អនុប្រធានអាជ្ញាធរមីន ដឹកនាំគណៈប្រតិភូអន្តរជាតិ ចុះពិនិត្យមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទា
ខេត្តពោធិ៍សាត់ ៖ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១…
ខេត្តពោធិ៍សាត់ ៖ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១…
ខេត្តពោធិ៍សាត់ ៖ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំគណៈប្រតិភូគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដូចជាកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) តំណាងស្ថានទូតអូស្ត្រាលី សាធារណរដ្ឋកូរ៉េ ណូវែលហ្សឺឡង់ ស្ថានទូតជប៉ុន និងលុចសំបួ ចុះពិនិត្យសកម្មភាពរបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាភូមិភាគបាត់ដំបង ក្នុងការផ្តល់សេវាដល់ជនមានពិការភាព ស្ថិតក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។
តាមការផ្ដល់ព័ត៌មានពីលោក សាន សុវណ្ណ មន្ត្រីចុះសហគមន៍ នៃមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទាខេត្តបាត់ដំបង បានឲ្យដឹងថា ក្រុមការងារចល័តរបស់មជ្ឈមណ្ឌល បានមកធ្វើការជួសជុលអវៈយវៈសិប្បនិមិត្ត ដៃ ជើង រណប គ្រឿងជំនួយឈើច្រត់ រទេះរុញ ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅឃុំតាលោ ស្រុកតាលោសែនជ័យ, វត្តធម្មយុត្ត ឃុំត្រពាំងជង ស្រុកបាកាន, វត្តក្ដីឧត្តមហៅវត្តក្ដីឈ្វិត ឃុំស្រែស្ដុក ស្រុកកណ្ដៀង, និងវត្តសុខសាមគ្គី ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា បានផ្តល់សេវាកម្មប្រកបដោយមនុស្សធម៌ ដើម្បីជួយដល់ជនរងគ្រោះដោយសារមីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ (ស.ផ.ស) និងជនមានពិការភាពទូទៅ ឱ្យមានលទ្ធភាពរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតឡើងវិញ ។
ជនមានពិការភាពចំនួន៨៧នាក់ ក្នុងឃុំស្រែស្តុក និងឃុំរាំងទិល ស្រុកកណ្តៀង បានទទួលសេវាពីមណ្ឌលស្តារ ក្នុងនោះរួមមានការផ្តល់នូវឧបករណ៍ជំនួយកាយសម្បទា រួមមាន ការផលិតអវៈយវៈសិប្បនិម្មិត និងគ្រឿងរណប ព្រមទាំង ការជួសជុល ផ្លាស់ប្តូរ និងផ្តល់អវៈយវៈសិប្បនិម្មិត និងគ្រឿងរណបថ្មី ផងដែរ ។
ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណដល់មណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ចំពោះការរួមចំណែកក្នុងការផ្តល់សេវា និងថែទាំដល់ជនមានពិការភាព ទាំងផ្លូវកាយនិងផ្លូវចិត្ត ។
ឯកឧត្ដម លី ធុជ ក៏បានថ្លែងអំណរគុណដល់ម្ចាស់ជំនួយដែលតែងតែយកចិត្តទុកដាក់ និងឧបត្ថម្ភគាំទ្រដល់ការស្តារឡើងវិញ នូវកាយសម្បទាជនមានពិការភាព ជាពិសេសរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជននៅមូលដ្ឋាន ។
ឯកឧត្តមទេសរដ្ឋមន្ត្រីមានប្រសាសន៍ថា ទាំងនេះគឺជាការយកចិត្តទុកដាក់ដ៍ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដែលមានកិច្ចសហការល្អជាមួយម្ចាស់ជំនួយ ចំពោះបងប្អូនជាជនពិការភាព ក្នុងការលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីការពារបូរណៈភាពទឹកដី និងអាយុជីវិតប្រជាជនយើងទូទាំងប្រទេស កន្លងមកនេះ ៕











ចែករំលែកព័តមាននេះ