ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខណ្ឌ​៧​មក​រា ជួយ​សម្របសម្រួល​ហើយ ករណី​ដុត​កង់​ឡាន​ក្នុង​ជម្លោះ​ពលរដ្ឋ និង​ពលរដ្ឋ រឿង​ច្រក​ចេញចូល

1 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ករណី​ដុត​កង់​ឡាន ដោយសារ​ជម្លោះ​រវាង​ពលរដ្ឋ និង​ពលរដ្ឋ ទាក់ទិន​រឿង​ច្រក​ចេញចូល​លំនៅ​ឋាន ពេល​នេះ អាជ្ញាធរ​ខណ្ឌ​៧​មក​រា បាន​ជួយ​សម្របសម្រួល​ដោះស្រាយ​ហើយ ។…

រាជធានី​ភ្នំពេញ ៖ ករណី​ដុត​កង់​ឡាន ដោយសារ​ជម្លោះ​រវាង​ពលរដ្ឋ និង​ពលរដ្ឋ ទាក់ទិន​រឿង​ច្រក​ចេញចូល​លំនៅ​ឋាន ពេល​នេះ អាជ្ញាធរ​ខណ្ឌ​៧​មក​រា បាន​ជួយ​សម្របសម្រួល​ដោះស្រាយ​ហើយ ។

ករណី​ដុត​កង់​ឡាន​នេះ បាន​បង្ក​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ មាន​បងប្អូន​ពលរដ្ឋ ១៣​នាក់ ដែល​រស់នៅ​អាគារ​ខុន​ដូរ​មួយ​កន្លែង បាន​ប្រមូលផ្តុំ​គ្នា ធ្វើការ​ដុត​សម្បក​កង់​ឡាន នៅ​លើ​ច្រក​ដី​ឡូ​តិ៍ មួយ​កន្លែង កែង​ផ្លូវ​លេខ​១៣៩ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ។

ការ​បង្ក​បាតុភាព​តាម​រយៈ​ការ​ដុត​សម្បក​កង់​ឡាន​នេះ គឺ​ដោយសារ​ពលរដ្ឋ​ទាំង ១៣​នាក់​ខាងលើ ទាមទារ​ឲ្យ​ពលរដ្ឋ​ជា​ម្ចាស់​ដី​ឡូ​តិ៍​មួយ​កន្លែង ដែល​មា​នទី​តាំងនៅ​ខាងក្រោយ​ខុន​ដូរ ដែល​ពួក​គេ​រស់នៅ​នោះ សុំ​ឲ្យ​បើក​ច្រក​នោះ ជា​ផ្លូវ​សាធារណៈ សម្រាប់​ប្រើប្រាស់​ជា​ផលប្រយោជន៍​រួម សម្រាប់​ពលរដ្ឋ​គ្រប់​គ្នា ក៏​ប៉ុន្តែ​ភាគី​ម្ចាស់​ដី​ឡូ​តិ៍ មិន​យល់ព្រម ដោយ​បញ្ជាក់​ថា វា​ជា​កម្មសិទ្ធិឯកជន ពុំ​មែន​ជា​សម្បត្តិ​រដ្ឋ​នោះ​ឡើយ ។

កន្លង​ទៅ ម្ចាស់​ដី​ឡូ​តិ៍ ធ្លាប់​បាន​ជួល​ច្រកចូល​ខាងលើ ឲ្យ​អ្នក​មើល​ការ​ខុស​ត្រូវ​អាគារ​ខុន​ដូរ ដែល​នៅ​ជាប់​ផ្លូវ​នោះ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​សម្រាប់​ការ​ចេញចូល​រស់នៅ​ប្រចាំ​ថ្ងៃ ក៏​ដូច​ជា​ការ​ចត​រថយន្ត​របស់​ពលរដ្ឋ​រស់នៅ​អាគារ​ខុន​ដូរ ជាដើម ក៏​ប៉ុន្តែ​ក្នុង​មួយ​រយៈពេល​ក្រោយ​មកនេះ ដោយ​ម្ចាស់​ដី​ឡូ​តិ៍ ពុំ​ទទួល​បាន​ថវិការ​ថ្លៃ​ជួល ពី​ភាគី​អ្នកគ្រប់គ្រង​ខុន​ដូរ ទើប​ម្ចាស់​ដី​ឡូ​តិ៍ សម្រេច​យក​ច្រក​នោះ មក​គ្រប់គ្រង​ជា​កម្មសិទ្ធិឯកជន​ភាព​ផ្ទាល់ខ្លួន​វិញ ក៏​បង្ក​ឲ្យ​មាន​បាតុភាព កើត​ទុក​មិន​សុខចិត្ត​ពី​បងប្អូន​ពលរដ្ឋ​រស់នៅ​អាគារ​ខុន​ដូរ ដែល​ឧស្សាហ៍​ប្រើប្រាស់​ច្រក​នោះ​តែ​ម្តង​ទៅ ។

ជុំវិញ​បាតុភាព​ដុត​សម្បក​កង់​ឡាន អាជ្ញាធរ​ខណ្ឌ​៧​មក​រា ក៏​បាន​អ​ញ្ចើ​ញ​អ្នក​ពាក់ព័ន្ធ​ទាំង​១៣​នាក់ (​ស្រី​៦​នាក់​) យក​ទៅ​ធ្វើការ​អប់រំ ណែនាំ និង​ធ្វើ​កិច្ចសន្យា ស្នើ​ឲ្យ​បញ្ឈប់​រាល់​សកម្មភាព​ទាំងឡាយ​ណា ដែល​បង្ក​ឲ្យ​មានការ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ និង​សន្តិសុខ​សង្គម​បន្ត​ទៀត ។

អាជ្ញាធរ​ខណ្ឌ​៧​មក​រា បញ្ជាក់​ថា បញ្ហា​ទំនាស់​ច្រក​ដី​ឡូ​តិ៍​នោះ បច្ចុប្បន្ន​ក្រុម​មន្ត្រី​ជំនាញ ទាំង​ថ្នាក់​មន្ទីរ ក៏​ដូច​ជា​ក្រសួង​រៀបចំ​ដែនដី នគរ​រូប​នី​យ៍​កម្ម និង​សំណង់ បាន​និង​កំពុង​ដោះស្រាយ​បញ្ហា​នេះ​យ៉ាង​យកចិត្តទុកដាក់ តាម​ជំនាញ​ហើយ ដូច្នោះ​ហើយ អាជ្ញាធរ​មូលដ្ឋាន​ស្នើ​ឲ្យ​បងប្អូន ដែល​កំពុង​មានការ​កើត​ទុក​មិន​សុខចិត្ត​ខាងលើ សូម​រក្សា​ភាព​ស្ងប់ស្ងៀម និង​រង​ចាំ​ដំណោះស្រាយ​ពី​ថ្នាក់​នាំ​ក្រសួង​ជំនាញ ដើម្បី​ទទួល​បាន​លទ្ធផល​ត្រឹមត្រូវ និង​វិជ្ជមាន សម្រាប់​គ្រប់​ៗ​គ្នា ។

ក្នុង​នាម​រដ្ឋបាល​ខណ្ឌ​៧​មក​រា បញ្ជាក់​ទៀត​ថា អ្វី​ដែល​ជា​សម្បត្តិ​រដ្ឋ នៅ​តែ​ជា​កម្មសិទ្ធិ​រដ្ឋ ពុំ​អនុញ្ញាត​ឲ្យ​បុគ្គល​ណា រំលោភ​បំពាន​នោះ​ឡើយ ក៏​ប៉ុន្តែ​ប្រសិនបើ​សម្បត្តិ​ណា ជា​កម្មសិទ្ធិឯកជន វិញ​នោះ រដ្ឋអំណាច​ត្រូវ​តែ​ថែរក្សា​ជូន​គាត់ ទៅ​តាម​ច្បាប់ បញ្ចៀស​ដាច់ខាត​ពី​ការ​រំលោភ​បំពាន​ពី​ភាគី​ណាមួយ ដែល​ពុំ​មែន​ជា​ម្ចាស់​កម្មសិទ្ធិ ។

បច្ចុប្បន្ន អាជ្ញា​ធរមាន​សមត្ថកិច្ច បាន​អប់រំ និង​ធ្វើ​កិច្ចសន្យា​ទៅ​ដល់​ពលរដ្ឋ​ទាំង ១៣​នាក់​ខាងលើ រួច​អោយ​ត្រឡប់​ទៅ​ផ្ទះ​វិញ ក្នុង​លក្ខខណ្ឌ​បង្ក​បាតុភាព ធ្វើ​អោយ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​ទៀត អាជ្ញាធរ​នឹង​ចាត់​តាម​ការ​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ