ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ប្រាប់​សកម្មភាព​នានា​របស់​ភាគី​ថៃ​លើ​កម្ពុជា ក្នុង​ជំនួប​ចំនួន​២៩​នាទី​ក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ឯកឧត្តម កែវ រ៉េ មី ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ប្រាប់​សកម្មភាព​នានា​របស់​ភាគី​ថៃ មក​លើ​កម្ពុជា​ដោយ​មិន​គោរព​ច្បាប់​អន្តរជាតិ​ក្នុង​ជំនួប​ចំនួន​២៩​នាទី​ក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មានស្តី​ពី​លទ្ធផល​នៃ​បេសកកម្ម​សិទ្ធិ​មនុស្ស…

រាជធានី​ភ្នំពេញ ​៖ ​ឯកឧត្តម កែវ រ៉េ មី ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ប្រាប់​សកម្មភាព​នានា​របស់​ភាគី​ថៃ មក​លើ​កម្ពុជា​ដោយ​មិន​គោរព​ច្បាប់​អន្តរជាតិ​ក្នុង​ជំនួប​ចំនួន​២៩​នាទី​ក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មានស្តី​ពី​លទ្ធផល​នៃ​បេសកកម្ម​សិទ្ធិ​មនុស្ស នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​របស់គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​លើក​ឡើង​ថា​ដោយ​មានការ​យកចិត្តទុកដាក់​ខ្ពស់ និង​តាម​ការ​ចាត់តាំង​របស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម កែវ រ៉េ​មី ទេស​រដ្ឋមន្ត្រី ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​អន្តរ​ស្ថាប័ន​កម្ពុជា ទៅ​បំពេញបេសកកម្ម​សិទ្ធិ​មនុស្ស ចាប់ពី​ថ្ងៃ​ទី​២-៥ ខែមីនា ឆ្នាំ​២០២៦ ក្នុង​សម័យប្រជុំ​លើក​ទី​៦១ នៃ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​ង្គការសហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​។

ក្នុង​បេសកកម្ម​នេះ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​ជួប​ពិភាក្សា​ទ្វេភាគី​ចំនួន ២៩ ជំនួប ជាមួយ ភាគី​សំខាន់​ៗ រួម​មាន​៖​ថ្នាក់ដឹកនាំ​និង តំណាង​អង្គការសហប្រជាជាតិ និង​អង្គការ​អន្តរជាតិ​ដូច​ជា ប្រធាន​ក្រុមប្រឹក្សា សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ ប្រធាន​ការិយាល័យ​ឧត្តមស្នងការ​អង្គការ សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​នៅ​ទីក្រុង​ហ្សឺ​ណែវ និង​គណៈ កម្មាធិការ កាកបាទក្រហម​អន្តរជាតិ (ICRC)​។

បណ្តា​ប្រទេស​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​ដូច​ជា បារាំង សាធារណរដ្ឋ នៃ​ប្រជុំ​កោះ​ម៉ា​សាល់ សាធារណរដ្ឋ​ដូ​មី​នឹក កូរ៉េ​ខាងត្បូង កូ​ឡុំ​ប៊ី អេ​ស្តូ​នី ប្រេ​ស៊ី​ល ជប៉ុន គុយ​បា កូ​វ៉ែត អ៊ី​រ៉ា​ក់ អ៊ី​តា​លី ជាដើម​។ អ្នករាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស (Special Rapporteurs) តាម​វិស័យ​នានា​ដូច​ជា សិទ្ធិ​មាន​លំនៅ​ឋាន​សមរម្យ សិទ្ធិ​វប្បធម៌ និង​សិទ្ធិ​មនុស្ស​របស់​ជន ភៀស សឹកជាដើម​។

នៅ​ក្នុង​ជំនួប​ទាំងនោះ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​អំពី​សកម្មភាព​នានា​របស់​ភាគី​ថៃ ដែល ជា​ការ​រំលោភ​យ៉ាងធ្ងន់ធ្ងរ​លើ​ច្បាប់​អន្តរជាតិ ជា​ពិសេស ច្បាប់​សិទ្ធិ​មនុស្ស និង​ច្បាប់​មនុស្សធម៌​អន្តរជាតិ រួម​មាន​៖

ការ​បិទ​ព្រំដែន​ជា​ឯកតោភាគី​ដោយ​គ្មាន​ការ​ជូនដំណឹង​ជា​មុន​ពី​សំណាក់​យោធា​ថៃ​។​ការ​រើសអើង និង​ការ​ប្រើប្រាស់​អំពើ​ហិង្សា​លើ​ពលករ​ទេស​ន្ត​ប្រវេសន៍​កម្ពុជា​។​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​ផ្លូវភេទ​លើ​ស្ត្រី​ពលករ​កម្ពុជា​ពី​សំណាក់​កងទ័ព​ថៃ​។

ការ​ប្រើប្រាស់​សំឡេង​មាន​ជេ​ស៊ី​បែ​ល​ខ្ពស់ សំឡេង​ខ្មោច សំឡេង​យន្តហោះ ដើម្បី​រំខាន​ដល់​ផ្លូវចិត្ត ប្រជាជន​នៅ​តាម​ព្រំដែន​។ ការ​វាយប្រហារ​ដោយ​មិន​រើស​គោលដៅ​ដោយ​ប្រើប្រាស់​អាវុធ​ធុន​ធ្ងន់ គ្រាប់បែក​ចង្កោម ផ្សែង​ពុល និង​យន្តហោះ​ចម្បាំង​ប្រភេទ F-16, Gripen និង T-50 បណ្តាល​ឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​ឯកជន និង​សាធារណៈ រួម​ទាំង​ប្រាសាទព្រះវិហារ​ដែល​ជា​បេតិកភណ្ឌ​ពិភពលោក​។

លើស​ពី​នេះ​ការ​ព្យាយាម​បង្កើត​តថភាព​ថ្មី​នៅ​នឹង​កន្លែង (Falt Accompli) តាម​រយៈ​ការ​ដាក់​ពង្រាយ​លួស​បន្លា ដាក់​ទូ​កុងតឺន័រ ឈូស​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ ហើយ​ដាក់​ឈ្មោះ​ផ្លូវ​ថ្មី​ក្នុង​តំបន់​ឈ្លានពាន​និង​បន្ត កាន់កាប់​ដោយ​ខុសច្បាប់ ព្រមទាំង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី ដែល​ធ្វើ​ឱ្យ​ជនភៀសសឹក​ប្រមាណ ៨០ ០០០ នាក់ មិន​អាច​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​បាន​ដោយ​សុវត្ថិភាព​។

ជា​ការ​ឆ្លើយ​តប ភាគី​ពាក់ព័ន្ធ​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល និង​សន្យា​ថា​នឹង​រាយការណ៍​ជូន​រដ្ឋាភិ
បាល រៀង​ៗ​ខ្លួន អំពី​ព័ត៌មាន​ដ៏​សំខាន់​នេះ​។ ទន្ទឹម​នេះ ភាគី​ទាំងអស់​ក៏​បាន​ផ្តល់​យោបល់ និង​បទ​ពិសោធ​ន៍​ល្អ​ៗ ផ្សេង​ៗ​គ្នា​ជា​ច្រើន ដែល​ជា​គន្លឹះ​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ស្រប​តាម​ច្បាប់​អន្តរជាតិ ច្បាប់ សិទ្ធិ​មនុស្ស និង​ច្បាប់​មនុស្សធម៌​អន្តរជាតិ ព្រមទាំង​ដើម្បី​ធានា​ដល់​ការ​គោរព​អធិបតេយ្យភាព និង បូរណភាព​ទឹកដី​របស់​គ្នា​ទៅ​វិញ​ទៅ​មក ការ​បន្ត​ការ​ពិភាក្សា​តាម​យន្តការ​ទ្វេភាគី និង​ពហុភាគី​ដែល​មាន​ស្រាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ