ទីក្រុងឡាហាវ៉ាន៖ ប្រធានាធិបតីគុយបារិះគន់រដ្ឋាភិបាលរបស់លោកត្រាំ២ចំណុចគឺទី១ការដែលលោកត្រាំអំពាវនាវឱ្យរដ្ឋាភិបាលគុយបាបញ្ចេញកងទ័ពយកមកប្រើប្រាស់ដើម្បីចាត់ការក្រុមជួញដូរគ្រឿងញៀន (ឬកាថែល -cartel) និងទី២មន្ត្រីរដ្ឋាភិបាលរបស់លោកត្រាំឧស្សាហ៍និយាយបោះពាក្យបោះសម្ដីថាជោគវាសនារបស់រដ្ឋាភិបាលគុយបាជិតឈានដល់ទីបញ្ចប់ហើយ ហើយកំពុងរាប់ថយក្រោយជាដើម។

កាលពីថ្ងៃសៅរ៍ លោកត្រាំអនុញ្ញាតឱ្យមេដឹកនាំប្រទេសដប់នៅតំបន់អាមេរិកឡាទីនចូលជួប និងសម្ដែងការគួរសម។ នៅក្នុងឱកាសជួបគ្នានៅរដ្ឋផ្លរីដានោះ លោកត្រាំស្នើឱ្យប្រទេសទាំងនោះបើកប្រតិបត្តិការឱ្យបានទូលំទូលាយដើម្បីបង្ក្រាបក្រុមកាថែលដែលធ្វើសកម្មភាពនៅទូទាំងទ្វីបអាមេរិក។ ឆ្លៀតឱកាសនោះ លោកត្រាំនៅតែនិយាយឡើងវិញពាក់ព័ន្ធនឹងជោគវាសនារបស់រដ្ឋាភិបាលគុយបា។ លោកអះអាងថាគុយបាមិនអាចរស់បានប៉ុន្មានខ្យល់ទៀតទេ មុខតែដួលរលំដោយមិនបាច់ច្រានឆាប់ៗនេះហើយ។

ប្រធានាធិបតីគុយបា លោកមីហ្គែល ឌីយ៉ាស់ ខានែល (Mihuel Diaz-Canel) ចាត់ទុកកិច្ចជំនួបនោះជា «កិច្ចជំនួបរបស់ក្រុមប្រតិកិរិយា និងអាណានិគមបែបថ្មី»។ កាលពីថ្ងៃអាទិត្យ លោកអះអាងថានៅពេលបណ្ដាមេដឹកនាំប្រទេសទាំងនោះចូលរួមកិច្ចប្រជុំ វាមានន័យស្មើនឹងពួកគេត្រៀមទទួលយកសេណារីយោដែលអនុញ្ញាតឱ្យអាមេរិកធ្វើអន្តរាគមន៍យោធាដើម្បីដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ពួកគេ។

នៅក្នុងជំនួបនោះ លោកត្រាំអះអាងថាលោកកំពុងរង់ចាំអ៊ុតសភាពការណ៍នៅគុយបា។ លោកថាមុខជាមានបម្លាស់ប្ដូរដ៏ធំមួយនៅពេលឆាប់ៗនេះនៅគុយបា។ រដ្ឋាភិបាលគុយបាសព្វថ្ងៃកំពុងស្ថិតនៅក្នុងដំណាក់កាលចុងក្រោយហើយ។ ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន លោកត្រាំថាមានតែប្រើប្រាស់កម្លាំងយោធាប៉ុណ្ណោះទើបអាចចាត់ការបញ្ហានេះឱ្យដល់ឫសគល់។ យើងប្រើកម្លាំងយោធារបស់យើង ចំណែកអស់លោកប្រើកម្លាំងយោធារបស់អស់លោក។

ប្រតិកម្មចំពោះបញ្ហានេះ ប្រមុខដឹកនាំគុយបានិយាយពន្លះមួយទំហឹងៗទៅវិញ។ លោកថាកិច្ចជំនួបនេះជាការវាយប្រហារទៅលើ «សេចក្ដីប្រកាសដាក់តំបន់អាមេរិកឡាទីន និងមាត់សមុទ្រការីប៊ីនជាតំបន់សន្តិភាព» ហើយក៏ជាការរំលោភបំណងប្រាថ្នាដែលចង់ឃើញសមាហរណកម្មនៅក្នុងតំបន់ផងដែរ។ ប្រភពខ្លះថានៅក្នុងការជួបគ្នានោះ លោកត្រាំសន្យាជួយជ្រោមជ្រែងប្រទេសទាំងនោះពីក្រោយខ្នង។ លោកថាអាចជួយដល់គ្រាប់មីស៊ីលថែមទៀតផងដើម្បីបង្ក្រាបគ្រឿងញៀន៕ ប្រភព៖ ញូស្វីក (Newsweek), ស៊ីនហួ (Xinhua) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ