រាជធានីភ្នំពេញ ៖ បច្ចុប្បន្នប្លាស្ទិក បានក្លាយជាសម្ភារៈសំខាន់មួយ ដែលមនុស្សប្រើប្រាស់យ៉ាងទូលំទូលាយក្នុងជីវិតប្រចាំថ្ងៃ។ ផលិតផលប្លាស្ទិកដែលប្រើបានតែមួយដង មានជាអាទិ៍ ថង់ ស្លាបព្រា សម ដបទឹក ប្រអប់ដាក់អាហារ ជាប្រភេទប្លាស្ទិកបានដែលផ្តល់ភាពងាយស្រួល និងមានតម្លៃថោកសម្រាប់អ្នកប្រើប្រាស់ ។
ទោះជាយ៉ាងណាក៏ដោយ ការប្រើប្រាស់ប្លាស្ទិកយ៉ាងច្រើនបានបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន សុខភាពមនុស្ស និងសត្វរស់នៅក្នុងធម្មជាតិ។ ដូច្នេះ ការយល់ដឹងអំពីផលប៉ះពាល់នៃការប្រើប្រាស់ផលិតផលប្លាស្ទិកគឺមានសារៈសំខាន់ណាស់ សម្រាប់ការការពារអភិរក្សបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព ។
ការប្រើប្រាស់ផលិតផលប្លាស្ទិកដែលប្រើបានតែមួយដងមិនបានត្រឹមត្រូវ អាចបង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាន និងសង្គម។ ប្លាស្ទិកភាគច្រើនត្រូវបានផលិតពីសារធាតុគីមី ដែលពិបាកបំបែកធាតុវិញនៅក្នុងធម្មជាតិ និងប្លាស្ទិកមួយចំនួនអាចចំណាយពេលរាប់រយឆ្នាំដើម្បីបំបែកធាតុ ឬ រលាយវិញក្នុងធម្មជាតិ។ ដូចនេះ ការបោះចោលសំណល់ប្លាស្ទិកដោយគ្មានការគ្រប់គ្រងត្រឹមត្រូវ អាចនាំឱ្យមានការបំពុលដី ទឹក និងខ្យល់។
ថង់ប្លាស្ទិក និងដបប្លាស្ទិកជាច្រើន ត្រូវបានគេចោលអនាធិបតេយ្យទៅក្នុងទន្លេ សមុទ្រ ឬកន្លែងសាធារណៈ ដែលបង្កឱ្យបរិស្ថានកខ្វក់ និងប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីក្នុងទឹក។
ប្លាស្ទិកអាចបង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងអេកូឡូស៊ី ជាពិសេសសត្វនៅក្នុងទឹកដូចជា ត្រី ពស់ អណ្តើក និងបក្សីសមុទ្រ ដោយសារវាច្រឡំស៊ីសំណល់ប្លាស្ទិកជាអាហារ។ នៅពេលសត្វទាំងនោះស៊ីប្លាស្ទិក វាអាចបណ្តាលឱ្យសត្វឈឺ ឬ ស្លាប់ ព្រោះប្លាស្ទិកមិនអាចរំលាយក្នុងប្រព័ន្ធរំលាយអាហាររបស់សត្វបានទេ។ លើសពីនេះ សត្វខ្លះអាចជាប់ក្នុងថង់ប្លាស្ទិក ឬ ខ្សែប្លាស្ទិក ដែលធ្វើឱ្យពិបាកក្នុងការចលនា និងអាចនាំទៅដល់ការស្លាប់ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ប្លាស្ទិកក៏អាចប៉ះពាល់ដល់សុខភាពមនុស្សផងដែរ ដោយសារ ប្លាស្ទិកផលិតមានលាយសារធាតុគីមីដែលអាចប៉ះពាល់ដល់រាងកាយមនុស្ស ប្រសិនបើប្រើប្រាស់មិនត្រឹមត្រូវ។
ឧទាហរណ៍ ការដាក់ម្ហូបអាហារក្តៅក្នុងប្រអប់ប្លាស្ទិក វាអាចបញ្ចេញនូវសារធាតុពុលចូលទៅក្នុងម្ហូបអាហារ និងចំពោះការដុតសំណល់ប្លាស្ទិក អាចបញ្ចេញនូវសារធាតុពុលចូលទៅក្នុងខ្យល់ ដែលអាចបង្កឱ្យមានផលប៉ះពាល់ដល់សុខភាពដូចជា បញ្ហាជំងឺផ្លូវដង្ហើម ជំងឺរលាកស្បែក និងជំងឺផ្សេងៗ។ បន្ថែមពីនេះ សំណល់ប្លាស្ទិកតូចៗ ឬ មីក្រូប្លាស្ទិក អាចចូលទៅក្នុងខ្សែសង្វាក់អាហារ និងអាចប៉ះពាល់ដល់សុខភាពមនុស្សនៅពេលបរិភោគត្រី ឬ សត្វរស់នៅក្នុងទឹក ជាអាហារ។
ក្រៅពីផលប៉ះពាល់ដល់បរិស្ថាន និងសុខភាព សំណល់ប្លាស្ទិកក៏អាចបង្កឱ្យមានប៉ះពាល់ដល់សង្គម និងសេដ្ឋកិច្ចផងដែរ។ វាអាចប៉ះពាល់ដល់ការទាក់ទាញភ្ញៀវទេសចរ នៅពេលដែលសំណល់ប្លាស្ទិកបោះចោលរាយប៉ាយ នៅតាមដងផ្លូវ តំបន់ទេសចរណ៍ និងក្នុងទីក្រុង។ ជាមួយគ្នាដែរ ចំពោះការប្រមូល និងសម្អាតសំណល់ប្លាស្ទិកដែលរាយប៉ាយ ត្រូវចំណាយពេលនិងថវិកាច្រើន។ ដូចនេះប្រសិនបើគ្មានការគ្រប់គ្រងសំណល់ប្លាស្ទិកឱ្យបានល្អទេ វាអាចបង្កបញ្ហាកាន់តែធ្ងន់ធ្ងរឡើងនាពេលអនាគត។
ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការប្រើប្រាស់ប្លាស្ទិកដែលប្រើបានតែមួយដង យើងគួរចាប់ផ្តើម ពីការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនេះក្នុងជីវិតប្រចាំថ្ងៃ។ យើងអាចប្រើប្រាស់ថង់ក្រណាត់ ជំនួសថង់ប្លាស្ទិក ប្រើដបទឹកដែលអាចប្រើឡើងវិញ ព្រមទាំងសម្ភារៈផ្សេងទៀតដែលជំនួសប្លាស្ទិក និងចូលរួមក្នុងការញែកសំណល់ឱ្យបានត្រឹមត្រូវ និងការកែច្នៃសំណល់។ លើសពីនេះ អាជ្ញាធរមូលដ្ឋាន និងសហគមន៍ គួរធ្វើការផ្សព្វផ្សាយនិងអប់រំអំពីផលប៉ះពាល់នៃការប្រើប្រាស់ផលិតផលប្លាស្ទិក និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមថែរក្សានិងការពារបរិស្ថាន។
សរុបមក ការប្រើប្រាស់ផលិតផលប្លាស្ទិកដែលប្រើបានតែមួយដង គឺមានទាំងអត្ថប្រយោជន៍ និងគុណវិបត្តិ ប៉ុន្តែផលប៉ះពាល់អវិជ្ជមានរបស់វាអាចបង្កបញ្ហាធ្ងន់ធ្ងរដល់បរិស្ថាន សត្វ និងសុខភាពមនុស្ស ប្រសិនបើការគ្រប់គ្រងសំណល់ប្លាស្ទិកនេះមិនបានល្អ។ ដូច្នេះ យើងទាំងអស់គ្នាត្រូវចូលរួមកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិកដែលប្រើបានតែមួយដង និងលើកកម្ពស់ការប្រើប្រាស់ផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថាន ដើម្បីការពារនិងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព និងសុខភាពសាធារណៈសម្រាប់មនុស្សជំនាន់ក្រោយ ៕
ចែករំលែកព័តមាននេះ