក​ចូល​ដែន​សមុទ្រ​របស់​យើង​ យើង​អាច​​​​តាម​ដាន​សភាព​ការណ៍​ឱ្យ​បាន​ដិត​ដល់​ជាង​មុន​ និង​សង្កេត​ការណ៍​ឱ្យ​បាន​ដិត​ដល់​ជាង​មុន​ទៅ​លើ​សកម្ម​ភាព​របស់​នាវា​។ នេះ​បើ​យោង​តាម​ប្រភព​​ពី​រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ