រាជធានីភ្នំពេញ ៖ រ៉ឺម៉កម៉ូតូកែច្នៃ ដឹកដែក ១គ្រឿង បើកបរក្នុងល្បឿនលឿនគួរសម ក៏ជ្រុលទៅបុកចំទទឹងខ្លួនរថយន្តសាំយ៉ុង ១គ្រឿង ដែលកំពុងបើកឆ្លងផ្លូវជាតិលេខ៣ បានពាក់កណ្ដាលផ្លូវទៅហើយនោះ ជាហេតុធ្វើឲ្យរថយន្តខាងលើប៉ើងខ្ទាតទៅបោកផ្ទប់ជាមួយម៉ូតូម៉ាកហុងដាស្កូបពី ១គ្រឿងទៀត ដែលជិះដោយនារីម្នាក់ កំពុងឈប់រង់ចាំឆ្លងផ្លូវជាតិលេខ៣ ដែរនោះ បណ្ដាលឲ្យនាងរបួសធ្ងន់ធ្ងរ ។
ឧប្បត្តិហេតុនោះ បានកើតឡើងកាលពីវេលាម៉ោង៤និង២០នាទីរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ នៅលើផ្លូវជាតិលេខ៣ ត្រង់ចំណុចមុខបុរីពិភពថ្មី ស្ថិតនៅក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
បុរសម្នាក់ និយាយប្រាប់ថា នៅមុនពេលកើតហេតុ ខណៈគាត់កំពុងឈប់ម៉ូតូរង់ចាំឆ្លងផ្លូវ ឃ្លាតពីនារីរងគ្រោះចំងាយប្រមាណ១០ម៉ែត្រ គាត់បានឃើញ រ៉ឺម៉កម៉ូតូ កែច្នៃដឹកដែក ១គ្រឿង បើកបរតាមផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនគួរសមដែរ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ក៏បានបុករថយន្ត ១គ្រឿង ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AI-3126 ដែលកំពុង
បើកបរឆ្លងផ្លូវជាតិលេខ៣ ក្នុងទិសដៅពីកើតទៅលិចចំទទឹងខ្លួនខាងស្ដាំពេញទំហឹង ។
បុរសនោះបាននិយាយប្រាប់បន្ថែមទៀតថា ខណៈនោះរថយន្តសាំយ៉ុង ក៏បានខ្ទាតទៅបោកផ្ទប់ជាមួយម៉ូតូម៉ាកហុងដា ស្កូបពី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1LT-4177 ជិះដោយនារីម្នាក់ចេញពីផ្លូវលំ និងឈប់រង់ចាំឆ្លងផ្លូវជាតិលេខ៣ ពីលិចទៅកើត បណ្ដាលឲ្យនាងរងរបួសធ្ងន់។
ក្រោយពេលកើតហេតុក្រុមសង្គ្រោះអង្គភាព៧១១ បានដឹកយកស្ត្រីរងគ្រោះទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ ចំណែករថយន្តសាំយ៉ុង និងរ៉ឺម៉កម៉ូតូដឹកដែក ព្រមទាំងម៉ូតូហុងដាស្កូបពី ត្រូវបាននគរបាលនាំយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ ៕





ចែករំលែកព័តមាននេះ