រាជធានីភ្នំពេញ ៖ អគ្គនាយកទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) បានចាត់ទុកការបោសសម្អាតមីន ជាគ្រឹះសំខាន់ សម្រាប់ការកសាងសន្តិភាព ចីរភាព ការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់គុណភាពជីវភាពប្រជាពលរដ្ឋកម្ពុជា ឱ្យកាន់តែប្រសើរ ។
ការលើកឡើងរបស់អគ្គនាយកទីភ្នាក់ងារ JICA នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ ខណៈពេល ឯកឧត្តម ហេង រតនាអគ្គនាយកស៊ីម៉ាក់កម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច និងពិភាក្សាការងារជាមួយ លោក HIDEHARU Tachibana អគ្គនាយកទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) មកក្រុងតូក្យូ និងសហការី ដើម្បីបំពេញទស្សនកិច្ចស្វែងយល់ពីវិស័យសកម្មភាពកំចាត់មីននៅកម្ពុជា ជាពិសេស សកម្មភាពបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាព CMAC នៃគម្រោងនានា ដែលជាជំនួយឥតសំណងរបស់ប្រទេសជប៉ុន ។
ឯកឧត្តម ហេង រតនា បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះ JICA ដែលបានផ្តល់ការគាំទ្រ ក្នុងការជួយលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ កំណើនសេដ្ឋកិច្ច ការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ជាពិសេសក្នុងវិស័យសកម្មភាពមីន ។
ឯកឧត្តម បានបញ្ជាក់ថា ៖ “ខ្ញុំមានសង្ឃឹមយ៉ាងមុតមាំថា ការចូលរួមចំណែករបស់ប្រទេសជប៉ុន នឹងផ្តល់គុណតម្លៃជាសាកល និងរយៈពេលវែង តាមរយៈកម្មវិធីបណ្តុះបណ្តាលវិស័យសកម្មភាពមីន ដល់អន្តរជាតិ ការចែករំលែកបទពិសោធន៍ក្នុងវិស័យកំចាត់មីន នៅវិទ្យស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ព្រមទាំងការតាំងបង្ហាញអំពីសារសន្តិភាពនៅសារមន្ទីរ ដែលជាជំនួយរបស់ប្រទេសជប៉ុន ទៅដល់មហាជនទូទាំងពិភពលោក” ។
ជាការឆ្លើយតប លោក HIDEHARU Tachibana បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គភាពស៊ីម៉ាក់ ដែលជាអង្គភាពឈានមុខគេ លើការងារបោសសម្អាតមីននៅកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់អង្គភាព CMAC ក្នុងការបំផ្លាញគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ដើម្បីសង្គ្រោះជីវិតមនុស្ស និងផ្តល់ដីសុវត្ថិភាពសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ។
លោក HIDEHARU Tachibana ក៏បានលើកឡើងពីការបន្តការគាំទ្រយ៉ាងពេញទំហឹងរបស់ JICA ក្នុងការសហការជាមួយអង្គភាពCMAC ក្នុងវិស័យបោសសម្អាតមីន និងបន្តជួយគាំទ្រការអភិវឌ្ឍបច្ចេកទេសបោសសម្អាតមីន រួមជាមួយបច្ចេកវិទ្យាថ្មីៗបន្ថែមទៀត។
ជាពិសេសការពង្រឹងកិច្ចសហការហ្វឹកហ្វឺនផ្លាស់ប្តូរបទពិសោធន៍រវាងប្រទេសក្នុងតំបន់ក្នុងនោះមានប្រទេសទីម័រឡេស្តេ ដែលជាសមាជិកទី១១របស់អាស៊ានថ្មី បណ្តាប្រទេសអាហ្វិក និងការជំរុញអភិវឌ្ឍន៍បច្ចេកវិទ្យាសម្ភារបច្ចេកទេសដោះមីនថ្មីៗទៀត ។
សូមជម្រាបថា លោក HIDEHARU Tachibana និងគណៈប្រតិភូ ក៏អញ្ជើញទៅទស្សនកិច្ចនៅសារមន្ទីរតេជោសន្តិភាព ខេត្តសៀមរាប ទស្សនាកិច្ចប្រតិបត្តិការចម្ការមីននៅស្រុកសំទ្បូត ខេត្តបាត់ដំបង មណ្ឌលអភិវឌ្ឍមរតកតេជោ និងវិទ្យាស្ថានបច្ចេកទេសសកម្មភាពកម្ចាត់មីន មណ្ឌលសុនខនៅខេត្តកំពង់ឆ្នាំផងដែរ ។
ក្នុងដំណើរទស្សនកិច្ចនេះ លោក HIDEHARU Tachibana មានការចាប់អារម្មណ៍ជាខ្លាំងអំពីដំណើរការនៃការអភិវឌ្ឍរបស់អង្គភាពស៊ីម៉ាក់ ក្នុងគម្រោងអភិវឌ្ឍន៍និងហ្វឹកហ្វឺនកសិកម្មក្រោយការបោសសម្អាតមីន ដែលលោកចាត់ទុកថា ជាគ្រឹះសំខាន់សម្រាប់ការកសាងសន្តិភាពចីរភាព ការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់គុណភាពជីវភាពប្រជាពលរដ្ឋកម្ពុជាឱ្យកាន់តែប្រសើរ ៕





ចែករំលែកព័តមាននេះ